ការរីកចម្រើន​នៃ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ជះ​ឥ​ទ្ឋិ​ពល​ដល់​បែបផែន​ជីវិត​យ៉ាងដូចម្តេច?

0

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ប្រមាណ​មួយ​ទសវត្ស​ចុងក្រោយ​នេះ។

អគារចាស់ៗមួយចំនួន ត្រូវបាន​កែលម្អ​និង​ជួល​សារជាថ្មី​ឡើងវិញ ខណៈដែល​អគារ​ខ្លះទៀត​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដើម្បី​ទុក​កន្លែង​ទំនេរថ្មី។

ប៉ុន្តែ​ទាំងនេះ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ក្នុងការ​រចនា​ម៉ូត​ស័ក្តិ​សមជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ទេ។

ខណៈដែល​ឥទ្ធិពល​របស់​បស្ចិមប្រទេស កំពុង​បញ្ចេញ​នូវ​ទស្សនវិជ្ជា​រចនា​លើ​គម្រោងថ្មីៗ ក៏បាន​មានការ​លេច​ទ្បើង​ទន្ទឹមគ្នា ដែលមាន​ការទាក់ទាញ និង​បំផុសគំនិត​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ និង​សំបូរបែប​របស់​ប្រទេស​កម្ពុជា ដែល​បាន​គេ​ឲ្យ​ឈ្មោះថា​ជា គឺ​ស្ថាបត្យកម្ម​បែប​ថ្មី។

ស្ថាបត្យកម្ម​បែប​ថ្មី​នេះ គឺជា​ទស្សនៈ​នៃ​ការ​រចនា​ដែល​បង្កើតឡើង​ដោយ​លោកស្រី Helen Grant Ross និង​លោក Darryl Leon Collins នៅក្នុង​សៀវភៅ​របស់​ពួកគាត់ “Building Cambodia: the New Khmer Architecture” ដែល​បាន​បោះពុម្ព​នៅ​ឆ្នាំ២០០២ ។

បំល្លាស់ប្តូរ​នេះ​ត្រូវបាន​ពិពណ៌នា​ថា ជាការ​រួមបញ្ចូល​គ្នា​នូវ​គោលការណ៍​ទំនើប ដែល​បាន​បង្កើតឡើង​នៅ​ភាគ​ខាងលិច ជាមួយនឹង​ការ​រចនា​បែប​បុរាណ​របស់​ខ្មែរ ដែលមាន​តាំងពី​បុរាណកាល រហូតដល់​ស្ថាបត្យកម្ម​សម័យអង្គរ (ឧទាហរណ៍​ប្រាសាទអង្គរវត្ត) ។

ការចាប់ផ្ដើម​នៃ​ស្ថាបត្យកម្ម​បែប​ថ្មី

បើទោះបីជា​គំហើញ​នេះ មិនទាន់​ហៅ​ឈ្មោះ​ជា​ផ្លូវការ​ថា​ជា ស្ថាបត្យកម្ម​បែប​ថ្មី ក៏ដោយ ប៉ុន្តែ​វា​ត្រូវបាន​គេ​មើលឃើញថា បានចាប់ផ្ដើម​តាំងពី​កំឡុង​ឆ្នាំ១៩៥០មកម្ល៉េះ ក្រោយពេល​ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ពី​បារាំង រហូតដល់​កំឡុង​ឆ្នាំ១៩៧០ មុនពេល​សង្គ្រាមស៊ីវិល​ចាប់ផ្ដើម។

ស្ថិតនៅក្រោម​ការឧបត្ថម្ភ និង​ចក្ខុវិស័យ​របស់​អតីត​សម្តេចព្រះ​នរោត្តម សីហនុ ដែល​បានចាប់ផ្តើម ក្នុងការ​អភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ១៩៥០ ។ បញ្ញវន្ត​ខ្មែរ​ជាច្រើន ជាពិសេស​អ្នក​ដែល​បាន​សិក្សា នៅ​បរទេស​បានមក​យក​បទពិសោធន៍ និង​ចំណេះដឹង​អំពី​បេតិកភណ្ឌ​ខ្មែរ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

ជាពិសេស​ស្ថាបត្យករ បាន​ក្លាយជា​មនុស្ស​សំខាន់ ក្នុងការ​សម្រេច​ចក្ខុវិស័យ​របស់​ព្រះមហាក្សត្រ។

ចំនុច​នេះហើយ​ដែល​បាន​បញ្ជាក់ថា លោក វណ្ណ ម៉ូលីវណ្ណ ជា​បុរស​ដែល​កំណត់ និង​រៀបចំ​ប្លង់​មេ នៃ​រាជធានី​ភ្នំពេញ សម្រាប់​ពាក់កណ្តាល​សតវត្ស​បន្ទាប់។

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សសរស្តម្ភ​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​ស្ថាបត្យកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ គាត់​ជា​បុគ្គល​មួយរូប​ដែល​លេចធ្លោ​បំផុត ក្នុងនាម​ជា​ស្ថាបត្យករ​រដ្ឋ​ក្រោម​ការ ដឹកនាំ​របស់​ព្រះមហាក្សត្រ។

លោក ម៉ូលីវណ្ណ បានរៀបចំ​ប្លង់​រចនា​សម្ព​ន្ធ័​ជាច្រើន​នៅក្នុង ប្រទេស​កម្ពុជា រួមមាន​អគារ​ពហុ​កីឡា​ជាតិ សាលសន្និសិទ​ចតុមុខ និង​វិមានឯករាជ្យ និង​ស្នាដៃ​សំណង់​ជាច្រើន​ទៀត រហូត​ទទួលបាន​ងារ​ជា​ស្ថាបត្យករ​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា។

ស្ថាបត្យកម្ម​បែប​ថ្មី​នាបច្ចុប្បន្ន

យោងតាម​អត្ថបទ គម្រោង​លោក​វណ្ណ ម៉ូលីវណ្ណ ដែលជា​ឯកសារ និង​អត្ថបទ​សិក្សា​អំពី​ស្នាដៃ​របស់លោក​វណ្ណ​ម៉ូលីវណ្ណ និង​ស្ថាបត្យកម្ម​បែប​ទំនើប​ដទៃទៀត ស្ថាបត្យកម្ម​បែប​ថ្មី​អាច​ត្រូវបាន​កំណត់​លក្ខណៈ ដូចជា ការប្រើប្រាស់​បេតុង។ ឯកសារយោង​ទាក់ទង​ទៅនឹង បច្ចេកទេស​សំណង់​នៅ​កម្ពុជា​ដែលមាន​ស្រាប់។ ការបង្កើត​លំហូរ​ខ្យល់​ធម្មជាតិ និង​ការដាក់​ស្រមោល​ស្រប តាម​អាកាសធាតុ​ត្រូ​ពិ​ក​របស់​ប្រទេស​កម្ពុជា។ ការប្រើ​គ្រឿង​លំអ ដោយ​បំផុសគំនិត​នៃ​ការតុបតែង​បែប​ប្រាសាទ​អង្គរ។

បច្ចុប្បន្ននេះ ស្ថាបត្យកម្ម​បែប​ថ្មី​នេះ កំពុង​បង្ហាញខ្លួន​សារជាថ្មី​ម្ដងទៀត​នៅក្នុង​វិស័យ ស្ថាបត្យកម្ម និង​សំណង់​របស់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន The Room Design Studio ដែល​ត្រូវបាន​គែ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង ដែល​នាំយក​នូវ​គំនិត​នៃ​ការ​រចនា​ម៉ូដ​ឈានមុខ​គេ​និង​លក្ខណៈ​ទំនើប​មក​ប្រទេស​កម្ពុជា។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ស្ថាបត្យករ​អាស៊ាន និង​ជា​អគ្គលេខាធិការរង​គណៈ​ស្ថាបត្យករ​ក​ម្ព​ជា​បាន​មានប្រសាសន៍ថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម បាន​ផ្លាស់ប្តូរ​បែបផែន​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ពិសេស​ការកើនឡើង​នូវ​កំដៅ​ផែនដី ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​អាកាសធាតុ បានធ្វើ​ឲ្យ​ស្ថាបត្យករ​ចាប់ផ្តើម​គិតគូ​ពី​លំនៅដ្ឋាន​បែប​បៃតង មានន័យថា​សាងសង់​លំនៅដ្ឋាន​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ។

លោក​បន្តថា “ការសាងសង់​លំនៅដ្ឋាន​នាពេល​បច្ចុប្បន្ន ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ជា​លំនៅដ្ឋាន​បែប​បៃតង កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី ជា​បែបផែន​នៃ​ស្ថាបត្យកម្ម​សម័យថ្មី និង​ជា​រស​និយម​ថ្មី​មួយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here