ដោយៈ ប៊ី
ភ្នំពេញៈ រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពី អនុវត្តអាករបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ស្របតាមច្បាប់ស្តីពីសារពើពន្ធ។ នេះបើយោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ។
អនុក្រឹត្យនេះបានកំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តន៍អាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្គត់ផ្គង់ ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើពន្ធ។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត៍ ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធ អេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើង ដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តន៍តាមបទប្បញ្ញត្តិស្តីពី អាករលើតម្លៃបន្ថែមជាធរមាន។
រាល់អ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដោយផ្អែកតាមចំណាត់ថ្នាក់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការចុះបញ្ជីនេះ ត្រូវបានអនុវត្តសម្រាប់គោលដៅអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។
អ្នកជាប់ពន្ធអនិវាសនជន ដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមក អ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ពីខែដែល បានទូទាត់។
វិធាន និងនិតិវិធីលម្អិតនៃការអនុវត្តអនុក្រឹត្យនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕