ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ជាថ្នាក់ដឹកនាំវ័យក្មេង មានទេពកោសល្យនិងសមត្ថភាពខ្ពស់ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ឋពលខេមរភូមិន្ទ និងលោកជំទាវពេជ្រ ច័ន្ទមុនី ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកសុខភាពសាធារណៈនៅចក្រភពអង់គ្លេសបាននិងកំពុងក្លាយជាបុគ្គលលេចធ្លោ និងមានឥទ្ឋិពលនៅកម្ពុជា ដោយមេដឹកនាំវ័យក្មេងទាំងពីររូបបានចុះប្រឡូកការងារនេះដោយផ្ទាល់។
លោកបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវបានដឹកនាំក្រុមកងយុទ្ឋពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រៀបចំអតីតសណ្ឋាគារ Great Duck, មន្ទីរពេទ្យហ្លួង ម៉ែ សាលសន្និបាត និងពិព៌ណកោះពេជ្របានយ៉ាងលឿន ដើម្បីឆ្លើយតបនឹងកំនើនអ្នកជំងឺកូវីដ១៩ ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់សម្តេចតេជោហ៊ុន សែនបង្ខំចិត្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់២៨មេសាខាងមុខនេះ។
តាមរយៈរូបថតមួយសន្លឹក ដែលលោកបណ្ឌិតសម្រាកលើគ្រែ ដោយអស់កំលាំង និងលង់លក់ដោយមិនដឹងខ្លួន ហើយត្រូវបានសហការីលួចថត ហើយលោកយកមកផុស បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា “ចុម…ដើរពិនិត្យរៀបចំពេទ្យកូវីដ-១៩រាប់ម៉ោងមិនអី គ្រាន់តែលួចទម្រេតខ្លួនមិនដល់៥វិនាទីផង ត្រូវគេលួចថតបានបាត់ 😅” ។
រកអ្នកលួចថតអត់ឃើញ ឃើញតែរូបថតគេចែកចាយតគ្នា… សម័យបច្ចេកវិទ្យា ពិបាករួចខ្លួនមែន” ។
ជាមួយគ្នានេះ លោកជំទាវពេជ្រ ច័ន្ទមុនីបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយដាក់រូបអង្គុយលើគ្រែពេទ្យអមជាមួយផងដែរថា “សុំបញ្ចេញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតើពេលដែលរៀបចំមន្ទីរពេទ្យ ព្យាបាលអ្នកជំងឺ Covid ម្តងៗតើខ្ញុំមានអារម្មណ៍បែបណា?” ។
លោកជំទាវបន្តថា “ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺ មានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោ ដែលលោកខិតខំប្រឹងគិតគូរ និងផ្តល់គំនិតគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ Covid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលកំពុងប្រយុទ្ធជាមួយ និងសត្រូវមិនឃើញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗ ដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ” ។
លោកជំទាវពេជ្រ ច័ន្ទមុនីបានបន្តថា “ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសំរាក និងជាមន្ទីរពេទ្យចុងក្រោយ” ។
លោកជំទាវបានបន្ថែមថា “សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយើងខ្ញុំបានខំប្រឹងពេញទំហឹងហើយ តែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋ ជួយសហការណ៍ទើបយើងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន” ៕