រយៈពេល៥ខែ ដើមឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង១ពាន់លានដុល្លារ

0

ដោយ : សូរិយា

ភ្នំពេញ : នៅត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០១៨ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៤ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណជាង ១,000 លានដុល្លារអាមេរិក ស្មើនឹងអត្រា ៥៤,២៣% នៃផែនការកំណត់ដោយច្បាប់ ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តន៍បន្ត ដែលប្រារព្វធ្វើនៅសាលាពន្ធដារជាតិ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងឲ្យដឹងថា នេះគឺជាលទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួនជាង ៥៣៧ប៊ីលានរៀល ត្រូវប្រមាណជាង ១៣៤លានដុល្លារអាមេរិក ស្មើជិត៧% នៃផែនការច្បាប់ឆ្នាំ២០១៨ ក្នុងនោះបើប្រៀបធៀបទៅនឹងចំណូលខែឧសភា ឆ្នាំ២០១៧ ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ក្នុងខែឧសភា ឆ្នាំ២០១៨នេះ បានកើនឡើងជិត ៦៦ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦លានដុល្លារអាមេរិក គឺស្មើជិត ១៤% ។

ពាក់ព័ន្ធនឹងការប្រមូលចំណូលនេះ បើគិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបានជាង ៤ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ឬស្មើជាង ៥៤% ក្នុងនោះបើប្រៀបធៀបនឹងរយៈពេល ៥ខែ ដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៨ នេះ កើនឡើងជាង ៤៥២ប៊ីលានរៀល ត្រូវប្រមាណ ១១៣លានដុល្លារអាមេរិក ស្មើជាង ១២% ទាក់ទិននិងការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។

ដើម្បីជម្រុញប្រមូលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព លោក គង់ វិបុល បានដាក់ចេញនូវវិធានការមួយចំនួនដូចជាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត សម្រាប់ឆ្នាំចុងក្រោយនេះ ការគ្រោងដាក់ឱ្យដំណើរការនូវប្រព័ន្ធ ផ្សាយបន្ត ផ្ទាល់នៃកិច្ចប្រជុំ ដែលផ្តល់លទ្ធភាពដល់ថ្នាក់់ដឹកនាំ ដើម្បីទទួលបានព័ត៌មានផ្ទាល់ ការពង្រឹងតាមដានសហគ្រាសទាំងឡាយ ដែលប្រើប្រាស់រូបភាពមានអ្នកឈរឈ្មោះជំនួស និងជម្រុញការចុះបញ្ជីបន្ថែម ការបន្តពង្រឹងចាត់វិធានការ ចំពោះការគេចវេះពន្ធគ្រប់រូបភាព ការធ្វើឱ្យប្រសើរឡើងថែមទៀត លើការបង្វិលសងអាករលើតម្លៃបន្ថែមជូនស្ថានទូត អង្គការអន្តរជាតិ ក៏ដូចជាសហគ្រាសនានា ការសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារ ការបន្តកែទម្រង់ធនធានមនុស្ស ជម្រុញការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតាមតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ការបន្ត ខិតខំប្រមូលបំណុលពន្ធដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ និងពង្រឹងការយកចិត្តទុកដាក់ក្នុងការធ្វើសវនកម្ម ចំពោះសហគ្រាសធំៗ ដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ចំណូលពន្ធជាដើម ។
គួរកត់សម្គាល់ផងដែរថា សម្រាប់ការប្រមូលចំណូលពន្ធ-អាករនូវគ្រប់ប្រភេទ គឺជាចំណូលយ៉ាងសំខាន់សម្រាប់ការបែងចែកចំណាយត្រឡប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រាប់បានទៅនឹងសរសរស្តមដ៏រឹងមាំមិនអាចខ្វះបាននោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here