ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកវិនិយោគភាគច្រើន ពិសេសអ្នកវិនិយោគផ្នែកដីធ្លី តែងតែលោភលន់ ដោយមិនលក់អចលនទ្រព្យរបសខ្លូននោះទេ នៅពេលវាកំពុងមានតម្លៃកើនឡើងខ្ពស់ ដែលការសម្រេចចិត្តបែបនេះ មានចំណុចល្អ និងប្រឈមនឹងហានិភ័យខ្ពស់ផងដែរ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាអ្នកវិនិយោគអចលនទ្រព្យមួយរូប ដែលធ្លាប់មានបទពិសោធន៍ជាប់គាំង លើការទិញលក់អចលនទ្រព្យមួយចំនួន បានលើកយកបទពិសោធន៍ និងទស្សនរបស់ខ្លួនលើចំណុច ដែលគួរវិភាគពិចារណាចំនួន៤ចំណុចយកមកចែករំលែក ដែលចំណុចទាំងនោះរួមមាន។
ឡើងថ្លៃសមល្មម
តាមធម្មតាតម្លៃដីធ្លី ឬអចលនទ្រព្យដទៃទៀត តែងតែឡើងថ្លៃនៅពេលកាលៈទេសៈមកដល់ ប៉ុន្តែវាមិនឡើងថ្លៃរហូតនោះទេ ហេតុនេះអ្នកវិនិយោគគួរតែដោះដូរដីរបស់ខ្លួន ប្រសិនជាទទួលបានផលចំណេញ ចាប់ពី៥០ភាគរយឡើងទៅ។ នៅពេលអ្នកលក់ដី នោះភ្លាម អ្នកនឹងចំណេញ ហើយសប្បាយចិត្ត ប៉ុន្តែសូមយកទុននោះទៅទិញដីបន្ថែមនៅទីតាំងល្អ មានសក្តានុពលចំណេញខ្ពស់។
នៅពេលការទិញលក់ញឹកញាប់កើតឡើង អ្នកអាចសល់ដី២ទៅ៣កន្លែង និងកើនឡើងបន្ថែមទៀត ដែលធ្វើឲ្យអចលនទ្រព្យរបស់អ្នក កាន់តែទទួលបានផលចំណេញ និងមានទីតាំងច្រើន លើសពីពីរកន្លែង។ អ្នកអាចលក់ចេញ១ ដើម្បីយកលុយមកចាយ ដើរលេងសប្បាយផងដែរ ដែលនេះជាវិធីសាស្ត្រផ្តល់កំលាំងចិត្តដល់ខ្លួនឯង ហើយរិះរកទុន យកមកវិនិយោគបន្ថែមទៀត។
កាលៈទេសៈមកដល់
តាមធម្មតានៅពេលរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវនៅតំបន់ណាមួយ ដីតំបន់នោះតែងតែកញ្ជ្រោលឡើងថ្លៃខ្ពស់ ប៉ុន្តែតម្លៃរបស់វានៅពេលសាងសង់ផ្លូវរួចអាចនៅទ្រឹង ឬធ្លាក់ចុះបន្តិចមកវិញ បើសិនជាសកម្មភាពសេដ្ឋកិច្ចតំបន់នោះមិនសូវដំណើរការល្អ។
ឧទាហរណ៍ ដីនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានឡើងថ្លៃ ប៉ុន្តែក្រោយមកបានធ្លាក់ចុះមកវិញ ដោយសារតែផ្លូវនេះធ្វើរួចនឹងមានការសាងសង់របង សងខាង មិនអាចឲ្យគោ ក្របី ឬអ្នកដំណើរឆ្លងកាត់បាន ដែលបង្កការកកស្ទះចរាចរណ៍។
បញ្ហាការសាងសង់ស្ពានអាកាស ក៏បានធ្វើឲ្យតម្លៃផ្ទះ និងដីធ្លីជាប់នឹងស្ពានធ្លាក់ថ្លៃផងដែរ ដោយសារមិនមានចរាចរណ៍ងាយស្រួល ឆ្លងកាត់ ដែលបច្ចុប្បន្នយើងឃើញមានឧទាហរណ៍ស្រាប់។
ពេលសេដ្ឋកិច្ចងើបឡើងខ្ពស់
តាមធម្មតាសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា សេដ្ឋកិច្ចបណ្តាប្រទេសផ្សេងៗទៀត តែងតែកើនឡើងខ្ពស់ ប៉ុន្តែក៏មានរយៈពេលកំណត់ផងដែរ។ ពេលសេដ្ឋកិច្ចកើនឡើងខ្ពស់រយៈពេល៥ទៅ៧ឆ្នាំជាប់គ្នា វាជាពេលដែលធ្វើឲ្យតម្លៃដីធ្លីលំនៅដ្ឋានរបស់អ្នក កើនឡើង ដែលនេះវាជាពេលវេលាល្អបំផុត ដែលលោក អ្នកគួរបញ្ចេញឬលក់ចេញនូវអចលនទ្រព្យរបស់អ្នក ដើម្បីយកទៅវិនិយោគនៅតំបន់ដទៃទៀត។
ប្រសិនជាសេដ្ឋកិច្ចកើនឡើង៣ ទៅ៤ឆ្នាំជាប់គ្នា វាជាពេលវេលាដ៏ល្អ ដែលអ្នកគួរលក់ដីធ្លីឬអចលនទ្រព្យរបស់អ្នក ដើម្បីលោក អ្នកអាចដកលុយទុកខ្លះ និងយកទៅវិនិយោគលើគំរោងអ្វីមួយផ្សេង ឬយកទៅវិនិយោគលើអចលនទ្រព្យដដែល តាមធនធាននិងអ្វីដែលលោក អ្នកចង់បាន។
ជិតដល់វដ្តនៃវិបត្តិសេដ្ឋកិច្ច
វាជាចំណុចពិសេស ដែលអ្នកបានរៀនសូត្រ និងដឹងបណ្តើរៗហើយថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ រៀងរាល់១០ឆ្នាំម្តង ដូចជា វិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ២០០៨ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ នៅឆ្នាំ២០២០ជាដើម។
តាមពិតវិបត្តិនេះ មិនមែនកើតឡើងដោយខ្លួនឯងនោះទេ តែវាជាការបង្កឡើងដោយប្រទេសមហាអំណាចធំៗលើពិភពលោក ដើម្បីកុំឲ្យសេដ្ឋកិច្ចរបស់ប្រទេសទើបងើបឡើង មានកំនើនខ្ពស់ពេក ឬវាជាហ្គេមមួយរបស់មហាអំណាច ដើម្បីប្រជែងឥទ្ឋិពលគ្នាលើពិភពលោក។
ហេតុនេះ បើដឹងដូច្នេះ តើលោក អ្នកគួរតែលក់អចលនទ្រព្យរបស់អ្នកឬទេ? នៅពេលវដ្តនៃវិបត្តិសេដ្ឋកិច្ចជិតចូលមកដល់?៕