ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia
ភ្នំពេញៈ ព្រឹត្តិការណ៍២០កុម្ភៈ បាននិងកំពុងធ្វើឲ្យមនុស្សគ្រប់គ្នាតក់ស្លុត ដោយសារទីក្រុងភ្នំពេញ ត្រូវបានបិទខ្ទប់ជាលើកដំបូង ក្នុងរយៈពេល៤៦ឆ្នាំមកនេះ ដែលកាលៈទេសៈបែបនេះ បានធ្វើឲ្យយុវជនដែលបានកើតនិងធំដឹងក្តី ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ មិនយល់ពីអារម្មណ៍មួយនេះទេ។
វាជារឿងគួរឲ្យតក់ស្លុតមួយ សម្រាប់អារម្មណ៍ និងស្ថានការណ៍ដ៏ច្រួលច្របល់ និងការត្រូវស្នាក់នៅផ្ទះ ជាប្រចាំក្នុងរយៈពេល១៤ថ្ងៃ ឬអាចយូរជាងនេះ បើសិនជាការរីករាលដាលនៃមេរោគកូវីដ១៩ មិនអាចគ្រប់គ្រងបាន។
វាជាពេលវេលានៃការពិសោធន៍
ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ វាបង្ហាញនូវរឿងចំណុចវិជ្ជមានផង និងអវិជ្ជមានផង។
ចំណុចវិជ្ជមាន
ការបិទខ្ទប់នាពេលនេះ វានាំមកនូវភាពវិជ្ជមានសំរាប់់រដ្ឋាភិបាល ទី១ អាចបញ្ចប់ឬគ្រប់គ្រងបានទាំងស្រុង នូវការរីករាលដាលជំងឺកូវីដ១៩ បានឡើងវិញ ទី២ វាបង្ហាញពីដំណើរការគ្រប់គ្រងប្រទេស ប្រកបដោយប្រសិទ្ឋភាព និងប្រៀបបីដូចជាការធ្វើតេស្តនូវចរិកលក្ខណៈរបស់ពលរដ្ឋ និងក្រមសីលធ៌មរបស់់ពួកគេ ទី៣ វាបង្ហាញពីសាមគ្គីភាពរបស់ជាតិមួយ ដែលត្រូវរួមគ្នាដើម្បីបញ្ចប់វិបត្តិនេះជាមួយគ្នា ដើម្បីស្តារជីវភាព អាជីវកម្ម និងសេដ្ឋកិច្ចជាតិឡើងវិញ ទី៤ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។
ចំណុចអវិជ្ជមាន
បញ្ហាកូវីដ១៩ បាននិងកំពុងក្លាយជាសោកនាដកម្មមួយរួចទៅហើយ បើសិនជាជំងឺនេះមិនអាចគ្រប់គ្រងបាន ដែលនឹងនាំដល់ការសោកសៅ ជាច្រើនទៀតសំរាប់ជាតិ ដោយទី១ ការបិទខ្ទប់នេះ បានធ្វើឲ្យប្រជាពលរដ្ឋ កើតមានជំងឺផ្លួវចិត្តកាន់តែច្រើន ទី២ ស្ថានភាពអាជីវកម្ម និសេដ្ឋកិច្ចជាតិកាន់តែយ៉ាប់យឺន និងធ្វើឲ្យសេដ្ឋកិច្ចរបស់គ្រួសារនិមួយៗកាន់តែធ្លាក់ចុះ និងប្រឈមមុខនឹងវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ។
ដំណោះស្រាយ
ស្ថិតក្នុងដំណាក់កាលដ៏៏សោកសៅនេះ ការដោះស្រាយបញ្ហាចំពោះមុខ មានតែប្រើប្រាស់វិធីសាស្ត្រទាំងនេះទេ ទើបការដោះស្រាយជំងឺនេះមានប្រសិទ្ឋភាពខ្ពស់ ទី១ ការពង្រឹងការអនុវត្តច្បាប់របស់់រដ្ឋាភិបាល លើពលរដ្ឋទាំងឡាយណា ដែលបំពានការធ្វើចត្តាឡីស័ក ទី២ កាត់ទោសដោយគ្មានរើសមុខ ចំពោះជនបំពានបំរាមគោចរ និងវិធានបិទខ្ទប់របស់រដ្ឋាភិបាល។
ទី៣ ពង្រឹងការអនុវវត្តន៍ច្បាប់លើមន្ត្រីនគរបាល អាវុធហត្ថទាំងឡាយណា ដែលបើកឲ្យមានការធ្វើដំណើរចេញចូល ដោយលួចលាក់ជាថ្នូរនឹងប្រាក់ ទី៤ ការចូលរួមជាពិសេសជាងគេពីប្រជាពលរដ្ឋ ដោយអនុវត្តន៍នូវវិធានបីកុំ បីការពារ និងត្រូវទៅយកសំណាក ក្នុងករណីដែលដឹងថាខ្លួនមានប៉ះពាល់ ឬបានទៅកាន់កន្លែងដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ។
ទី៥ ត្រូវសំរាកនៅផ្ទះ និងមិនចេញក្រៅក្នុងករណីមិនចាំបាច់ ដើម្បីកាត់បន្ថយការឆ្លង រីករាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរ។
ធ្វើជាពលរដ្ឋល្អ
រាជរដ្ឋាភិបាលបានប្រកាសណែនាំ និងហាមប្រាមរួចហើយ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ នៅក្នុងកំឡុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ប៉ុន្តែទោះបីជាមានការហាមប្រាម ណែនាំ និងការលើកដៃសំពះអង្វរ កពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាយ៉ាងណាក្តី ក៏ជនទំនើងមួយចំនួន នៅតែលួចធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ដែលករណីខ្លះអ្នកនោះបាននាំជំងឺកូវីដ១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនថែមទៀត ដែលបុគ្គលបែបនេះ ក្រោយពេលព្យាបាលជាសះស្បើយហើយ ត្រូវយកមកកាត់ទោសចំពោះមុខច្បាប់ ដើម្បីជាការព្រមាន។
នៅក្នុងទិដ្ឋភាពច្បាប់ ទោះមនុស្សមិនចង់គោរពច្បាប់ តែច្បាប់មានសិទ្ធចាប់់មនុស្សឲ្យគោរព ដើម្បីសេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។
លើសពីនេះ កាលពីថ្ងៃទី១៧ មេសាម្សិលម៉ិញនេះ នៅពេលរដ្ឋបាលរាជធានីភ្នំពេញបានរឹតបន្តឹងការធ្វើដំណើរ ក៏នៅមានបុគ្គលមួយចំនួន ដែលគ្មានកាតព្វកិច្ចចាំបាច់ នៅតែបំពានចេញក្រៅ និងត្រូវបានជាប់កកស្ទះ នៅតាមទីតាំងកុងត្រូលមួយចំនួន ដែលនេះវាបង្ហាញរួចហើយនូវសន្តានរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ឬជាពលរដ្ឋដែលគ្មានសីលធ៌ម ជាពលរដ្ឋដែលមិនគោរពច្បាប់របស់សង្គមឬយ៉ាងណា។
ហេតុនេះសូមពលរដ្ឋកម្ពុជា រៀនសូត្រពីការធ្វើឲ្យខ្លួនឯង ក្លាយជាពលរដ្ឋល្អសម្រាប់សង្គម ដោយចូលរួមអនុវត្តន៍ច្បាប់ ស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងរដ្ឋាភិបាល ដើម្បីក្លាយខ្លួនជាពលរដ្ឋស៊ីវិល័យរបស់ជាតិ។
យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា ប្រជាពលរដ្ឋយើងទាំងអស់គ្នា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបិទបញ្ចប់ការបិទខ្ទប់រយៈពេលពីរសប្តាហ៍នេះ ដើម្បីកុំឲ្យផ្លូវចិត្តរបស់យើង ការងាររបស់យើង មុខរបររបស់យើង ជំនួញរបស់យើង និងសេដ្ឋកិច្ចរបស់យើងឈានទៅរកការដួលរលំ៕