ផ្លូវល្បឿនលឿនជីមិញ-បាវិតតម្លៃជិត៦០០លានដុល្លារគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣

0

ដោយៈ ប៊ី

ហូជីមិញៈ ការស្ថាបនាផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃតម្លៃប្រមាណ៥៨៧លានដុល្លារ ដែលតភ្ជាប់ជាមួយព្រំដែនកម្ពុជា ក្នុងទីក្រុងបាវិត គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្មីៗនេះ។

អាជ្ញាធរនៅទីក្រុងហូជីមិញ និងខេត្តតាយនិញ ដែលជាកន្លែងច្រកទ្វារព្រំដែនម៉ុកបៃជាមួយប្រទេសកម្ពុជា កំពុងព្យាយាមបញ្ចប់នីតិវិធី និងការសិក្សាពីលទ្ធភាពសាង់សង់ផ្លូវល្បឿនលឿននេះនៅក្នុងឆ្នាំនេះ។ ការទូទាត់សំណងសម្រាប់ការទិញដីត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។ ដូច្នេះយ៉ាងយូរគម្រោងនេះ អាចចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២៣ ។

ផ្លូវល្បឿនលឿនប្រវែង៥៣គីឡូម៉ែត្រ នឹងរត់ពីផ្លូវក្រវ៉ាត់ក្រុងលេខ៣ ក្នុងស្រុកហុកមន (Hoc Mon) នៃទីក្រុងហូជីមិញ ទៅផ្លូវជាតិលេខ២២ ត្រង់តំបន់សេដ្ឋកិច្ចច្រកព្រំដែនម៉ុកបៃ ក្នុងខេត្តតាយនិញ។

ផ្លូវជាតលេខ២២ បច្ចុប្បន្នជាផ្លូវតែមួយគត់ ដែលតភ្ជាប់ទីក្រុងហូជីមិញ ជាមួយច្រកព្រំដែនម៉ុកបៃ និងមានភាពមមាញឹកក្នុងការធ្វើចរាចរណ៍ទៅ និងមកពីប្រទេសកម្ពុជា។

ផ្លូវល្បឿនលឿនថ្មីនេះរំពឹងថា នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងតៃនិញ និងតំបន់សេដ្ឋកិច្ចភាគខាងត្បូង។ ផ្លូវនេះនឹងមានផ្លូវចំនួន៤គន្លង ដែលអនុញ្ញាតឱ្យយានយន្ត អាចធ្វើដំណើរក្នុងល្បឿនអតិបរមា៨០គីឡូ​ម៉ែត្រ ក្នុងមួយម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here