ដោយៈវឌ្ឈនៈ
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបនៅកម្ពុជា បានលើកឡើងថា ពេលនេះគឺជាឱកាសល្អ សម្រាប់អ្នកដែលចង់ទិញផ្ទះ ទាំងទិញសម្រាប់ស្នាក់នៅ និងទិញសម្រាប់វិនិយោគនៅពេលខាងមុខ ដោយសារតែពេលនេះ អ្នកទិញអាចទទួលបានលក្ខខណ្ឌ ដែលខ្លួនចង់បានឬអាចនិយាយបាននិយថាអ្នកទិញមានទឹកមាត់ប្រៃនៅពេលនេះ។
លោកអេរិច ឆុង ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានបុរីណាឌី នៅតំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦អា បានឱ្យដឹងថានៅក្នុងវិបត្តិកូវីដ១៩នេះ អ្នកទិញពិតជាមានឱកាស ក្នុងការចរចាជាមួយអ្នកលក់ ឬម្ចាស់គម្រោង ដើម្បីទទួលបានលក្ខខណ្ឌ ដែលខ្លួនចង់បាន ដូចជាលក្ខខណ្ឌក្នុងការបង់ប្រាក់ជាដើម ។
លោកបន្តថា “បើទោះបីជាមានវិបត្តិនៃជំងឺកូវីដ១៩យ៉ាងនេះក្ដី តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅជាច្រើន នៅតែបន្តសកម្មភាពរបស់ខ្លួន រួមទាំងគម្រោងរបស់លោកផងដែរ ពីព្រោះតម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងនៅពេលអនាគតខាងមុខ ដូច្នេះការអភិវឌ្ឍសម្រាប់ផ្គត់ផ្គង់ លើទីផ្សារលំនៅឋានសម្រាប់អនាគតនឹងមិនខុសនោះឡើយ”។
ការអភិវឌ្ឍលំនៅឋាននៅពេលបច្ចុប្បន្ននេះ គឺត្រូវផ្ដោតលើគុណភាពលំនៅឋាននិងគុណភាពនៃការរស់នៅ ហេតុដូចនេះទើបអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន បានខិតខំអភិវឌ្ឍន៍គម្រោងរបស់ ដោយបានបង្កើតរចនាសម្ព័ន្ធនៅក្នុងបុរី ដើម្បីជាការទាក់ទាញ។
ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានឱ្យដឹងថា នៅឆ្នាំខាងមុខៗទៀត តម្រូវការលំនៅឋានទាំងលំនៅឋាននៅក្នុងបុរី និងលំនៅឋានជាលក្ខណៈអគារសហកម្មសិទ្ធិក្ដី ព្រោះកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងជាពិសេសនៅរាជធានីភ្នំពេញ ហើយជាការកត់សម្គាល់ផ្ទៃដីរាជធានីភ្នំពេញ បានបន្តពង្រីកជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលំនៅឋានដើម្បី បំពេញទៅតាមតម្រូវការ។
លោកបន្តថា “នៅពេលចប់វិបត្តិកូវីដ១៩ កំណើនលំនៅឋានទាំងខុនដូ និងលំនៅឋានក្នុងបុរី នឹងមានតម្រូវការខ្ពស់ ហើយវាអាចនឹងខ្ពស់ជាងកាលមុនកូវីដ១៩ទៅទៀត ដោយសារតែសកម្មភាពទិញលក់នៅ ក្នុងពេលវិបត្តិកូវីដ១៩បានផ្អាក និងធ្លាក់ចុះមួយកម្រិត។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរធ្លាប់បានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែមាន ប៉ុន្តែសកម្មភាពនៃការទិញលក់មានសភាពយឺតយ៉ាវជាងមុន ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍគំរោងលំនៅដ្ឋាននានា នៅតែបន្តសាងសង់ ព្រោះគម្រោងនិមួយៗមិនបញ្ចប់ការសាងសង់រយៈពេលបីរឬបីខែនោះទេ។
លោកបន្តថា “ទោះជាយ៉ាងណាសកម្មភាពនៃការអភិវឌ្ឍគំរោងថ្មីៗ ស្ថិតនៅក្នុងការទន្ទឹងរង់ចាំមើលស្ថានការណ៍៍នៅឡើយ”៕