ដោយយិន លាងគង់ៈស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea
ភ្នំពេញៈ មនុស្ស៣៨នាក់ហើយបានបាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៤៨០នាក់ គិតរហូតមកទល់ពេលនេះ ខណៈការឆ្លងជំងឺនេះក្នុងសហគមន៍៍នៅតែមានសភាពធ្ងន់ធ្ងរ ដោយនៅថ្ងៃទី១៦ មេសានេះ ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសមានចំនួនរហូតដល់២៦២នាក់។
ដោយមើលឃើញស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលបានសម្រេចបបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលចំនួន១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ដល់២៨មេសាខាងមុខនេះ។
ការបិទខ្ទប់នេះ វាជាពេលវេលា “នៃការទទួលខុសត្រូវ កាតព្វកិច្ច ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវចូលររួមអនុវត្តន៍ ចូលរួមទទួលខុសត្រូវលើវាសនារបស់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន សង្គម និងប្រទេសជាតិរបស់ខ្លួន” ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍កាលពីរាត្រីថ្ងៃទី១៤ មេសាកន្លងមកថា ការបិទនេះ មិនមែនមានន័យថាជាការធ្វើបាបប្រជាពលរដ្ឋនោះដែរ តែកំឡុងពេលបិទខ្ទប់នេះ នឹងហាមប្រជាពលរដ្ឋមិនឲ្យចេញពីលំនៅដ្ឋាន ក្នុងករណីមិនចាំបាច់” ។
សម្តេចបន្តថា “យើងកំពុងស្ថិតនៅលើមាត់ជ្រោះមរណៈហើយ បើមិនប្រឹងររួមគ្នានឹងឈានទៅរកមរណៈ” ។
សារដ៏ច្បាស់លាស់នេះ បាននិងកំពុងបង្ហាញសញ្ញាថា ពេលវេលានៃអន្តរកាលនេះ ស្ថិតនៅលើមាត់ជ្រោះនៃសេចក្តីស្លាប់ និងការទទួលខុសត្រូវលើជីវិតរបស់ខ្លួន ដែលយើងម្នាក់ៗ ត្រូវតែរួមចំណែកលើបញ្ហាសង្គមជាតិ និងឆាកជីវិតរបស់ខ្លួន និងរួមគ្នាដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ដ៏គួរឲ្យសោកសៅនេះ។
ប្រវត្តិសាស្ត្រ
សម្រាប់មជ្ឈឹមវ័យ ដែលកើតមុន និងបានធំដឹងក្តីលើព្រឹត្តិការណ៍៍១៧ មេសា ឆ្នាំ១៩៧៥ ពិតជាបានដឹងពីវិនាសកម្មនិងសោកនាដកម្ម នៃកលយុគនោះ។ ប៉ុន្តែអ្នកមិនបានហែលឆ្លងព្រឹត្តិការណ៍នោះ មិនបានចងចាំពីសោកនាដកម្ម ដែលកន្លងផុតរយៈពេល៤៦ឆ្នាំកនន្លងមកនេះនោះទេ ប៉ុន្តែព្រឹត្តិការណ៍បិទខ្ទប់រាជធានី និងក្រុងតាខ្មៅក្នុងរាត្រីថ្ងៃទី១៤ មេសា ដែលជាពេលវេលាអំណរឆ្នាំថ្មីរបស់ប្រជាពលរដ្ឋ ក៏បានស្លោកស្រពោន និង ក្លាយជាពេលវេលាដ៏សោកសៅ ដោយសាររដ្ឋាភិបាលបិទរាជធានីទៅវិញ។
“ការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះក្នុងករណីមិនចាំបាច់នេះ មិនមែនជាដំណើការធ្វើឲ្យប្រជាជនស្លាប់ និងរងការលំបាកនោះដែរ” ។ នេះជាប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន។
រដ្ឋមន្ត្រីក្រសួងព៌តមានលោកខៀវ កាញ៉ារិទ្ឋបានមានប្រសាសន៍ថា “១៧មេសា ឆ្នាំ១៩៧៥ជាការចុះនរក ១៧មេសា ឆ្នាំ២០២១ ជាការទប់កុំឲ្យធ្លាក់នរក” ។
ជាមួយនឹងការកើនឡើងនូវការឆ្លងរាលដាល ដែលមានល្បឿនលឿន និងមិនអាចប៉ាន់ប្រមាណបាននេះ ការបិទខ្ទប់រយៈពេល១៤ថ្ងៃ អាចនឹងមានប្រសិទ្ឋភាពឬយ៉ាងណាអាស្រ័យលើប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ និងការចូលរួមរបស់អាជ្ញាធរដោយប្រយោល។
ការបិទខ្ទប់អាចនឹងអូសបន្លាយពេល?
ការដាក់ចេញវិធានការណ៍បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលពីរស ប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ដល់២៨មេសាខាងមុខ ជាការសាកល្បងមួយ ដើម្បីធ្វើ ឲ្យប្រាកដថា ការរីករាលដាលជំងឺកូវីដក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០ កុម្ភៈអាចគ្រប់គ្រងបាន ហើយបើអ្វីៗមានស្ថានភាពល្អប្រសើរ ការបិទខ្ទប់នឹងបញ្ចប់់ ប៉ុន្តែបើស្ថានភាពនៅតែមានការរីករាលដាលធ្ងន់ធ្ងរនៃជំងឺនេះ អ្វីៗអាចនឹងមានការពន្យាពេល។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានកាលពីរាត្រីថ្ងៃទី១៥ មេសាកន្លងមក ដោយព្រមានថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅអាចនឹងពន្យាពេល ប្រសិនជាការរីករាលជំងឺកូវីដនៅតែបន្តធ្ងន់ធ្ងរ ដោយសារគ្មានការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោកបន្តដោយអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ និងអនុវត្តន៍៍តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ពិសេសវិធានណែនាំរបស់ក្រសួងសុខាភិបាល គឺ “៣កុំ ៣ការពារ” ។
ហេតុនេះការបិទញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងការបិទខ្ទប់រយៈពេល១៤ថ្ងៃអាចបញ្ចប់តាមពេលវេលាកំណត់ឬយ៉ាងណា អាស្រ័យលើការចូលរួមអនុវត្តន៍៍វិធានការណ៍តឹងរ៉ឹង និងម៉ឺនមាត់របស់អាជ្ញាធរ រាជធានី និងក្រុងតាខ្មៅ ពិសេសការចូលរួមដោយការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន៕