ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ ដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ។ សេចក្តីព្រាងនេះ នឹងត្រូវបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គនីតិបញ្ញត្តិពិនិត្យពិភាក្សា។
គេរំពឹងថា ច្បាប់នេះអាចនឹងចូលជាធរមាន នៅដំណាច់ឆមាសទី១ នៃឆ្នាំ២០២១ នេះ ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនភាពអាចព្យាករបាន និងជំរុញយន្តការលើកទឹកចិត្ត ដែលមានលក្ខណៈកាន់តែអំណោយផល បន្ថែមលើអ្វីដែលមានស្រាប់នៅក្នុងច្បាប់បច្ចុប្បន្ន។
ការលើកទឹកចិត្តថ្មីត្រូវបានបង្កើតឡើង ដោយផ្អែកលើការពិគ្រោះយោបល់រយៈពេលវែងជាមួយវិស័យឯកជន និងការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ជាយន្តការផ្ទៃក្នុងរាល់ការបញ្ចូលការលើកទឹកចិត្តថ្មីណាមួយ គឺជាការតតាំងឥតឈប់ឈររវាងកាតព្វកិច្ចទ្វេ និងការអល់អែកនៃជម្រើសរវាងតម្រូវការ នៃការរក្សា និងបង្កើនការប្រមូលចំណូលជាតិ និងតម្រូវការនៃការចិញ្ចឹមបីបាច់អាជីវកម្មរយៈពេលវែង និងការទាក់ទាញវិនិយោគថ្មី។
វាប្រៀបដូចជាការពិភាក្សាអំពី “មាន់ និងស៊ុត” ថា តើមួយណាកើតមុន ទន្ទឹមគ្នានឹងការព្យាយាមមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កម្រិតចំណូលជាតិបច្ចុប្បន្ន។
ដើម្បីស្វែងយល់ពីច្បាប់នេះ ទិដ្ឋភាពរួមនៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានធ្វើឡើងនៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ អាចបង្ហាញឱ្យឃើញនូវការប្រើប្រាស់ក្របខ័ណ្ឌច្បាប់ ដើម្បីដោះស្រាយនូវសេចក្តីកង្វល់នានារបស់វិនិយោគិន។
វេទិកានេះ គឺជាការសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីលក្ខខណ្ឌសម្រាប់ការវិនិយោគ ហើយពេលខ្លះក៏សឹងតែអាចក្លាយជាការពិភាក្សា ដេញដោលអន្តរភាគីរវាងស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលផងដែរ។ វេទិកានេះ គឺផ្តោតសំខាន់ទៅលើវិនិយោគិនជប៉ុន ហើយការពិភាក្សាគឺមានកម្រិតបច្ចេកទេសខ្ពស់ ហើយលម្អិតខ្លាំងដែលបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃការធ្វើអាជីវកម្ម និងការអនុវត្តក្របខ័ណ្ឌការពារ និងថែរក្សាវិនិយោគ។
ភាគីជប៉ុនត្រូវបានតំណាងដោយ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដែលបច្ចុប្បន្នមានសមាជិកជាក្រុមហ៊ុនជប៉ុនចំនួន២៧០ ដែលធ្វើអាជីវកម្មលើវិស័យជាច្រើន ដូចជាឧស្សាហកម្មកម្មន្តសាល សំណង់អចលនទ្រព្យ ពាណិជ្ជកម្មដឹកជញ្ជូន ហិរញ្ញវត្ថុធានារ៉ាប់រង និងសេវាកម្ម។
ក្រុមហ៊ុនទាំងនេះ សុទ្ធតែជាក្រុមហ៊ុនដែលមានស្តង់ដា អនុលោមភាពខ្ពស់ជាមួយនឹងច្បាប់របស់កម្ពុជា ហើយគោរពខ្ជាប់ខ្ជួនតាមបទប្បញ្ញត្តិថ្មីៗ វិធាននៅក្នុងសង្គមខ្មែរ និងគោរពលក្ខខណ្ឌការងារ។ ដូច្នេះសេចក្តីកង្វល់ទាំងឡាយរបស់ពួកគេ តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
ពិតណាស់ថា វេទិកាបែបនេះមានប្រយោជន៍ មិនត្រឹមតែសម្រាប់វិនិយោគិនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់សារៈសំខាន់ជារួម សម្រាប់ការកែលម្អបរិយាកាស និងទំនុកចិត្តនៃការវិនិយោគនៅកម្ពុជាផងដែរ។
ក្រៅពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានតួនាទីជាអ្នកសម្របសម្រួល អ្នកពាក់ព័ន្ធសំខាន់ៗរបស់កម្ពុជា រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នផ្សេងទៀត ដែលអាចប្រែប្រួលទៅតាមបញ្ហាប្រឈមដែលលើកឡើងដោយភាគីជប៉ុន។
ការពិភាក្សាបានផ្តោតលើបញ្ហា ដែលមានកម្រិតបច្ចេកទេសខ្លាំងដូចជា (១) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (២) សំណើអនុវត្តប្រព្រឹត្តិកម្មគណនេយ្យសម្រាប់វិស័យកាត់ដេរ ជាមួយនឹងវិស័យកម្មន្តសាលទាំងមូល (៣) ការអនុវត្តនីតិវិធីនាំចូលរថយន្ត និងការប្រកួតប្រជែងមិនស្មើភាព (៤) តារាងតម្លៃអគ្គិសនីថ្មី (៥) បញ្ហា “មូលនិធិទេយ្យទានបរិស្ថាន” ដែលជាយន្តការស្ម័គ្រចិត្ត និង “មូលនិធិបរិស្ថាន និងសង្គម” ដែលជាយន្តការជាប់កាតព្វកិច្ច (៦) ការពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ និង (៧) ការអភិវឌ្ឍធនធានមនុស្សបច្ចេកទេស ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន។
ការពិភាក្សាទល់មុខគ្នា បានជួយឱ្យភាគីទាំងសងខាង ស្រាយបំភ្លឺអំពីគម្លាតនៃការបកស្រាយ និងការអនុវត្តបទប្បញ្ញត្តិថ្មីៗ បង្ហាញពីសេចក្តីកង្វល់ទៅវិញទៅមក និងធ្វើបច្ចុប្បន្នភាពលើបញ្ហាគោលនយោបាយសំខាន់។
សេចក្តីកង្វល់សំខាន់ៗមួយចំនួន សម្រាប់ក្រុមហ៊ុនជប៉ុន គឺជាបញ្ហាប្រឈមជាលក្ខណៈរចនាសម្ព័ន្ធរបស់កម្ពុជា ដូចជាថ្លៃអគ្គិសនីនៅថ្លៃនៅឡើយ ការលំបាកក្នុងការបណ្តុះបណ្តាល និងស្វែងរកធនធានមនុស្សថ្នាក់គ្រប់គ្រង គុណភាព និងផលិតភាពបុគ្គលិក ការដំឡើងប្រាក់ឈ្នួលរបស់កម្មករ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលនៅមានកម្រិតទាប និងការលំបាកក្នុងការស្វែងរកវត្ថុធាតុដើម និងគ្រឿងបន្លាស់ក្នុងស្រុក។ ការផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងបន្លាស់ក្នុងស្រុកនៅកម្ពុជា មានកម្រិតទាបណាស់ បើធៀបទៅនឹងតំបន់។
យោងតាមការស្ទង់មតិចុងក្រោយ ដែលធ្វើឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានបង្ហាញថា នៅកម្ពុជា ធាតុចូលក្នុងស្រុកមានតែ៥,៤ ភាគរយប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនជប៉ុន បើប្រៀបធៀបទៅនឹងអត្រាយ៉ាងហោចណាស់២០ភាគរយ សម្រាប់ប្រទេសដទៃទៀតនៅក្នុងតំបន់។
បញ្ហាប្រឈមទាំងអស់ខាងលើនេះហើយ ដែលផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការតាក់តែងបន្ថែមនូវខ្លឹមសារ នៃយន្តការលើកទឹកចិត្តថ្មី នៃសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនេះ។
ឧទាហរណ៍ជាក់ស្តែង សេចក្តីព្រាងច្បាប់នេះ ផ្តល់នូវការលើកលែងអាករលើតម្លៃបន្ថែមសម្រាប់ការទិញធាតុចូល ផលិតកម្មដែលផលិតក្នុងស្រុក។ សេចក្តីព្រាងច្បាប់នេះក៏ផ្តល់នូវអត្រាកាត់កង ចំណាយពិសេសចំនួន១៥០ភាគរយ ពីមូលដ្ឋានគិតពន្ធសម្រាប់ការចំណាយរបស់ក្រុមហ៊ុនលើការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដល់កម្មករនិយោជិតខ្មែរ ការធ្វើទំនើបកម្មគ្រឿងម៉ាស៊ីន ដើម្បីបម្រើដល់ខ្សែចង្វាក់ផលិតកម្ម ការសាងសង់កន្លែងស្នាក់នៅ អាហារដ្ឋាន ទារកដ្ឋាន ការផ្តល់មធ្យោបាយដឹកជញ្ជូន ប្រកបដោយផាសុកភាព និងការចំណាយផ្សេងទៀត ដែលមានគោលបំណងលើកកម្ពស់ សុខុមាលភាពរបស់កម្មករ-និយោជិតខ្មែរ។
ទាំងនេះ គឺជាការរកដំណោះស្រាយ តាមលក្ខណៈគោលនយោបាយជាក់ស្តែង ដែលត្រូវបានផ្តល់ដោយសេចក្តីព្រាងច្បាប់ថ្មីនេះ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក៏ដូចជាផ្តល់ការគាំទ្រសុខុមាលភាពដល់កម្មករខ្មែរ ដែលជាលទ្ធផលដំណោះស្រាយទាំងនោះក៏អាចឆ្លើយតបផងដែរ ចំពោះបញ្ហាប្រឈមនានា ដែលត្រូវបានលើកឡើងដោយក្រុមហ៊ុនជប៉ុនដូចខាងលើ។
លើសពីនេះទៀត ការលើកលែងពន្ធត្រូវបានកែលម្អ ដើម្បីធ្វើឱ្យមានលក្ខណៈកាន់តែអំណោយផល សម្រាប់គម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIPs) ដែលអាចទទួលបានរយៈពេល លើកលែងពន្ធលើប្រាក់ចំណូលពី ៣ ទៅ៩ឆ្នាំ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។
បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គម្រោងQIPs មានសិទ្ធិទទួលបានការលើកទឹកចិត្ត ឱ្យបង់ពន្ធលើប្រាក់ចំណូល តាមអត្រាកំណើនតាមពេលសម្រាប់រយៈពេល៦ឆ្នាំ។ គម្រោងទាំងនោះមានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។
ទាក់ទងនឹងទិដ្ឋភាពប្រតិបត្តិការសេចក្តីព្រាងច្បាប់នេះ ក៏បានយកចិត្តទុកដាក់លើការលើកកម្ពស់ការសម្របសម្រួល វិនិយោគជាពិសេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវ “យន្តការច្រកចេញ-ចូលតែមួយ” ។
ឆ្លងកាត់មេរៀន បទពិសោធន៍ពីស្ថានភាពនៃជំងឺកូវីដ១៩ សេចក្តីព្រាងច្បាប់នេះក៏បានផ្តល់ដល់រាជរដ្ឋាភិបាលនូវភាពបត់បែន ក្នុងការផ្តល់ការលើកទឹកចិត្តពិសេស សម្រាប់វិស័យអាទិភាពជាក់លាក់ណាមួយ ដែលយើងមិនអាចព្រាងទុកជាមុនបាន ឬវិស័យឧស្សាហកម្មទើបកកើតថ្មី តាមរយៈការដាក់បញ្ចូលទៅក្នុងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលត្រូវឆ្លងសភាជារៀងរាល់ឆ្នាំ។
ស្ថិរភាព និងភាពអាចព្យាករបាន គឺជាគន្លឹះសម្រាប់ទំនុកចិត្តវិនិយោគ។ និយាយផ្ទុយមកវិញ អស្ថិរភាព និងភាពមិនអាចព្យាករបាន គឺជាសត្រូវរបស់វិនិយោគិន។ ទោះបីជាមានភាពទាក់ទាញ តាមរយៈយន្តការលើកទឹកចិត្តក៏ដោយ វាជារឿងធម្មតាដែលវិនិយោគិនតែងតែខិតខំស្វែងយល់ ពីហានិភ័យទុកជាមុន ហើយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការផ្លាស់ប្តូរគោលនយោបាយ ដែលមានលក្ខណៈប្រញាប់ប្រញាល់ភ្លាមៗដែលអាចបង្កជាការរំខានធ្ងន់ធ្ងរ ដល់ការរៀបចំផែនការ វិនិយោគរយៈពេលមធ្យម និងវែង។
ស្ថិរភាពនយោបាយសង្គម និងម៉ាក្រូសេដ្ឋកិច្ចរឹងមាំ គឺជាធនធានដ៏សមប្រកប និងអំណោយផលសម្រាប់ប្រទេសកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលជាកត្តាជំរុញកំណើនទំនុកចិត្តវិនិយោគកាន់តែខ្លាំងឡើង។
យ៉ាងណាក្តី កម្ពុជានៅតែត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានការទុកចិត្ត និងការជឿជាក់ពីវិនិយោគិន ជាពិសេសនៅក្នុងទិដ្ឋភាពនៃការរៀបចំក្របខ័ណ្ឌច្បាប់ និងភាពប្រាកដប្រជាក្នុងការអនុវត្តជាក់ស្តែង ដើម្បីរក្សា និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់៕