ដោយៈ ប៊ី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញសៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ជំនួយស្មារតីបន្ថែមក្នុងការបញ្ជា្របវប្បធម៌បង់ពន្ធ និងបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា លើអចលនទ្រព្យឱ្យបានត្រឹមត្រូវ។
សៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ឬហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” ត្រូវបានរៀបរៀងឡើងអនុលោមតាមមាត្រា៩៦ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងជូនសាធារណជន និងអ្នកជាប់ពន្ធឱ្យបានយល់ដឹង កាន់តែទូលំទូលាយអំពីទិដ្ឋភាពច្បាប់ បទ ប្បញ្ញត្តិនានា និងនីតិវិធីនៃការបង់ពន្ធ។
សៀវភៅណែនាំនេះ នឹងក្លាយជាជំនួយស្មារតីបន្ថែមទៀត ក្នុងការបញ្ជា្របវប្បធម៌បង់ពន្ធ និងបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យឱ្យបានត្រឹមត្រូវ។
មាតិកានៃសៀវភៅនេះ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំង ជាពិសេសដើម្បីបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធនឹងពន្ធនេះ ដោយត្រូវបានបែងចែកជា៥ផ្នែកសំខាន់ៗដូចជា៖ ផ្នែកទី១ បង្ហាញអំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិនានា ដោយដកស្រង់នូវពាក្យគន្លឹះ និងខ្លឹមសារសំខាន់ៗមកធ្វើការពន្យល់បន្ថែម ឱ្យកាន់តែងាយយល់។
ផ្នែកទី២ ផ្តោតទៅលើអត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ រួមផ្សំនឹងឧទាហរណ៏ចំពោះករណីផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ផ្សេងៗផងដែរ។ ផ្នែកទី៣ បង្ហាញអំពីកាតព្វកិច្ចអ្នកជាប់ពន្ធនិងនីតិវិធី សារពើពន្ធនៃការដាក់ពាក្យស្នើសុំបង់ ពន្ធប្រថាប់ត្រា។
ដោយឡែក ទោសទណ្ឌ និងសិទ្ធិក្នុងការរតវ៉ារបស់អ្នកជាប់ពន្ធក៏ត្រូវបានរំលេចនៅផ្នែកទី៤ ហើយផ្នែកបញ្ចប់បង្ហាញ អំពីសេវាអ្នកជាប់ពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានានាជូនអ្នកជាប់ពន្ធ និងព័ត៌មានបន្ថែមសម្រាប់អ្នកជាប់ពន្ធធ្វើការទំនាក់ទំនងករណីមានចម្ងល់បន្ថែម។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ដែលហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” គឺជាផ្នែកមួយនៃពន្ធប្រថាប់ត្រា ដែលបានបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រា និងបានប្រកាសឱ្យប្រើ ដោយក្រឹត្យលេខ ២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩២។
ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជាការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុង ក្រុមហ៊ុន ) ដែលស្ថិតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ទោះបីជា អចលនទ្រព្យ នោះបានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីរួចរាល់ក្ដី (មានប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង) ឬ ពុំបានចុះបញ្ជីក្តី (ប័ណ្ណកម្មសិទ្ធិ ឬ ប្លង់ទន់)។ ចុះបញ្ជីក្ដី (គ្មាន ។
ពន្ធនេះ ត្រូវបានប្រមូលជាគុណប្រយោជន៍ដល់ថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕