ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងបរិបថដែលកំពុងញាំញីដោយវិបត្តិ នៃជំងឺកូវីដ១៩បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់វិស័យមួយចំនួន ដែលក្នុងនោះរាប់ទាំងទីផ្សារលំនៅដ្ឋានផងដែរនោះ បានធ្វើឱ្យគម្រោងនានា ដែលកំពុងដាក់លក់ប្រើនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីជំរុញការលក់ចេញ រហូតមានពេលខ្លះមិនបានគិត ទៅលើហានិភ័យពីការលក់នៅពេលអនាគតផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលទ្រព្យកម្ពុជា ឧកញ៉ាឃាង ពុទ្ធីបានមានប្រសាសន៍នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា ក្រុមហ៊ុនអភវឌ្ឍន៍មួយចំនួន នៅក្នុងដំណាក់នេះ បានប្រើនូវយុទ្ធសាស្ត្រទីផ្សារច្រើនវិធី ដើម្បីធ្វើយ៉ាងណាអាចជំរុញការលក់របស់ខ្លួន ជាពិសេសការលក់លំនៅដ្ឋានក្រោមទម្រង់នៃការបង់រំលោះ។
លោកបន្តថា “ទម្រង់នៃការលក់អចលនវត្ថុ ជាពិសេសលំនៅដ្ឋានដោយការបង់រំលស់នេះ គឺមានប្រជាប្រិយភាពណាស់ ហើយនៅតាមបណ្តាប្រទេសផ្សេងៗ ក៏មានការលក់បែបនេះដែរ” ។ លោកបន្តថា “សូម្បីនៅសហរដ្ឋអាមេរិកក៏ដោយ ព្រោះងាយទទួលបានអតិថិជន ហើយអតិថិជនក៏អាចមានលទ្ធភាព ក្នុងការទិញដោយបណ្តាក់ជាបន្តបន្ទាប់(បង់រំលោះ)” ។
លោកបានលើកឡើងថា ក្នុងកាលៈទេសៈនេះ មិនថាក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ ឬភ្នាក់ងារលក់នោះទេ តែងជំរុញការលក់គម្រោងរបស់ខ្លួន ដែលកំពុងជួបភាពស្ងប់ស្ងាត់ ប៉ុន្តែទោះជាយ៉ាងណាក៏កុំភ្លេចពិនិត្យ និងសិក្សាលម្អិតទៅលើអតិថិជន ដែលកំពុងមានបំណងទិញលំនៅដ្ឋាន ក្នុងគម្រោងរបស់ខ្លួនរបស់ខ្លួនថា តើអាចមានហានិភ័យទៅថ្ងៃអនាគតឬទេ ជាពិសេសសំដៅទៅលើលទ្ធភាព នៃការបង់រំលស់ ក្នុងរយៈពេលវែងរបស់អតិថិជនតែម្ដង។
ឧកញ៉ាបានបញ្ជាក់ថា “ជាធម្មតាមនុស្សនៅពេលដែលឃើញ អចលវត្ថុណាមួយដែលមានតម្លៃទាបជាងទីផ្សារគឺចង់បាន ជាពិសេសសម្រាប់អ្នកមិនទាន់មានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិផ្ទាល់ខ្លួន នៅពេលដែលឃើញគម្រោងមួយល្អ ផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួល ក៏ចាប់អារម្មណ៍ទិញ ដោយថ្លឹងថ្លែងពីលទ្ធភាព នៃការបង់ជាក់ស្ដែងដែលខ្លួនមាន ប៉ុន្តែភាគច្រើនហាក់មិនបានគិតវែងឆ្ងាយ ទៅថ្ងៃអនាគតដែលអាចកើតមានជាយថាហេតុដោយប្រការណាមួយនោះទេ” ។
លោកបានលើកជាឧទាហរណ៍ថា ជាក់ស្ដែងនៅក្នុងសម័យកូវីដនេះស្រាប់ មានអតិថិជនមួយចំនួន គាត់មិនទាន់មានបញ្ហារចន្តសាច់ប្រាក់ ក្នុងការបង់រំលស់នោះទេបើទោះជាគាត់នៅជាប់បំណុលធនាគារឯកជន និងមានលទ្ធភាពបង់ជាបន្តបន្ទាប់ក៏ដោយ ហើយគាត់ថែមទាំងអាច នៅសល់សាច់ប្រាក់ប្រចាំខែថែមទៀត។
ដូច្នេះនៅពេលគាត់ឃើញមានគម្រោងល្អ លក់ក្នុងតម្លៃទាប ហើយលក្ខខណ្ឌនៃការបង់ស្របទៅនឹងចរន្តសាច់ប្រាក់ ដែលគាត់កំពុងមាន ដូច្នេះគាត់អាចសម្រេចចិត្តទិញ ដូច្នេះមានន័យថា គាត់បានបន្ថែមនូវបំណុលថ្មី។ ជួនជាចៃដន្យ អាជីវកម្ម ឬការងារ ដែលជាប្រភពចំណូលរបស់គាត់ មានបញ្ហាដោយប្រការណាមួយ។ ដូច្នេះវានឹងជះឥទ្ធិពលអាក្រក់ និងកើតមានបញ្ហារួមគ្នា បញ្ហាទាំងចំណូលគ្រួសារ បញ្ហាទាំងការបង់ធនាគារ និងបញ្ហានៃការបង់រំលោះលំនៅដ្ឋាន។ ជារួម នៅមុនពេលសម្រេចលក់ លំនៅដ្ឋានទៅឱ្យអតិថិជន នៅក្នុងដំណាក់កាលត្រូវតែសិក្សា ពីលទ្ធភាពរបស់អតិថិជនឱ្យបានច្បាស់ជៀសវាងកើតមានហានិភ័យនៅថ្ងៃខាងមុខ៕