ដោយៈ ប៊ី
ភ្នំពេញៈ ការសិក្សាថ្មីមួយ បានរកឃើញថថា តម្លៃអចលនទ្រព្យ បើប្រៀបធៀបនឹងប្រាក់ចំណូល គិតជាមធ្យមនៅកម្ពុជា និងទីក្រុងហុងកុង បានធ្លាក់ចុះច្រើនជាងប្រទេសដទៃទៀត ចាប់តាំងពីមានវិបត្តិនៃជំងឺរាតត្បាត។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Aetna ចេញផ្សាយកាលពីថ្មីៗនេះ។
តម្លៃអចលនទ្រព្យនៅកម្ពុជា បានធ្លាក់ចុះពី -៦.៥៨ ឬថ្លៃជាង៣៩.៨៩ដង ប្រៀបធៀបនឹងប្រាក់ចំណូល ជាមធ្យមរបស់ប្រជាជនកម្ពុជា នៅចន្លោះឆ្នាំ២០១៩ និង២០២០ ហើយនៅហុងកុងធ្លាក់ចុះ៥,៨៦ ឬស្មើនឹង៤៣.៥២ដឹង ខណៈទីផ្សារអាស៊ីទាំងពីរនេះនៅតែមានតម្លៃថ្លៃជាងគេនៅលើពិភពលោក។
តម្លៃអចលនទ្រព្យនៅកម្ពុជាស្មើនឹង៤៦ដង បើធៀបនឹងប្រាក់ចំណូលរបស់ប្រជាជនជាមធ្យម នៅឆ្នាំ២០១៩ ហើយធ្លាក់ចុះ៦.៥៨ភាគរយ មកនៅត្រឹម៣៩.៨៩ដងនៅឆ្នាំ២០២០ ។
តម្លៃអចលនទ្រព្យ ដែលសំដៅទៅលើលំនៅដ្ឋាន (ផ្ទះ) ធ្លាក់ចុះនេះ មានន័យថា លំនៅដ្ឋានមានតម្លៃទាប ធៀបនឹងចំណូលរបស់ប្រជាជន។
គិតត្រឹមឆ្នាំ២០២១ ចំណូលរបស់ប្រជាជនម្នាក់ៗ គិតជាមធ្យមមាន១..៦៨០,០២ដុល្លារ ខណៈតម្លៃលំនៅដ្ឋានគិតជាមធម្យម៧ម៉ឺនដុល្លារ នៅតំបន់ជាយក្រុង និងតម្លៃលំនៅដ្ឋានទាប ឬខ្ពស់អាស្រ័យទៅលើទីតាំង និងគម្រោងអភិវឌ្ឍន៍។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់សំណង់ទូទាំងប្រទេសចំនួន៤.៨៤១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង២៩លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ៧,៧៥ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ៣២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។
អ្នកតាមដានការវិតវត្តន៍សេដ្ឋកិច្ច សង្គម និងអចលនទ្រព្យ លោកយិន លាងគង់បានមានប្រសាសន៍ថា មានការលើកឡើងពីអ្នកជំនាញជាច្រើន ពីតម្លៃអចលនទ្រព្យនៅកម្ពុជាមានតម្លៃទាប បើធៀបជាមួយប្រទេសជិតខាងកម្ពុជា ឬប្រទេសក្នុងតំបន់ ប៉ុន្តែពួកគេមិនបានធៀបប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា និងចំណូលរបស់ប្រជាជនប្រទេសជិតខាង និងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះនៅឡើយទេ។
លោកបន្តថា “ការកើនឡើងតម្លៃដីធ្លី ផ្ទះសម្បែងជារៀងរាល់ឆ្នាំ មិនអាចបង្កជាវិបត្តិលំនៅដ្ឋាននោះទេ ដោយសាររដ្ឋាភិបាលបានគិតគូររួចហើយ ពីការលើកទឹកចិត្តអ្នកវិនិយោគ ឲ្យគិតពីលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់ប្រជាជនមានជីវភាពមធ្យមនិងក្រោមមធ្យម” ។ លោកបន្តថា”ការរីកចម្រើនសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍” ។
លោកយិន លាងគង់បានបន្តថា ហេតុនេះកំនើនតម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាន មិនបង្កជាវិបត្តិនោះទេ ព្រោះប្រជាពលរដ្ឋមានចំណូលសមរម្យ ពិសេសពីអចលនទ្រព្យរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់មានលទ្ឋភាពកាន់តែច្រើន ក្នុងការទិញលំនៅដ្ឋានសំរាប់រស់នៅ និងសាងសង់លំនៅដ្ឋានលើដីរបស់ពួកគេ” ។
លោកបន្តថា “អ្នកអភិវឌ្ឍន៍បុរី លំនៅដ្ឋាននានានៅតែកើនឡើង ដោយសារពួកគេបានសិក្សារួចហើយ ពីតម្រូវការ ព្រោះបើគ្មានតម្រូវការជាមូលដ្ឋានទេ មិនមានការផ្គត់ផ្គង់នោះឡើយ” ៕