អ្នកជំនាញ​អន្តរជាតិ៖ យុទ្ធសាស្ត្រ​ការទូត​ផ្តោតលើ​សេដ្ឋកិច្ច​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា

0

ដោយៈ សាវុធ

ភ្នំពេញៈ ការទូត​សេដ្ឋកិច្ច​អាច​ផ្ដល់​ប្រយោជន៍ ចម្បង​ចំនួន​បី​សម្រាប់​កម្ពុជា ដោយ​ជំរុញ​ឲ្យ​កម្ពុជា លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​បណ្ដា​ប្រទេសផ្សេងៗ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្ពស់ និង​ធ្វើ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ ក្នុងការ​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) លោក​សុវណ្ណ ពិសី​រតនៈ​បាន​ថ្លែង​នៅក្នុង​កម្មវិធី AVI VOICE កាលពីដើម​សប្តាហ៍​នេះ​ថា នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​មួយចំនួន ដែល​បង្កឡើង​ដោយ​ការរីក​រាលដាល នៃ​ជម្ងឺ​រាតត្បាត​សាកល​កូ​វីដ១៩ ឥទ្ធិពល នៃ​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច ផលប៉ះពាល់​នៃ​សភាពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក និង​ចិន រួមទាំង​ការដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​សហភាព​អឺរ៉ុប ការដាក់ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​របស់​រដ្ឋាភិបាល “ការទូត​សេដ្ឋកិច្ច” អាច​ផ្ដល់​ប្រយោជន៍​ចំបង​ចំនួន​បី​សម្រាប់​កម្ពុជា។

លោក​បាន​ថ្លែងថា អត្ថប្រយោជន៍​ទី ១ គឺ​ការទូត​សេដ្ឋកិច្ច នឹង​ជំរុញ​ឲ្យ​កម្ពុជា​លើកកម្ពស់ ទំនាក់ទំនង​សេដ្ឋកិច្ចកម្ពុជា ជាមួយ​បណ្ដា​ប្រទេសផ្សេងៗ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្ពស់ ដូចដែល​យើង​បានដឹងហើយថា កាលពី​ខែតុលា​ឆ្នាំ២០២០កន្លងទៅ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន ដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុង​ការលក់​ផលិតផល​លើ​ទីផ្សារ ក៏ដូចជា កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​និង​សហភាព​អ៊ឺរ៉ុប។

កិច្ចព្រមព្រៀង​នេះ អាច​នឹង​ផ្ដល់នូវ​កាលានុវត្តភាព​ជាច្រើន តាមរយៈ​ការពង្រីក​ទីផ្សារ​ផលិតផល​ខ្មែរ ឆ្ពោះទៅកាន់​ទីផ្សារ​របស់​ចិន ដែលជា​ទីផ្សារ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ជាពិសេស​គឺ​ផលិតផល​កសិកម្ម​និង​ជលផល​របស់​កម្ពុជា។

ក្រៅពី​ប្រទេស​ចិន កាលពីពេលថ្មីៗនេះ កម្ពុជា​ក៏​បាននិងកំពុង​សិក្សា​ពី​លទ្ធភាព ដើម្បី​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី និង​ពហុភាគី​បន្ថែមទៀត ជាមួយនឹង​ប្រទេស​កូរ៉េខាងត្បូង ចក្រភព​អង់គ្លេស ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី​និង​សហភាព​សេដ្ឋកិច្ច​អ៊ឺរ៉ុប​អាស៊ី។

ប្រសិនបើ​សម្រេចបាន​កិច្ចព្រមព្រៀង​ទាំងនេះ អាច​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ព្រមទាំង​បង្កើតអោយមាន​ទំនើបកម្ម​ឧស្សាហកម្ម នៃ​ផលិតកម្ម​របស់​កម្ពុជា​ផងដែរ។ ការទូត​សេដ្ឋកិច្ច​នេះ ក៏​អាច​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​នានា មក​ដាក់​ទីតាំង​ផលិត​នៅ​កម្ពុជា​បន្ថែមទៀត។

លោក​សុវណ្ណ ពិសី​រតនៈ​ថ្លែងបន្តថា អត្ថប្រយោជន៍​ទី ២ គឺ​ការទូត​សេដ្ឋកិច្ច នឹង​ជួយ​លើកស្ទួយ​មុខមាត់ ក៏ដូចជា​កេ​រ្ត៍​ឈ្មោះ​កម្ពុជា​ជាស​កល ការទូត​សេដ្ឋកិច្ច​នឹង​ជំ​រុញអោយ​កម្ពុជា ផលិត​ព្រមទាំង​នាំចេញ​ម៉ាក​ផលិតផល​របស់​ខ្មែរ ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន។

ជាក់ស្ដែង ផលិតផល​ម្រេច​កំពត ដែល​ត្រូវបាន​សហភាព​អ៊ឺរ៉ុប ទទួលស្គាល់ថា​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា ព្រមទាំង​ផលិតផលថ្មីៗរបស់​ខ្មែរ​យើងផ្សេងៗទៀត នឹង​ត្រូវបាន​ផ្សព្វផ្សាយ​លក់​កាន់តែ​ទូលំទូលាយ នៅលើ​ទីផ្សារ​អន្តរជាតិ។

លើសពីនេះទៅទៀត កម្ពុជា​អាច​លើកស្ទួយ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​យើង​តាមរយៈ​សកម្មភាព​ការទូត​សេដ្ឋកិច្ច​នេះ​ផងដែរ ជា​ឧទាហរណ៍ ការផ្សព្វផ្សាយ​អំពី​ម្ហូប​ល្បី​របស់​ខ្មែរ ក៏ដូចជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួមមាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទព្រះវិហារ និង​កាន់តែ​ទទួលបាន​កិត្យានុភាព​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ។

អត្ថប្រយោជន៍​ទី៣ ការទូត​សេដ្ឋកិច្ច នឹង​ជួយ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយជា​ប្រទេស ដែលមាន​ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

នៅក្នុង​ឆ្នាំ២០១៥ កម្ពុជា​បានក្លាយ​ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​ហើយ​បើ​យើង​ក្រឡេក ទៅ​មើល​ប្រាក់ចំណូល​ជាតិ​សរុប ក្នុង​មនុស្ស​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៩៨ មាន​ត្រឹមតែ$២៩០សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ​បាន​កើន​មកដល់​ប្រមាណ $១៤០០នៅក្នុង​ឆ្នាំ២០១៨ ។

ជាមួយនឹង​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច កម្ពុជា​នឹង​អនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ រួមទាំង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​អាចជួយ​ធានា​នូវ​កំណើនសេដ្ឋកិច្ច​សមភាព និង​វិបុលភាព​របស់​កម្ពុជា។ កត្តា​ទាំងនេះហើយ ដែល​ចូលរួម​ជំរុញ​ឲ្យ​យើង​សម្រេចបាន​នូវ​ចក្ខុវិស័យ ដែល​បាន​កំណត់ទុក គឺ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ២០៣០ និង​ប្រាក់ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here