រាជរដ្ឋាភិបាលសម្រេចង្កើត «ក្រុងបូកគោ» នៃខេត្តកំពតជាផ្លូវការហើយ

0

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ រាជរដ្ឋាភិបាលនៃកម្ពុជា បានសម្រេចង្កើតក្រុងបូកគោនៃខេត្តកំពត ដោយមានសង្កាត់ចំនួន៣ ដោយកាត់ចេញពីឃុំចំនួន៣នៃស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃទី១០ មីនា ២០២១និងទទួលបាននៅថ្ងៃទី ៣០ មីនា ២០២១នេះ ។

យោងតាមអនុក្រឹត្យដដែលបានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ហើយការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកឈូ ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មីនៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ។

បូកគោគឺជាតំបន់រមណីយដ្ឋានមួយនៅខេត្តកំពត និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិនិយោគិនជាតិនិងអន្តរជាតិក៏បានចាប់អារម្មណ៍លើការអភិវឌ្ឍតំបន់នេះផងដែរ ដោយមានក្រុមហ៊ុនឯកជន បានអភិវឌ្ឍន៍ជាតំបន់លំនៅឋាន ដីឡូត៍ ហើយក៏ទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋកម្ពុជាផងដែរ ។

ភ្នាក់ងារអចលនវត្ថុម្នាក់នៅខេត្តកំពតបានឱ្យដឹងថា បើទោះបីជាកម្ពុជាជួបប្រទះនឹងជំងឺកូវីដ១៩ក៏ខេត្តមួយនេះ ទទួលបានការវិនិយោគលើដីធ្លី ពីសំណាក់វិនិយោគិនក្នុងស្រុកជាពិសេសវិនិយោគិនមកពីរាជធានីភ្នំពេញ។អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគនៅក្នុងខេត្តនៅតែបន្តកើនឡើង ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក្តី ដោយសារខេត្តនេះមានសក្តានុពលច្រើន ដោយបច្ចុប្បន្ននេះគំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងសាងសង់នៅក្នុងក្រុងកំពត។លោកបន្តថា ចំណែកតំបន់ជើងភ្នំបូកគោ ក៏បាននិងកំពុងទាក់ទាញការវិនិយោគពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិជាប្រចាំផងដែរ។

លោកបន្តថា “សកម្មភាពអភិវឌ្ឍន៍ និងគំរោងវិនិយោគក្នុងខេត្តនៅតែបន្តកើនឡើង ហើយគ្មានគំរោងណាមួយត្រូវបានពន្យាពេលនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here