ដោយ៖ ប៊ី
ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន សម្រេចបានទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ខណៈទំហំពាណិជ្ជកម្មនេះនៅតែមានការកើនឡើង ធៀបនឹងឆ្នាំ២០១៩ បើទោះបីជាមានវិបត្តិកូវីដ១៩ ដែលធ្វើឱ្យមានការរឹតបន្តឹងលើការធ្វើដំណើរតាមច្រកព្រំដែនក៏ដោយ។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានមានទំហំទឹចំនួន ១១,៣៣ពាន់លានដុល្លារ កើនឡើង ២២,៤២ភាគរយ ធៀបនឹង ៩,២៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យចុងក្រោយបានពីក្រសួងពាណិជ្ជកម្មកម្ពុជា។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៣,៧២ពាន់លានដុល្លារ កើនឡើង ១៨៦ភាគរយ ខណៈដែលការនាំចូលរបស់ពីកម្ពុជា មានទំហំទឹកប្រាក់ ៧,៦០ពាន់លានដុល្លារ ធ្លាក់ចុះ៤,៣៣ភាគរយ។
បើទោះបីជាទិន្នន័យបង្ហាញថា ពាណិជ្ជកម្មនៅតំបន់អាស៊ាននៅតែមានកំណើន ប៉ុន្តែសេដ្ឋកិច្ចក្នុងតំបន់នេះ មានការថមថយ ដោយសារវិបត្តិកូវីដ១៩ ដែលបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះ។
អាស៊ាន កាលពីចុងឆ្នាំមុន បង្ហាញគោលដៅរួមគ្នា ក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័ន ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ការស្តារ និងងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច។
ការបង្ហាញគោលដៅរួមគ្នានេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានចាប់ផ្តើមដំណើរការកិច្ចប្រជុំ កាលចុងឆ្នាំមុន តាមរយៈប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្តោតការពិភាក្សា ទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការកំណត់ទិសដៅបន្ទាប់ក្នុងការស្តារ និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះត្រូវបញ្ចប់៕