កម្ពុជា-ជប៉ុនជ្រើសរើសយករាជធានី ខេត្តចំនួន៣នៅកម្ពុជាសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃអាស៊ាន

0

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ជប៉ុន បានសម្រេចជ្រើសរើសយកតំបន់ចំនួន៣ក ចូលក្នុងបណ្ដា​ញទីក្រុងឆ្លាតវៃអាស៊ាន ក្នុងនោះមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ។ នេះបើតាមប្រសាសន៍លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ថ្លែងនៅក្នុងវេទិការដ្ឋ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានរស់នៅល្អ ធានាគុណភាព សុវត្ថិភាព សោភណភាព សុខុមាលភាព និងប្រសិទ្ធភាពសង្គម-សេដ្ឋកិច្ច តាមគោលការណ៍ទីក្រុងឆ្លាតវៃ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ផ្សារភ្ជាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុង ជាមួយការអភិវឌ្ឍនគរូបនីយកម្ម ។

ជាក់ស្តែង ប្លង់គោលប្រើប្រាស់ដីនិងផែនការរៀបចំដែនដី ថ្នាក់រាជធានីខេត្ត សម្រេ​ចបាន៣រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន សម្រេចបាន១៧ និងថ្នាក់ឃុំសង្កាត់ សម្រេចបាន៨៧ ។

លោកជា សុផារ៉ាបានបបន្ថែមថា វេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” រៀបចំឡើងក្នុងគោលបំណង បន្តជំរុញបង្កើតឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជាស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ ។

លោកបន្តថា “ការរៀបចំវេទិការដ្ឋ-ឯកជនលើកទី២នេះ បានបង្ហាញនូវការបន្តជឿជា​ក់របស់អ្នកវិនិយោគជប៉ុន លើសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ វេទិកានេះនឹងកាន់តែពង្រឹងបាននូវសាមគ្គីភាពនិងមិត្តភាពនៃប្រជាជាតិយើងទាំងពីរកម្ពុជា-ជប៉ុន”។

លោកជា សុផារ៉ាបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ២០ឆ្នាំ (២០០០-២០២០) មានប្រមាណ ៦០ ៨៧២លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here