ដោយៈ រ៉ាណេត
បាត់ដំបងៈ ស្ពានថ្មថ្មីឆ្លងកាត់សទឹងសង្កែក្រុងបាត់ដំបង់ (ស្ពាន១៣មករា)ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ដែលទើបបញ្ចប់ការសាងសង់នៅស្រប នឹងស្ពានចាស់ដែលមានអាយកាលជាង១០០ឆ្នាំ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចររបស់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរជាតិ និងអន្តរជាតិហើយ។
ស្ពានថ្មថ្មីដែលដាក់ឈ្មោះថា “ស្ពាន១៣មករា” ដែលទើបបញ្ចប់ការសាងសង់ក្រោមថវិកាឧបត្ថម្ភពីសប្បុរសជន និងការជ្រោមជ្រែងពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានសម្រេចដាក់ឱ្យដំណើរការជាបណ្តោះ។
លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវស្ពានថ្មថ្មី១៣មករានេះ ជាចំណងដៃថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ នាឱកាសពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរលូន។
លោកបន្តថា ស្ពាន១៣មករានេះ បានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដោយយកលំនាំដើមតាមស្ពានថ្មចាស់ បន្សល់ទុកតាំងពីសម័យបារាំង និងមានអាយុកាលជាង១០០ឆ្នាំ ដែលសព្វថ្ងៃកំពុងមានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើដំណើរបាន ។
លោកងួន រតនៈបានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការកំណត់ទិសដៅចរាចរណ៍ សម្រាប់ធ្វើដំណើរលើស្ពាននេះ ដោយស្ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកំណត់ជាចរាចរណ៍ឯកទិស សម្រាប់ឆ្លងកាត់ស្ទឹងសង្កែ ក្នុងទិសដៅមកពីរាជធានីភ្នំពេញ ពោលគឺពីទិសខាងកើត មកទៅខាងលិច ចំណែកស្ពាន១៣មករា ត្រូវបានកំណត់ចរាចរណ៍ជាឯកទិស សម្រាប់ឆ្លងកាត់ស្ទឹងសង្កែក្នុងទិសដៅចេញទៅរាជធានីភ្នំពេញ គឺពីទិសខាងលិចទៅទិសខាងកើតវិញ ដោយការរៀបចំនេះ ត្រូវបានរដ្ឋបាលខេត្តបានប្រកាស ឲ្យប្រជាពលរដ្ឋអនុវត្តចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១តទៅ៕