អ្នកជំនាញៈអ្នកវិនិយោគមានទុនគ្រប់គ្រាន់ និងមានចក្ខុវិស័យវែងឆ្ងាយកំពុងព្យាយាមស្វែងរកទិញដីទុក

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលមានធនធានមួយចំនួនស្វះស្វែងទិញដី ដែលមានតម្លៃទាបសម្រាប់ទុកលក់ យកចំណេញនៅឆ្នាំបន្ទាប់ ព្រោះអ្នកដែលមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ មិនជាប់បំណុលធនាគារ កំពុងស្វែងរកទិញដីដែលមានតម្លៃទាបជាងទីផ្សារ សម្រាប់ធ្វើការវិនិយោគនៅឆ្នាំបន្ទាប់ដូចគ្នា។

ប្រធានសមាគមអចលនទ្រព្យសកល (GRA)លោកសំ សុខនឿន បានមានប្រសា​សន៍ប្រាប់កាលពីពេលថ្មីៗនេះថា នៅក្នុងកាលៈទេសៈនេះ មានទាំងអ្នកចង់លក់ ហើយក៏មានទាំងអ្នកចង់ទិញ ប៉ុន្តែស្ថិតនៅក្នុងតម្លៃចរចាមួយដែលទាបជាងទីផ្សារ។

លោកបន្តថា “ធម្មតា អ្នកលក់តែងចង់បានថ្លៃ ប៉ុន្តែក្នុងដំណាក់កាលនេះ តម្លៃមិនអាចទាមទារបានដូចចិត្តដែលចង់នោះទេ ទាល់តែលក់ក្នុងតម្លៃទាបជាងទីផ្សារទើបអាចមានអ្នកទិញ”។ លោកបន្តទៀតថា “ពេលនេះ មិនមែនគ្មានអ្នកចង់ទិញនោះទេ ប៉ុន្តែអ្នកដែលចង់ទិញទាំងនោះភាគច្រើន សំឡឹងមើលពីឱកាសចំណេញរបស់ពួកគេ”។

ភ្ជាបជាមួយនឹងការលើកឡើងខាងលើនេះ លោកសំ សុខនឿនបានជឿជាក់ថា សម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់ ពួកគេមិនខ្លាចក្នុងការចំណាយលុយទិញនោះទេ   ឱ្យតែអចលនទ្រព្យមានតម្លៃទាបជាងទីផ្សារ និងស្ថិតនៅតំបន់ដែលមានសក្ដានុពល ព្រោះគេគិតថា វិបត្តិជំងឺឆ្លងនឹងផុតរលត់ទៅវិញយ៉ាងយូរអាចចុងឆ្នាំនេះ ឬដើមឆ្នាំបន្ទាប់ ការប្រើប្រាស់វ៉ាក់សាំង កំពុងចាក់ជូនពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតយ៉ាងសកម្ម ដូច្នេះក្រោយពេលវិបត្តិត្រូវបានបញ្ចប់ សេដ្ឋកិច្ចងើបឡើងវិញ នោះទីផ្សារអចលនទ្រព្យក៏ងើបឡើងវិញ និងមានកំណើនតម្លៃដោយស្វ័យប្រវត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here