ជប៉ុន​បាន​បណ្តាក់​ទុនវិនិយោគ​ជិត ៣០០០លាន​ដុល្លារ​នៅ​កម្ពុជា

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ចុះបញ្ជី​គម្រោង​វិនិយោគ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន​ចំនួន ១៤៤គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ២.៧៩ពាន់​លាន​ដុល្លារ​អាមេរិក។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស្ដីពី​កិច្ចប្រជុំ​លើក​ទី២១ នៃ​គណៈកម្មាធិការ ចម្រុះ​កម្ពុជា-ជប៉ុន នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​បានឱ្យដឹងថា គម្រោង​វិនិយោគ​ជប៉ុន ទាំង១៤៤ខាងលើនេះ ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៦៦គម្រោង បាន​បោះទីតាំង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ៣ ៤០លាន​ដុល្លារ​អាមេរិក។

ក្នុងចំណោម​គម្រោង​វិនិយោគធំៗរបស់​ជប៉ុន​នៅ​កម្ពុជា មាន​គម្រោង​វិនិយោគ​ដែល​លេចធ្លោ​រួមមាន​គម្រោង​ផ្សារ​ទំនើប AEON គម្រោង​វិនិយោគ​មន្ទីរ​ពេ​ទ្រ សាន់​រាយ​ស៍ គម្រោង​វិនិយោគ Arakawa និង​គម្រោង​វិនិយោគ​ជាច្រើន​ផ្សេងទៀត ដែល​បានផ្តល់​ឱកាស​ការងារ​ធ្វើ​ដល់​ពល​រាប់ពាន់​កន្លែង ។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​សហគមន៍​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ដែលជា​និច្ចកាល​បាន​បន្ត​ជំរុញ​សកម្មភាព​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ឲ្យ​មាន​សកម្ម​ភាពរស់រវើក ទោះបី​មានការ​រំខាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ក៏ដោយ។

លោក​ថា នេះ​ជា​សក្ខីភាព​មួយ ដែល​អ្នកវិនិយោគ​ជប៉ុន​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត បន្ត​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា និង​ផ្តល់​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​កោតស្ញប់ស្ញែង​ចំពោះ​ការដឹកនាំ ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​បញ្ញាញាណ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ទប់ទល់​នឹង​ការ​ញាំញី នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ដោយ​រក្សាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។

លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល និង​ចាត់វិធានការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here