ការសិក្សាលើផលប៉ះពាល់គម្រោងស្តារព្រលានយន្តហោះខេត្តបាត់ដំបងកំពុងជួបបញ្ហា

0

ដោយ ៖ រ៉ាណេត
បាត់ដំបងៈ គម្រោងសិក្សាលើការស្តារ និងធ្វើឱ្យប្រសើរឡើងវិញនូវព្រលានយន្តហោះខ្នាតតំបន់ក្នុងខេត្តបាត់ដំបង កំពុងជួបបញ្ហាដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលកំពុងមានការរីករាលនៅក្នុងប្រទេស ក៏ដូចជា ក្នុងខេត្តបាត់ដំបងដែលធ្វើឱ្យក្រុមមន្ត្រីជំនាញសម្រេចផ្អាកការជួបជុំពិភាក្សាមួយរយៈពេល។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ពាក់ព័ន្ធទៅនឹងគម្រោងស្ដារព្រលានយន្តហោះខ្នាតតំបន់ស្ថិតនៅក្នុងខេត្តបាត់ដំបង រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងរួចហើយ ដើម្បីសិក្សាពីលទ្ធភាពក្នុងកិច្ចអនុវត្ត ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវ ណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

លោកបន្តឱ្យដឹងថា “ដោយសារតែស្ថានភាពនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍បានធ្វើឱ្យដំណើរការនៃការសិក្សា ពីផលប៉ះពាលគម្រោងត្រូវបានផ្អាកមួយរយៈពេលសិន រង់ចាំងស្ថានភាពស្ងប់ស្ងាត់បន្តិច ទើបចាប់អនុវត្តបន្ត”។ លោកបញ្ជាក់ថា “នេះមិនមែនជាការពន្យា លើគម្រោងស្តារព្រលានយន្តហោះនេះទេ គម្រោងនៅតែដំណើរការដដែលទេ ប៉ុន្តែសម័យកាលនៃការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍នេះ យើងមិនអាចជួបប្រជុំគ្នាបាន”។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានថ្លែងថា អាកាសយានដ្ឋានខេត្តបាត់ដំបង នៅពេលបច្ចុប្បន្ននេះ គឺជាប្រភេទអាកាសយានដ្ឋានក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម ដែលត្រូវតែពិនិត្យដើម្បីស្ដារ និងកែលម្អរឡើងវិញ ដោយបានប្រគល់ការងារឱ្យក្រុមមន្ត្រីជំនាញ សិក្សាលម្អិត ថាតើត្រូវកែលម្អរ និងអភិវឌ្ឍន៍អាកាសយានដ្ឋានមួយនេះរបៀបណា។

លោកបញ្ជាក់ថា “ជាជំហានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត4C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព”។ លោកបន្តថា “បន្ទាប់មកទៀត យើងបានពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្របទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី”។

ព្រលានយន្តហោះខេត្តបាត់ដំបង បានផ្តើមបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ក្រោយរបបខ្មែរក្រហមឡើងកាន់កាប់អំណាច។ បន្ទាប់ពីរបបនេះបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ហើយក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះ ត្រូវបិទដំណើរការរហូតបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here