ដោយៈ រ៉ាណេត
ភ្នំពេញៈ តើក្នុងកាលៈទេសៈនេះ តើគួរធ្វើយ៉ាងណា ទើបអាចទទួលបានកម្ចីពីធនាគារ? និងទទួលបានលក្ខខ័ណ្ឌពិសេស ខណៈដែលជំងឺកូវីដ១៩ កំពុងវាយលុក?។
ឆ្លើយតបទៅនឹងប្រធានបទមួយខាងលើនេះ អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ លោកង៉ែត ជូ បានមានប្រសាសន៍ថា មិនថាស្ថិតនៅក្នុងកាលទេសៈ ឬបរិបទណានោះទេ មុនពេលសម្រេចចិត្តស្វែងរក និងទទួលយកកម្ចីពីធនាគារណាមួយ ចាំបាច់ត្រូវតែស្វែងយល់ពីធនាគារឯកជនឱ្យបានច្បាស់ជាមុនសិន។
លោកបន្តថា មុនពេលធ្វើការចរចាជាមួយភាគីតំណាងធនាគារ យើងគម្បីដឹងថា ធនាគារឯកជនគឺជាស្ថាប័នមួយ ដែលស្វែងរកប្រាក់ចំណេញ តាមរយៈការទទួលបានការប្រាក់កម្ចីពីអតិថិជន ហើយយើងក្នុងនាមជាអតិជន ក៏ទទួលបានផលប្រយោជន៍ពីកម្ចីធនាគារ ដោយយកប្រាក់កម្ចីមកដំណើរការអាជីវកម្ម ឬបង្វិលសាច់ប្រាក់នៅក្នុងមុខជំនួញណាមួយ ដើម្បីទទួលបានចំណេញដូចគ្នា ដូច្នេះមានន័យថា ភាគីទាំង២គឺជាដៃគូវិនិយោគដើម្បីផលចំណេញដូចគ្នា។
លោកបញ្ជាក់ថា “អ្នកមានបញ្ហាសាច់ប្រាក់ខ្លះ គឺចង់បានសាច់ប្រាក់ជំនួយភ្លាមៗមកដោះស្រាយបញ្ហា បើទោះជាត្រូវបង់ការប្រាក់ខ្ពស់ក៏ទទួលយក ប៉ុន្តែនៅពេលដែលឮថាកម្ចីពីធនាគារគឺមានភាពរារ៉ែក ហើយមិនសូវមានទំនុកចិត្តក្នុងទទួលបានកម្ចីពីធនាគារនោះទេ(ភ័យព្រួយខ្លាចមិនបានកម្ចី)រឹតតែមិនហ៊ានចរចាជាមួយភាគីធនាគារ” ។
លោកបន្តថា មិនថាទោះជាអ្នកគោលបំណងអ្នកខ្ចី សម្រាប់ដោះស្រាយអាជីវកម្មលក្ខណៈគ្រួសារ ឬកម្ចីសម្រាប់ការវិនិយោគ ក្នុងទីផ្សារអចលនទ្រព្យក៏ដោយ មុនពេលសម្រេចចិត្តទទួលយកកម្ចីពីធនាគារណាមួយ អ្នកគម្បីត្រូវតែសិក្សាពីធនាគារដទៃទៀតឱ្យបានយ៉ាងតិច៣-៤ ដើម្បីបានដឹងពីលក្ខខណ្ឌនានា និងប្រៀបធៀបគ្នារវាងធនាគារទាំងនោះ ដោយមិនត្រូវមានតែជម្រើសតែមួយនោះទេ។
ព្រោះធនាគារតែងមានលក្ខខណ្ឌផ្សេងគ្នា ដូចជាអត្រាការប្រាក់ រយៈពេលនៃការបង់ ការកំណត់យកវត្ថុបញ្ចាំជាដើម។ ម្យ៉ាងទៀតការណ៍ដែលបានដឹងព័ត៌មានធនាគារផ្សេងគ្នាបានច្រើន យើងក៏មានជម្រើសកាន់តែច្រើន។ យើងមិនត្រូវឱ្យភាគីធនាគារជាអ្នកជ្រើសរើសយើងនោះទេ ប៉ុន្តែយើងទេជាអ្នកជ្រើសរើសធនាគារ។
លោកបានលើកឡើងថា ទោះជាស្ថិតនៅក្នុងកាលទេសៈបែបនេះក៏ដោយ នៅពេលដែលបានសិក្សាលម្អិត ទៅលើលក្ខណ្ឌនានា របស់បណ្តាធនាគារពាក់ព័ន្ធទៅនឹងការផ្តល់កម្ចីរួចរាល់ ជាមួយនឹងការសិក្សាទៅលើមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជា កម្ចីសម្រាប់វិនិយោគ នៅក្នុងទីផ្សារអចលនទ្រព្យផ្នែកណាមួយ រួមជាមួយនឹងរំហូរសាច់ប្រាក់ប្រចាំខែដែលអាចសមល្មម ក្នុងការទូទាត់សង់បង្វិលជាប្រចាំខែ ក្នុងរយៈពេលយូរ និងមានស្ថេរភាពនោះ អ្នកពិតជានឹងអាចទទួលបានកម្ចី ពីធនាគារបានយ៉ាងល្អស្របតាមបំណងជាក់ជាមិនខាន៕