ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ វត្តមានអាគារការិយាល័យលំដាប់អន្តរជាតិថ្មីមួយ លើមហាវិថីព្រះនរោត្តម និងការសាងសង់យ៉ាងសកម្ម នៃគម្រោងផ្សារទំនើប AEON MALL3 ដែលមានតម្លៃ២៦០លានដុល្លារអាមេរិក បាននិងកំពុងឆ្លុះបញ្ចាំងពីទំនុកចិត្ត របស់អ្នកវិនិយោគជប៉ុននៅកម្ពុជារួចហើយ។
ក្រុមហ៊ុនជប៉ុនជាច្រើនបាន និងកំពុងត្រៀមខ្លួនចូលមកកម្ពុជា បន្ទាប់ពីបញ្ចប់វិបត្តិជំងឺកូវីដ១៩ ខណៈក្រុមហ៊ុនដែលបានចូលមករួចហើយ ត្រៀមពង្រីកមូលដ្ឋានវិនិយោគរបស់ពួកគេនៅកម្ពុជា ដែលបច្ចុប្បន្នអាគារការិយាល័យ សណ្ឋាគារ អាផាតម៉ិន ផ្សារទំនើប មន្ទីរពេទ្យ ទីលានវាយកូនហ្គោលជាដើម ត្រូវបានអ្នកវិនិយោគជប៉ុនបានវិនិយោគនៅកម្ពុជារួចហើយ។
ជាពិសេសថ្មីៗនេះ ក្រុមហ៊ុនមានជំនាញផ្នែកអភិវឌ្ឃន៍ លំនៅដ្ឋានធំមួយនៅប្រទេសជប៉ុនបាននិងកំពុងត្រៀម បង្ហាញគំរោងពួកគេជាលើកដំបូងលើផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ថា ការមកដល់របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា និងប្រទេសណាមួយ បានបង្ហាញពីទំនុកចិត្ត របស់អ្នកវិនិយោគជប៉ុនលើប្រទេសនោះ ពិសេសវាឆ្លុះបញ្ចាំងនូបបរិយាកាសវិនិយោគនៅប្រទេសនោះ មានភាពល្អប្រសើរ ទាំងការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាបទដ្ឋានច្បាប់គតិយុត្តិនានា មានភាពសមស្រប ដែលគ្មានភាពស្មុគ្រស្មាញដល់ការងាររកស៊ីរបស់ពួកគេ។
លោកបន្តថា “ជាមួយនឹងការកែទម្រង់ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល យើងសង្ឃឹមថា វិនិយោគិនជប៉ុននឹងមកកាន់កម្ពុជា កាន់តែច្រើននាពេលឆាប់ៗនេះ ពិសេសក្រោយវិបត្តិជំងឺកូវីដបញ្ចប់” ។
សេដ្ឋវិទូម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា វត្តមានរបស់វិនិយោគិនជប៉ុន កាន់តែច្រើនកាលណា កាន់តែល្អកាលនោះ ព្រោះអ្នកវិនិយោគជប៉ុនមុនចូលប្រទេសណាមួយ ពួកគេស្ទាបហើយស្ទាបទៀត ដើម្បីប្រាកដថាប្រទេសដែលពួកគេ ទៅវិនិយោគគ្មានហានិភ័យ និងអាចទុកចិត្តបាន។
លោកបន្តថា “ការចាប់ផ្តើមជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ជប៉ុន ANA Airline កន្លងមក បានធ្វើឲ្យទំនាក់ទំនងកាទូត និងនយោបាយកម្ពុជា ជប៉ុនផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ” ។ លោកបន្តថា “បើគិតរហូតមកទល់ពេលនេះ ជប៉ុនបានក្រាលមូលដ្ឋានសម្រាប់ការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ” ។
ជាមួយនឹងគោលនយោបាយបើកចំហជើងមេឃ ការកែទម្រង់ជាបន្តបន្ទាប់ កម្ពុជាបានក្លាយជាកូនក្រមុំមួយ កម្ពុជាបានក្លាយជាគោលដៅវិនិយោគ របស់វិនិយោគិនអន្តរជាតិ ដោយសារកម្ពុជាមានច្បាប់ ដែលលើកទឹកចិត្តវិនិយោគិនបរទេស ដែលអាចបើក្រុមហ៊ុនដោយបោះទុន១០០ភាគរយដោយខ្លួនឯងបាន កម្ពុជាបានអនុម័តច្បាប់សហកម្មសិទ្ឋឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាចទិញផ្ទះពីជាន់ទី១ឡើងទៅ កម្ពុជាបានរៀបចចំប្រព័ន្ឋច្បាប់ពន្ឋ ដែលគ្មានលក្ខណៈស្មុគ្រស្មាញ និងសម្រួលដល់ការនាំចេញនូវប្រាក់ចំណេញទៅប្រទេសរបស់ខ្លួនបានជាដើម៕