ដោយ : គង់ សូរិយា
ភ្នំពេញ : បរិយាកាសអាជីវកម្ម និងសកម្មភាពទិញលក់អចលនទ្រព្យនៅប្រទេសកម្ពុជា នៅតែមានស្ថានភាពល្អប្រសើរ ទោះជាការបោះឆ្នោតបានខិតជិតមកដល់ក៏ដោយ។
លោក គុយ វ៉ាត ជាអគ្គនាយកនៃក្រុមហ៊ុន VTrust Group និងជាម្ចាស់ជំនួញ និងម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បរិយាកាសអាជីវកម្ម នៅមុនពេលការបោះឆ្នោតមកដល់ បានប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានសញ្ញាណាមួយ មានហានិភ័យឬរងផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញស្ថានភាពមានភាពល្អច្រើន ទាំងការវិនិយោកក្នុងស្រុក ក្រៅស្រុក និងតម្លៃដីជាដើម។ លោកបន្តថា “អ្នកវិនិយោគអន្តរជាតិនៅតែបន្តចូលមកទីផ្សារកម្ពុជា នេះជាសញ្ញាឆ្លុះបញ្ចាំងពីទំនុកចិត្តក្នុងការវិនិយោគ និងបរិយាកាសវិនិយោគនៅកម្ពុជានៅតែមានភាពល្អប្រសើរ”។
ជាមួយគ្នានេះសកម្មភាពទិញលក់ អចលនទ្រព្យនៅកម្ពុជាក៏នៅតែមានភាពល្អប្រសើរផងដែរ។
ប្រធាននៃក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហួរ បានលើក ឡើងស្រដៀងគ្នាផងដែរថា តម្លៃអចលនទ្រព្យហាក់មានការកើនឡើងជាខ្លាំង ទោះបីជាការបោះឆ្នោតខិតចូលមកដល់ក្ដី។ ជាពិសេសនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដូចជាខេត្ត ព្រះសីហនុ និងបណ្ដាខេត្តជាប់មាត់សមុទ្រជាដើម។ លោកស្រីបន្ថែមថា “ក្នុងនោះតម្លៃអចលនទ្រព្យ ក៏មានការហក់ឡើងខ្លាំងជារៀងរាល់ថ្ងៃ នៅខេត្តព្រះសីហនុ និងឆ្លងមកដល់ខេត្តកំពត និងខេត្តកែបផងដែរ”។លោកស្រីបន្តថា “ការបោះឆ្នោតអាណត្តិមុនៗ ប្រជាជនមានការព្រួយបារម្ភ ប៉ុន្តែអាណត្តិនេះប្រជាជនចាត់ទុកជារឿងធម្មតា ព្រោះពួកគេគិតថាស្ថានភាពប្រទេសនឹងវិវត្តន៍ទៅមុខ”។
ជាមួយគ្នានេះ វិស័យទេសចរណ៍ក៏មានសភាពល្អប្រសើរ ដោយភ្ញៀវអន្រជាតិមកទស្សនាកម្ពុជាបន្តកើនឡើង។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា វិស័យទេសចរណ៍នៅតែមានសញ្ញាវិជ្ជមាន ដោយយើងឃើញលំហូរភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកើនឡើង និងមិនមានការសាកសួរព៌តមានច្រើនទាក់ទងពីការបោះឆ្នោតពីសំណាក់ភ្ញៀវទេសចរនោះទេ មានន័យថាពួកគេទុកចិត្តចំពោះបរិយាកាសនយោបាយ និងស្ថិរភាពនយោបាយនៅកម្ពុជា។
លោកបន្តថា “កំនើនភ្ញៀវអន្តរជាតិបានកើនឡើងជាប្រចាំ ហើយខ្ញុំមិនឃើញមានសញ្ញាណាមួយដែលមានការលុបបញ្ចប់ទស្សនកិច្ច មកកម្ពុជានោះឡើយ”៕