ក្រុមហ៊ុន Microsoft គ្រោង​វិនិយោគ​ទឹកប្រាក់១ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​នៅ​ម៉ាឡេស៊ី

0

ដោយ សុខុម

គូ​ឡា​ឡាំ​ពួ: ក្រុមហ៊ុន Microsoft Corporation គ្រោង​បោះទុន​វិនិយោគ១ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ប្រទេស​ម៉ាឡេស៊ី សម្រាប់​រយៈពេល៥ឆ្នាំ​ខាងមុខ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការសហការ​ជា​ដៃគូ​ថ្មី​ជាមួយ​បណ្ដា​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ក្នុងស្រុក។ នេះ​បើ​យោងតាម​នាយករដ្ឋមន្ត្រី Muhyiddin Yassin បានបញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ ទី១៩ មេសា​នេះ។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNA ឱ្យដឹងថា នេះ​ជាការ​វិនិយោគ​ធំ​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហរដ្ឋអាមេរិក មួយ​នេះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែកុម្ភៈ ដើមឆ្នាំ​នេះ​បាន​ព្រមព្រៀង​ដោយមាន​លក្ខខណ្ឌ អនុញ្ញាតឱ្យ​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ Telekom Malaysia សាងសង់ និង​គ្រប់គ្រង​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ​ខ្នាត​យក្ស​នៅក្នុង​ប្រទេស​នេះ និង​ផ្តល់​សេវា Cloud។

ការប្រកាស​នេះ​ក៏​ធ្វើឡើង​ផងដែរ ក្រោយពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ទៅ៦៨%កាលពី​ឆ្នាំមុន ដែលជា​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ប្រទេស​ម៉ាឡេស៊ី បាន​លើកសរសើរ​ខ្លួនឯង​ថា​ជា​គោលដៅ​វិនិយោគ​ដ៏​ល្អ​មួយ ដោយ​កាលពីពេលថ្មីៗនេះ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ​ថ្លែងថា ម៉ាឡេស៊ី កំពុង​សម្លឹងមើល​លទ្ធភាព​ផ្ដល់​គ្រឿង​លើកទឹកចិត្ត​នានា ដើម្បី​ជួយ​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​បន្ថែមទៀត។

ម៉ាឡេស៊ី បាន​បញ្ជាក់ថា ការវិនិយោគ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា Cloud ទាំងនេះ​នឹងមាន​ទំហំ​សរុប​ចន្លោះ​ពី២,៩១ពាន់​លាន​ដុល្លារ ទៅ៣,៦៤ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល៥ឆ្នាំ​ខាងមុខ។

នាយករដ្ឋមន្ត្រី Muhyiddin Yassin បាន​គូសបញ្ជាក់ថា ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម Bersama Malaysia Initiative ក្រុមហ៊ុន Microsoft នឹង​បង្កើត “តំបន់​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ” ដំបូងបង្អស់​របស់ខ្លួន​ដែលមាន​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ​ជាច្រើន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​គ្រប់គ្រង​ទិន្នន័យ​ពី​ប្រទេសផ្សេង។

លោក Jean-Philippe Courtois នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Microsoft បានចេញ​សេចក្តីថ្លែងការណ៍​ថា “តំបន់​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ​ដែល​នឹង​លេចចេញ​ជា​រូបរាង​នៅពេល​ខាង​ដ៏​ខ្លី​មុខ​នេះ នឹង​មក​មក​នូវ​ការផ្លាស់ប្ដូរ​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​ប្រទេស​ម៉ាឡេស៊ី” ។

ក្រោម​កម្មវិធី​នេះ ក្រុមហ៊ុន Microsoft ក៏​នឹង​ជួយ​ពលរដ្ឋ​ម៉ាឡេស៊ី រហូតដល់​ទៅ១លាន​នាក់​ឱ្យទទួល​បាន​ជំនាញ​ឌីជីថល​នៅត្រឹម​ដំណាច់ឆ្នាំ២០២៣ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here