កម្ពុជាទាក់ទាញទុនវិនិយោគ១៣ពាន់លានដុល្លារលើវិស័យកម្មន្តសាល

0

ដោយ: គង់ សូរិយា
ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា បានទាក់ទាញទុនវិនិយោគលើទឹកប្រាក់រហូតដល់១៣ពាន់លានដុល្លារអាមេរិក លើផ្នែកកម្មន្តសាល ក្នុងនោះវិស័យឧស្សាហកម្មធំៗចំនួន៥ទទួលបានការវិនិយោគខ្ពស់ជាងវិស័យផ្សេងៗ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២១ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ការវិនិយោគលើផ្នែកកម្មន្តសាលមានទំហំទឹកប្រាក់ប្រមាណ១៣,៥៥៤លានដុល្លារ ក្នុងនោះការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មានទំហំទឹកប្រាក់ជាង៣៣០០លានដុល្លារ វិស័យម្ហូបអាហារជាង១ ៦០០លានដុល្លារ។ កៅស៊ូនិងប្លាស្ទិកជាង១៣០០លានដុល្លារ ផលិតផលពីរ៉ែលោហៈជាង១ ២០០លានដុល្លារ ភេសជ្ជៈជាង១២០០លានដុល្លារ និងផលិតផលស្បែកសរុបប្រមាណ១០០០លានដុល្លារ។

ក្រៅពីការវិនិយោគវិស័យធំៗខាងលើ វិស័យកម្មន្តសាលនេះ កម្ពុជាទទួលបានការវិនិយោគ លើវិស័យមួយចំនួនផ្សេងៗទៀតជិត ២០ប្រភេទផងដែរដូចជា គ្រឿងបរិក្ខាអគ្គិសនី គ្រឿងម៉ាស៊ីន ក្រដាស លោហៈធាតុមូលដ្ឋាន ប្រេងកាត បរិក្ខាដឹកជញ្ជូន វាយនភណ្ឌ ថ្នាំជក់ គ្រឿងសង្ហារឹម និងលើវិស័យផ្សេងៗទៀត។

ដោយឡែក ទាក់ទិនតម្លៃបរិមាណនៃការនាំចេញ លើផ្នែកកម្មន្តសាលនៅឆ្នាំ២០២០ឯណេះវិញ កម្ពុជាបាននាំចេញសម្លៀកបំពាក់ មានទំហំទឹកប្រាក់ប្រមាណជាង ៣ ០០០លានដុល្លារ, ស្បែកនិងផលិតផលធ្វើពីស្បែកជាង១២០០លានដុល្លារ បរិក្ខាអគ្គិសនីជាង៤៨២លានដុល្លារ បរិក្ខាដឹកជញ្ជូនជាង៣៧៣លានដុល្លារ ម្ហូបអាហារជាង ២៤១លានដុល្លារ កៅស៊ូនិងប្លាស្ទិកជាង១៧១លានដុល្លារ និងការនាំចេញវិស័យផ្សេងៗទៀត សរុបជាទឹកប្រាក់មានទំហំជាង៦៣៧៣លានដុល្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here