ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសារស្នើសុំទៅដល់បណ្តាធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គួរកុំមានការផាកពិន័យចំពោះអតិថិជនដែលជាកូនបំណុលរបស់ខ្លួន ដែលកំពុងរងគ្រោះដោយសារតែវិបត្តិ នៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈកំពុងរាតត្បាត។
នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងកម្មករដែលបាត់បង់ការងារធ្វើ រាប់ទាំងអ្នកដែលកំពុងរងគ្រោះ និងជាប់ពាក់ព័ន្ធទៅនឹងកូវីដ១៩ផងដែរនោះ សូមស្នើសុំដល់ធនាគារ ត្រូវសិក្សាជាមួយអតិថិជនផ្ទាល់ពីលទ្ធភាព នៃការបង់ប្រាក់ និងការសងត្រឡប់។
សម្ដេចតេជោបានមានប្រសាសន៍ថា “អ្នកកើតជំងឺកូវីដដែលមិនមានលទ្ធភាពក្នុងការរកចំណូល គួរទទួលបានការពន្យាពេលសង ការរួចផុតពីការផាកពិន័យ ហើយរៀបចំឥណទានឡើងវិញយ៉ាងណានោះគឺត្រូវធ្វើជាកស្ដែង”។ សម្តេចបន្តថា “”ខ្ញុំសូមអរគុណចំពោះបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលបានចេញគោលការណ៍អនុគ្រោះមួយចំនួន ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹងនៃវិបត្តិដែលកំពុងមាន”។
ជាមួយនឹងការបង្ហាញពីការថ្លែងអំណរគុណខាងលើនេះ សម្ដេចតេជោក៏បានស្នើសុំទៅដល់បណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរថា បន្ថែមពីគោលការណ៍នៃការអនុគ្រោះទៅលើអតិថិជន ដែលជាកូនបំណុលរបស់ខ្លួន ដែលមានជំងឺកូវីដមិនត្រូវបានផាកពិន័យលើការបង់ប្រាក់ និងមិនត្រូវបានទាមទាក្នុងការបង់ប្រាក់ប្រចាំខែ ចំនួនមួយខែនោះ គួរអនុគ្រោះឱ្យបានយ៉ាងតិច២ខែ ដើម្បីអាចទុកលទ្ធភាពដល់កូនបំណុលក្នុងស្ថានភាពដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន។
សម្ដេចបានបញ្ជាក់ថា “ក្នុងដំណាក់កាលនេះ មិនគួរត្រូវបានប្រើនោះទេនូវពាក្យថា ផាកពិន័យ ការរឹបអូសទ្រព្យសម្បត្តិកូនបំណុលពីសំណាក់ធនាគារ”។
ទន្ទឹមនឹងការថ្លែងអំណរគុណ ចំពោះការចូលរួមរបស់សមាគមធនាគាឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា តាមរយៈការចេញនូវគោលការណ៍អនុគ្រោះ ដល់អតិថិជនដែលជាកូនបំណុលរបស់ខ្លួននោះ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះបណ្តាក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ ក្នុងវិស័យអចលនទ្រព្យ ដែលបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការពន្យាពេលបង់ប្រាក់រំលស់ ជាមួយអតិថិជនរបស់ខ្លួនផងដែរ ដែលទាំងអស់នេះ គឺជាការបង្ហាញពីសកម្មភាពនៃការចូលរួម និងចែករំលែកក្នុងគ្រាដែលមានផលលំបាកនៅក្នុងប្រទេសកម្ពុជា៕