ដោយគង់ សូរិយា
កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានឲ្យដឹងថា កក្រុមហ៊ុនក្នុងស្រុកមួយបាន និងកំពុងរៀបចំគំរោងវិនិយោគវារីវប្បកម្ម និងតំបន់ទេសចរណ៍ធម្មជាតិមួយក្នុងខេត្តនេះ។
ក្រុមហ៊ុនដែលទទួលបានគំរោងវិនិយោគនោះ គឺក្រុមហ៊ុនផារ័ត្នរតនៈ ដែលនឹងសាងសង់គម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីជាង៧ ហិចតា នៅទំនប់ចកបឹងធំ ក្នុងភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ។
តាមការឲ្យដឹងពីថ្នាក់ដឹកនាំក្រុមហ៊ុននេះបានឲ្យដឹងថា គម្រោងមួយនេះ នឹងត្រូវចែកចេញជា ៤ផ្នែក ដោយផ្នែកសំខាន់ៗចំនួន៣ ទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជម្រុញការផលិតពូជត្រី ការបង្កើតទីតាំងចញ្ចឹមត្រី ដែលមានស្ដង់ដា និងការសាងសង់មន្ទីរពិសោធន៍ អគាររដ្ឋបាល ក៏ដូចជារោងចក្រផលិតចំណីត្រី។ចំណែកផ្នែកទី៤ គឺដើម្បីជំរុញវិស័យទេសចរណ៍ ដោយនឹងសាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសួនផ្កាត្រូពិចបែបប្លែកថ្មីក្នុងតំបន់។
ជាមួយគ្នានេះ លោកឧកញ៉ា ពាង ផារ័ត្ន តំណាងក្រុមហ៊ុនផារ័ត្នរតនៈ បានឱ្យដឹងថា គម្រោងនេះនឹងជួយកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាន មកធ្វើវារីវប្បកម្មបែបទំនើបវិញ។
លើសពីនេះ គម្រោងក៏នឹងជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាកសិករក្នុងតំបន់ តាមរយៈការប្រមូលទិញផលិតផល ដែលប្រជាពលរដ្ឋរកបានផងដែរ។ទោះជាយ៉ាងណាលោកឧកញ៉ា មិនបញ្ជាក់ឲ្យដឹងពីទំហំទុនវិនិយោគ និងការបញ្ចប់គំរោងនេះនៅពេលណានៅឡើយទេ៕ ប្រភព Construction-property.com៕