ក្រុមហ៊ុនFacebookកំពុងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាពតាមអ៊ីនធឺណិតនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Facebook កំពុងវិនិយោគយ៉ាងច្រើនលើឧបករណ៍ និងធនធានសុវត្ថិភាពអនឡាញ ជាពិសេសសម្រាប់កុមារនិងក្រុមងាយរងគ្រោះដទៃទៀត ដើម្បីធានាថា មនុស្ស៣ពាន់លាននាក់នៅទូទាំងពិភពលោក។

ពួកគេ (មនុស្ស៣ពាន់លាននាក់នៅទូទាំងពិភពលោក) កំពុងប្រើប្រាស់ និងចែករំលែកមាតិកា លើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន អាចប្រើប្រាស់និងចែករំលែកដោយសុវត្ថិភាព ដោយគ្មានការភ័យខ្លាចពីការបំពាន ការយាយី ការកេងប្រវ័ញ្ច ឬគ្រោះថ្នាក់តាមអនឡាញផ្សេងទៀត។ នេះបើយោងតាមការថ្លែងរបស់នាយកផ្នែកសុវត្ថិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook ទៅកាន់ក្រុមអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី៣០ ខែមីនា។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Facebook បានចំណាយប្រាក់ជាង៣,៧ពាន់លានដុល្លាទៅលើសុវត្ថិភាព និងសន្តិសុខ ដែលចំនួននេះច្រើនជាងប្រាក់ចំណូលទាំងមូល របស់ក្រុមហ៊ុន នៅពេលបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) របស់ខ្លួនកាលពីឆ្នាំ ២០១២។

ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបង្កើនចំនួនបុគ្គលិកបីដង ដែលធ្វើការលើកម្មវីធីសុវត្ថិភាព និងសន្តិសុខ រហូតដល់ជាង៣៥.០០០នាក់។ នេះបើយោងតាមការថ្លែងរបស់លោកស្រី Amber Hawkes នាយកផ្នែកសុវត្ថិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនFacebook ក្នុងអំឡុងសន្និសីទព័ត៌មាន តាមអនឡាញមួយក្នុងប្រ​ទេ​សកម្ពុជា។

ក្រុមហ៊ុន Facebook បានសហការជាមួយដៃគូសុវត្ថិភាព រាប់រយស្ថាប័ននៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Hawkes មានប្រសាសន៍ថា “នៅកម្ពុជា យើងបានចាប់ដៃគូជាមួយអង្គការសហប្រជាជាតិសម្រាប់ស្ត្រី អង្គការយូនីសេហ្វប្រចាំកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) អង្គការនារីដើម្បីសន្តិភាព និងអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា និងជាមួយបុគ្គលអាជីពសុខាភិបាល ដើម្បីធ្វើការងារលើបញ្ហាសុវត្ថិភាពនានា”។

ស្តង់ដារសហគមន៍របស់ក្រុមហ៊ុនFacebook ដែលត្រូវបានបកប្រែជាភាសាខ្មែរនាពេលថ្មីៗនេះ មានចែងអំពីអ្វីត្រូវអនុញ្ញាត ឬមិនត្រូវអនុញ្ញាតឲ្យចែករំលែ ក្នុងបណ្តាញទំនាក់ទំនងសង្គមមួយនេះ និងគ្របដណ្តប់លើអ្វីៗរាប់ចាប់ពីមាតិកា ដែលអាចរងការជំទាស់រួមទាំងភាសាស្អប់ខ្ពើម រហូតដល់បញ្ហាសុវត្ថិភាពនានា ដូចជា ការកេងប្រវ័ញ្ចមនុស្ស និងការធ្វើអត្តឃាត និងការបង្ករបួសស្នាមដល់ខ្លួនឯង។

ស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Facebook ក៏ផ្តល់ជូនវិធានការការពារបន្ថែមផងដែរសម្រាប់អនីតិជន។ ក៏មានលក្ខខណ្ឌតម្រូវអាយុអប្បបរមាផងដែរ មុនពេលអ្នកប្រើប្រាស់អាចបង្កើតគណនីមួយបាន។

លោកស្រី Hawkes បានពន្យល់ថា “Facebook តម្រូវឲ្យអ្នកប្រើប្រាស់មានអាយុយ៉ាងតិចណាស់១៣ឆ្នាំ មុនពេលពួកគេអាចបង្កើតគណនីមួយបាន។ យើងប្រើប្រាស់ឧបករណ៍បន្ថែម ដើម្បីការពារក្មេងៗជំទង់ ដែលកំពុងប្រើប្រាស់Facebook ដូចជាកំណត់ប្រភេទនៃការផ្សព្វផ្សាយពាណិជ្ជកម្ម កំណត់គណនីរបស់ពួកគេដោយស្វ័យប្រវត្តិថា ជាគណនីឯកជន ក្នុងគោលបំណងចែករំលែកតែជាមួយមិត្តភក្តិ ផ្ញើសារក្រើនរំលឹកពិសេសដល់អនីតិជន ដើម្បីទទួលការស្នើសុំធ្វើជាមិត្តតែពីមនុស្សដែលពួកគេស្គាល់”។

លោកស្រីបានមានប្រសាសន៍ទៀតថា កុមារ និងក្រុមងាយរងគ្រោះដទៃទៀតប្រ​ឈមនឹងបញ្ហាចំៗនិងដាច់ដោយឡែកពីគ្នា ហើយយើងមានគោលនយោបាយ ឧបករណ៍ និងធនធាន ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ គោលនយោបាយរបស់យើងគ្របដណ្តប់លើបញ្ហាសុវត្ថិភាពទូលំទូលាយ ក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់យើង។

កុមារអាយុក្រោម១៣ឆ្នាំ មានឱកាសអាចប្រើប្រាស់កម្មវិធីMessenger Kids ដែលជាកម្មវិធីផ្ញើសារប្រកបដោយសុវត្ថិភាព ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេដោយស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ។

អ្នកជំនាញផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Facebook បានរៀបចំធនធានការណែនាំ និងកម្មវិធីនានាដែលមាន ព័ត៌មានស្ដីពីសុវត្ថិភាពតាមអ៊ិនធឺណិតសម្រាប់ក្មេងៗជំទង់រួមមានមជ្ឈមណ្ឌលសុវត្ថិភាពហ្វេសប៊ុក និងមជ្ឈមណ្ឌលបង្ការការបំពាន និងមជ្ឈមណ្ឌលសុវត្ថិភាព Instragram ។

លោកស្រី Hawkes ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Facebook មានអ្នកត្រួតពិនិត្យមាតិកាប្រមាណ ១៥.០០០ នាក់ រួមមានទាំងអ្នកដែលអាចនិយាយភាសារខ្មែរផងដែរ ដោយត្រួតពិនិត្យមាតិកាចំនួនជាង ២លានមាតិកាជារៀងរាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here