ដោយៈ ប៊ី
ភ្នំពេញៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានយល់ព្រមពន្យាពេលរយៈពេល៤ខែលើពន្ធគយទាំងអស់ ដែលទាក់ទងទៅនឹងជម្លោះដ៏រ៉ាំរ៉ៃ លើការឧបត្ថម្ភធនដល់ក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយផ្សាយរបស់សាវព័ត៌មាន CNN នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។
ពន្ធគយ ដែលត្រូវបានផ្អាកនេះ ជាជំហានដំបូងឆ្ពោះទៅរកការផ្សះផ្សាភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក ដែលមានភាពតានតឹងជិត១៧ឆ្នាំ ដោយពាក្យបណ្តឹងទាំងសងខាង អំពីការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្ម ឈានមុខគេនៅលើពិភពលោកទាំងពីរ។
ការដាក់ពន្ធគយនេះ បានប៉ះពាល់ដល់ការនាំចេញរបស់អឺរ៉ុបទៅអាមេរិក ដែលមានទំហំទឹកប្រាក់ ៧,៥ពាន់លានដុល្លារ និងការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់អឺរ៉ុបមានតម្លៃ ៤ពាន់លានដុល្លារ។
លោក Valdis Dombrovskis ប្រធានផ្នែកពាណិជ្ជកម្មនៃគណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងរបស់យើងជាមួយដៃគូដ៏សំខាន់ និងសេដ្ឋកិច្ចរបស់យើង” ។
លោកបានថ្លែងថា “ការលុបចោលពន្ធគយទាំងនេះ គឺនយោបាយឈ្នះ-ឈ្នះ សម្រាប់ភាគីទាំងពីរ នៅពេលដែលជំងឺរាតត្បាតសកល កំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើការ និងសេដ្ឋកិច្ចរបស់យើង” ។
កិច្ចព្រមព្រៀងនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នា ជាមួយចក្រភពអង់គ្លេស ដើម្បីព្យួរពន្ធលើផលិតផលអង់គ្លេស រួមទាំងស្រា Scotch whisky។
ជម្លោះក្រុមហ៊ុនផលិតយន្តហោះធំបំផុតទាំងពីរ លើពិភពលោកនេះកើតតាំងពីឆ្នាំ២០០៤ នៅពេលដែលអាជ្ញាធរសហភាពអឺរ៉ុបបានអះអាងថា ក្រុមហ៊ុន Boeing បានទទួលឧបត្ថម្ភធនចំនួន១៩ពាន់លានដុល្លារពីរដ្ឋាភិបាល ហើយនេះគឺជាឧបត្ថម្ភធនមិនភាពស្មោះត្រង់ សម្រាប់ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះដែរ នៅឆ្នាំនោះ ជុំវិញការឧបត្ថម្ភធនរបស់អឺរ៉ុបទៅក្រុមហ៊ុន Airbus៕