ដោយ សុខុម
បាងកក: សហរដ្ឋអាមេរិក បានចៀសវាងមិនកំណត់ថាប្រទេសជាដៃគូពាណិជ្ជកម្មណាមួយរបស់ខ្លួនជាអ្នកក្រឡុកតម្លៃរូបិយប័ណ្ណនោះឡើយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១៦ មេសា។
លទ្ធផលនៃការវាយតម្លៃថ្មីនេះ ត្រូវបានបង្ហាញតាមរយៈរបាយការណ៍គោលនយោបាយរូបិយប័ណ្ណបរទេសដំបូងបង្អស់របស់រដ្ឋការលោក ចូ បៃឌិន បើទោះបីជាប្រទេសស្វ៊ីស កោះតៃវ៉ាន់ និងប្រទេសវៀតណាម បានឈានដល់កម្រិតបង្កផលប៉ះពាល់យ៉ាងណាក្ដី។
ថៃ ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១១ដែលជាប់ក្នុងបញ្ជីឃ្លាំមើលនៅឡើយ នោះមានន័យថា ប្រទេសទាំងនោះបានបំពាន២រួចទៅហើយក្នុងចំណោមលក្ខខណ្ឌទាំង៣ ដែលអាចកំណត់បានថាជាការក្រឡុកតម្លៃរូបិយប័ណ្ណ ដែលអាចធ្វើឱ្យសហរដ្ឋអាមេរិក ខាងបង់ប្រយោជន៍ផ្នែកពាណិជ្ជកម្ម។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានលើកឡើងតាមរយៈរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៦ មេសាថា ប្រទេសស្វ៊ីស កោះតៃវ៉ាន់ និងប្រទេសវៀតណាម បានបំពានលក្ខខណ្ឌដែលអាចកំណត់បានថាជាការក្រឡុកតម្លៃរូបិយប័ណ្ណ រួមទាំងអតិរេកពាណិជ្ជកម្មដ៏ធំមួយជាមួយសហរដ្ឋអាមេរិក ផងដែរ។ ប៉ុន្តែក្រសួងនេះលើកឡើថថា “គ្មានភ័ស្តុតាងគ្រប់គ្រាន់” ដើម្បីទាញការសន្និដ្ឋានថា ប្រទេសទាំងនោះមានចេតនា “រារាំងទប់ស្កាត់តុល្យភាពនៃការកែតម្រូវការទូទាត់ ឬទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែងដោយមិនត្រឹមត្រូវនៅក្នុងពាណិជ្ជកម្មអន្តរជាតិ” នោះឡើយ។
មន្ត្រីរតនាគារមួយរូបបានប្រាប់ក្រុមអ្នកយកព័ត៌មានថា សេចក្ដីសម្រេចមិនកំណត់ថាប្រទេសណាមួយជាអ្នកក្រឡុកតម្លៃរូបិយប័ណ្ណនេះមិនគួរត្រូវបានចាត់ទុកជាសារចម្រុះឡើយ។ កាលពីខែធ្នូ ចុងឆ្នាំ២០២០ របាយការណ៍ចុងក្រោយដែលធ្វើឡើងក្រោមរដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានកំណត់ថា ប្រទេសស្វ៊ីស និងប្រទេសវៀតណាម ជាអ្នកក្រឡុកតម្លៃរូបិយប័ណ្ណ។
ការវាយតម្លៃថ្មីនេះជាសញ្ញាបង្ហាញថា រដ្ឋការរបស់លោក ចូ បៃឌិន កំពុងប្រើវិធីសាស្ត្រកាត់បន្ថយការប្រឈមដាក់គ្នានៅក្នុងគោលនយោបាយរូបិយប័ណ្ណអន្តរជាតិ បន្ទាប់ពីរដ្ឋការរបស់លោក ដូណាល់ ត្រាំ បានចុះបញ្ជីខ្មៅមហាយក្សចិន និងប្រទេសមួយចំនួនទៀតថាជាអ្នកក្រឡុកតម្លៃរូបិយប័ណ្ណ។
សហរដ្ឋអាមេរិក បានទទួលស្គាល់ថា ផលប៉ះពាល់នឹកស្មានមិនដល់ដែលបង្កឡើងដោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក បាននាំឱ្យរដ្ឋាភិបាល និងធនាគារកណ្ដាលនានាធ្វើការឆ្លើយតបទៅនឹងគោលនយោបាយប្រកបដោយភាពបត់បែន និងច្នៃប្រឌិត។ សម្រាប់ហេតុផលនោះ ក្រសួងរតនាគារបានលើកឡើងថា ខ្លួនកំពុងព្យាយាមស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសកម្មភាពរូបិយប័ណ្ណរបស់ប្រទេសស្វ៊ីស កោះតៃវ៉ាន់ និងប្រទេសវៀតណាម ដើម្បីកំណត់ថា តើអន្តរាគមន៍ទាំងនោះត្រូវបានធ្វើឡើងដោយចេតនាដើម្បីទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មដោយមិនត្រឹមត្រូវ ឬក៏គ្រាន់តែធ្វើឡើងដើម្បីដោះស្រាយវិបត្តិ។
ប្រទេសអៀរឡង់ និងប្រទេសម៉ិកស៊ិក ត្រូវបានបន្ថែមទៅក្នុងបញ្ជីឃ្លាំមើលរបស់ក្រសួងរតនាគារ ដែលមានន័យថា ប្រទេសទាំងនោះបានបំពាន២រួចទៅហើយក្នុងចំណោមលក្ខខណ្ឌទាំង៣ ដែលអាចកំណត់បានថាជាការក្រឡុកតម្លៃរូបិយប័ណ្ណ។ ក្រសួងរតនាគារបានរក្សាទុកមហាយក្សចិន ប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ក្នុងបញ្ជីឃ្លាំមើលដដែល។
ក្រសួងរតនាគារនិយាយថា កង្វះតម្លាភាពរបស់មហាយក្សចិន ជុំវិញសកម្មភាពនៅតាមបណ្ដាធនាគារដែលគ្រប់គ្រងដោយរដ្ឋ ត្រូវតែស្ថិតក្រោមការឃ្លាំមើលឱ្យដិតដុលបំផុត។ ធនាគារទាំងនោះអាចធ្វើសកម្មភាពនៅក្នុងទីផ្សាររូបិយប័ណ្ណជាមួយនឹងការចង្អុលបង្ហាញជាផ្លូវការ ដោយសារតែមានទំនាក់ទំនងជិតស្និទ្ធជាមួយធនាគារកណ្តាលរបស់មហាយក្សចិន។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារបានចេញសេចក្តីថ្លែងការណ៍មួយភ្ជាប់ជាមួយរបាយការណ៍នេះថា “ក្រសួងរតនាគារកំពុងធ្វើការដោយមិននឿយហត់ដើម្បីដោះស្រាយបញ្ហាដែលបណ្ដាសេដ្ឋកិច្ចបរទេសប្រឹងប្រែងក្រឡុកតម្លៃរូបិយប័ណ្ណរបស់ខ្លួន ដែលធ្វើឱ្យសហរដ្ឋអាមេរិក បាត់បង់ប្រយោជន៍ដោយមិនត្រឹមត្រូវ” ៕