វិភាគៈតើស្ថានភាពរីករាលដាលជំងឺកូវីដ១៩ចូលសហគមន៍នឹងបញ្ចប់ពេលណា?

0

ដោយៈយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ វាជាពេលវេលាមួយ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរងសម្ពាធផ្លូវចិត្ត និងកំពុងរង់ចាំមើលថា តើការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នៅក្នុងព្រឹត្តិកា​រណ៍២០កុម្ភៈនឹងបញ្ចប់នាពេលណា?។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ មិនានេះ ជំងឺកូវីដ១៩បានឆ្លងដល់មនុស្ស១០៥នាក់ សម្រាប់ថ្ងៃទី១៥ មិនា វាជាកំណត់ត្រាបំបែកឯកទគ្គកម្ម មិនធ្លាប់មាននាពេលកន្លងមក។ ការបញ្ចប់ព្រឹត្តិការណ៍នេះបាន ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗចំនួន៤ ទី១ ការចូលរួមរបស់ប្រជាពលរដ្ឋ ទី២ ប្រសិទ្ឋភាព និងការចាក់វ៉ាក់សាំង ទី៣ ការប្តេជ្ញាចិត្តពពីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងទី៤ ពេលវេលាដែលត្រូវបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ។

ការចូលរួមរបស់ប្រជាពលរដ្ឋ

      ជាមួយនឹងកំនើនអ្នកឆ្លងថ្មីកើនឡើងជាបន្តបន្ទាប់ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងកូវីដ១៩សរុបចំនួន១៤៣០នាក់ ក្នុងនោះជាសះស្បើយចំនួន៨១៨នាក់ អ្នកកំពុងសំរាកព្យាបាលមានចំនួន៦០៩នាក់ ស្លាប់ម្នាក់ និងស្លាប់ដោយសារជំងឺពាក់ព័ន្ឋចំនួន២នាក់។

ការចូលរួមរបស់ប្រជាពលរដ្ឋ ជាគន្លឹះស្នូលដ៏សំខាន់ ដើម្បីធ្វើឲ្យការទប់ស្កាត់ជំងឺនេះបានជោគជ័យ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលគឺ “៣កុំ និង៣ការពារ”។

ជាមួយនឹងការអប់រំម្តងហើយម្តងទៀត ការទទូចស្នើសុំពីប្រមុខរដ្ឋាភិបាលជាបន្តបន្ទាប់ ព្រមទាំងមានការលើកដៃសំពះអង្វរករពីសម្តេចតេជោផង បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានគោរពតាម ប៉ុន្តែនៅមានបុគ្គលទំនើងមួយចំនួន(គួរដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត) នៅតែបំពានដោយធ្វើដំណើរពាសវាល ពាសកាល ទោះបីខ្លួនជាប់ធ្វើចត្តាឡីស័កក៏ដោយ។

ការចូលរួមរបស់ប្រជាពលរដ្ឋ មិនត្រឹមតតែផ្តល់សុវត្ថិភាពឲ្យខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមដើម្បីការពារគ្រួសារ ការពារការរីករាលដាលជំងឺនេះកុំឲ្យកាន់តែធ្ងន់ធ្ងរ ពិសេសជួយដល់ជីវភាពរបស់ខ្លួន ឲ្យវិលមករកភាពប្រក្រតីឡើងវិញ ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមមុខ នឹងការដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ដែលនឹងប៉ះពាល់ដល់ជីវភាពរស់ នៅ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ប្រសិទ្ឋភាព​និងការចាក់វ៉ាក់សាំង

      ខណៈមនុស្សទូទាំងពិភពលោក ចំនួន១២០លាននាក់ បានឆ្លងជំងឺនេះ និងចំនួនអ្នកស្លាប់បានកើនដល់ជិត២,៧លាននាក់ និងជាសះស្បើយឡើងវិញជាង៩៧លាននាក់ បានធ្វើឲ្យបណ្តាប្រទេសនានាក្នុងពិភពលោក កំពុងប្រជែងគ្នាផលិតវ៉ាក់សាំង និងប្រទេ​ស ដែលមិនមានលទ្ឋភាពផលិតវ៉ាក់សាំងបានដោយខ្លួនឯង កំពុងប្រជែងគ្នាទិញវ៉ាក់សាំង យកមកចែកជូនប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើឲ្យប្រាកដថា ប្រជាពល​រដ្ឋរស់ខ្លួនមានសុវត្ថិភាព។

ប៉ុន្តែដោយឡែកជនអគតិនៅក្នុងស្រុក និងក្រៅប្រទេស ដែលមានចរិកប្រឆាំងផ្កាប់មុខជាមួយរដ្ឋាភិបាល បានព្យាយាមនិយាយបំភ្លើសការពិត ដើម្បីធ្វើឲ្យរដ្ឋាភិបាលបាក់មុខ ក៏ដូចជា ប្រជាពលរដ្ឋមួយចំនួនភ័យខ្លាចមិនហ៊ានចាក់វ៉ាក់សាំង ដែលជនប្រភេទនេះគួរត្រូវបានផ្តន្ទាទោសដាក់ពន្ឋធនាគារឲ្យបានធ្ងន់ធ្ងរបំផុត។

ឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ក្រមសីលធ៌មវិជ្ជាជីវៈ និងភាពជាមនុស្សជាតិ គ្មានប្រទេសណាមួយ ឬអ្នកវិទ្យាសាស្រ្តណាម្នាក់ ហ៊ានបញ្ចេញវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់​ខ្លួន ដោយគ្មានមូលដ្ឋាន និងភស្តុតាងវិទ្យាសាស្រ្តត្រឹមត្រូវនោះទេ។ ពិសេសប្រមុខរដ្ឋាភិបាលប្រទេសនិមួយៗ នឹងមិនអនុញ្ញាត្តឲ្យមានការផ្សព្វផ្សាយពីវ៉ាក់សាំង និងមិនអនុញ្ញាត្តឲ្យយកវ៉ាក់សាំង ដែលគ្មានមូលដ្ឋាន ទិន្នន័យស្រាវជ្រាវច្បាស់លាស់ យកមកចាក់ជូនប្រជាពលរដ្ឋពួកគេ និងជាតិសាសន៍ដទៃនៅលើពិភពលោកនោះដែរ។

ដោយឡែកកម្ពុជា គិតរហូតមកទល់ពេលនេះ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ឋបានចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជាបានចំនួន១៧៨,៤៩៦នាក់ នៅទូទាំងប្រទេស ដែលនេះជាសញ្ញាល្អមួយ ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់ទេ បើធៀបនឹងចំនួនប្រជាពលរដ្ឋខ្មែរប្រមាណ១៣លាននាក់ ដែលជាវ័យត្រូវទទួលបានវ៉ាក់សាំងនេះ នៅទូទាំងប្រទេស។
ហេតុនេះប្រសិទ្ឋភាព នៃការគ្រប់គ្រងជំងឺនេះបានយ៉ាងដូចម្តេច និងលឿនកម្រិតណា វាអាស្រ័យលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្រិតប្រសិទ្ឋភាពរបស់វាមានកម្រិតណា។

ការប្តេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន

      រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានធ្វើការងារយ៉ាងសកម្ម និងទទូចម្តងហើយម្តងទៀត ដើម្បីឲ្យប្រជាពល​រដ្ឋកុំចាកចេញពីផ្ទះ ប្រសិនជាមិនមានភាពចាំបាច់ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺអនុវត្តន៍នូវវិធាន “៣កុំ និង៣ការពារ”។

ប៉ុន្តែចំណាត់ការណ៍ច្បាស់លាស់ជាងនេះ គួរត្រូវធ្វើឡើងទាក់ទងនឹងជនដែលបំពាននូវវិធានណែនាំពីក្រសួងសុខាភិបាល ពិសេសលើជនដែលកំពុងជាប់ធ្វើចត្តាឡីស័ក បែរជាចេញទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ ដែលមានមនុស្សចូលរួមរាប់រយនាក់ និងបង្កការចំលង ដល់អ្នកដទៃចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ។

ការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននិងកំពុងធ្វើឡើងយ៉ាងសកម្ម នាពេលបច្ចុប្បន្ននេះ ដែលជាសកម្មភាពគួរតែទទួលបានការកោតសរសើរ និងលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ។

ច្បាប់បង្កើតមកដើម្បីអនុវត្តន៍គ្រប់គ្រងមនុស្ស ប៉ុន្តែមនុស្សដែលមិនគោរព ច្បាប់់ត្រូវតែមានលក្ខណៈចាប់បង្ខំឲ្យមនុស្សគោរព ព្រោះមនុស្សមិនគោរពច្បាប់ភាគច្រើនជាមនុស្សទំនើង និងមួយចំនួនដោយសារមិនទាន់បានស្វែងយល់ ឬការយល់ដឹងរបស់ខ្លួនមានកំរិត។

ហេតុនេះវិធានដាក់ចេញ ដើម្បីឲ្យមនុស្សគោរពច្បាប់ ត្រូវតែដាក់ចេញដោយម៉ឺង​ម៉ាត់បំផុត ដើម្បីធនាថាសង្គមនេះ ហេតុការណ៍នេះ ព្រឹត្តិការណ៍ដែលធ្វើមនុស្សគ្រប់គ្នា មានបញ្ហាផ្លូវចិត្ត ច្របូកច្របល់នេះបញ្ចប់បាននាពេលឆាប់ៗខាងមុខនេះ។

មនុស្សមួយចំនួន បានរិះគន់លើអនុក្រិតរបស់រដ្ឋាភិបាលស្តីពី វវិធានការណ៍សុខាភិ​បាល ដើ​ម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលក្នុងអនុក្រិតនេះ មានការពិន័យចំពោះអ្នកមិនពាក់ម៉ាស់នៅក្នុងការធ្វើដំណើរ ពីមន្រ្តីប៉ូលីសចរាចរណ៍នៅលើដងផ្លូវ ដែលការរិះគន់នេះធ្វើឡើងគ្មានមូលដ្ឋាន និងការពិតពិចារណាឲ្យបានច្បាស់លាស់។

ព្រោះការពិតអនុក្រិតនេះ មានគោលដៅការពារប្រជាពលរដ្ឋ មានគោលដៅទប់ស្កាត់ជំងឺនេះកុំឲ្យរីករាលដាលកាន់តែខ្លាំង និងឈានទៅបញ្ចប់ការរាតត្បាត ហេតុនេះ ដំណោះស្រាយដែលងាយស្រួលបំផុត គឺពាក់ម៉ាស់ ពាក់ម៉ាស់ នៅពេលដែលអ្នកពាក់ម៉ាស់ ប៉ូលីសចរាចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចនឹងមិនប៉ះពាល់ ឬហៅរំខានការធ្វើដំនើរ​របស់ខ្លួននោះទេ។

ពេលវេលាដែលត្រូវបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ

      ពេលវេលាដែលត្រូវបញ្ចប់ការរាតត្បាតជំងឺនេះ អាស្រ័យលើប្រជាពលរដ្ឋ អាស្រ័​យ​​លើការចូលរួមពីប្រជាពលរដ្ឋ អាស្រ័យលើចំណាត់ការរបស់រដ្ឋាភិបាល ដែលយើងជឿជាក់ថា ជំងឺនេះនឹងអាចគ្រប់គ្រង ឈានទៅកាត់បន្ថយបាននៅពេលឆាប់ៗខាងមុខនេះ ពិសេសក្នុងកំឡុងខែមិនានេះ ដោយសារទី១ រដ្ឋាភិបាលបាន និងកំពុងខិតខំទប់ស្កាត់ជំងឺនេះ ដោយគ្មានឈប់សំរាក ទី២ ការចូលរួមរបស់ប្រជាពលរដ្ឋកាន់តែសកម្ម ទី៣ ចំណាត់ការរបស់រដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍ និងត្រូវពង្រឹងការអនុវត្តន៍ឲ្យបានតឹងរ៉ឹងតាមដែលអាចធ្វើទៅបាន និងទី៤ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យកាន់តែសកម្មឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

រដ្ឋាភិបាលត្រូវការស្តារសេដ្ឋកិច្ចឡើងវិញ ហេតុនេះការពន្យាពេលណាមួយនៃការរាតត្បាតជំងឺនេះ នឹងជាកត្តាកំណត់លើការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាកាត់បន្ថយ​ប្រជាប្រិយភាពរបស់រដ្ឋាភិបាល។ ហេតុនេះ ការបញ្ចប់ការរាតត្បាតជំងឺនេះយ៉ាងអាក្រក់ មិនត្រឹមតែជួយដល់សេដ្ឋកិច្ច សង្គមឲ្យមានភាពរសរវើកឡើងវិញប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់នូវសន្តិភាពផ្លូវចិត្ត វានឹងផ្តល់នូវការកាត់បន្ថយជំងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋផងដែរ។

ទំនុកចិត្តលើរដ្ឋាភិបាល ចូលរូមការពារខ្លួនដោយខ្លួនឯង និងចាប់ផ្តើមពីខ្លួនឯង អ្នកនឹងក្លាយជាអ្នកស្នេហាជាតិរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here