ដោយៈ ប៊ី
ភ្នំពេញៈ សមាគមវារីវប្បករនៅកម្ពុជា អះអាងថា មិនកេងយកចំណេញហួសប្រមាណ និងមិនមានការតម្លើងថ្លៃ ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវវិបត្តិសកលនៃជំងឺកូវីដ១៩នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
សមាគមបានឱ្យដឹងថា “ក្នុងនាមជនរួមឈាមខ្មែរតែមួយ បងប្អូនវារីវប្បករកម្ពុជាយើង មិនដែលកេងយកចំណេញហួសប្រមាណ ក្នុងកាលៈទេសៈដែលប្រទេសយើងកំពុងជួបប្រទះ នូវវិបត្តិសកលនៃជំងឺកូវីដ-១៩ នេះទេ”។
សមាគមបានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២១នេះ បងប្អូនវារីវប្បករ ដែលជាសមាជិកសមាគមត្រឹមតែ២៧៣កន្លែង មានត្រីបួនប្រភេទ (ប្រា ពោ ឆ្ពោះ និងអណ្តែង) សរុប ១២ ៤៨៥ តោន ដល់ពេលត្រូវចាប់លក់ហើយ។
សមាគមវារីវប្បករកម្ពុជាលើកឡើងថា នៅក្នុងខែមេសា ឆ្នាំ២០២១នេះ បងប្អូនវារីវប្បករ ដែលជាសមាជិក សមាគមត្រឹមតែ២៧៣កន្លែង មានត្រីបួនប្រភេទ(ប្រា ពោ ឆ្ពោះ និងអណ្តែង) សរុប ១២ ៤៨៥ តោន ដែលដល់ពេលត្រូវចាប់លក់ ហើយមកដល់ថ្ងៃនេះ ត្រីទាំងបួនប្រភេទមានដល់ជាង៩០% នៅកកស្ទះក្នុងស្រះនៅឡើយ។ តម្លៃលក់ត្រីចេញពីស្រះ របស់បងប្អូនវារីវប្បករកម្ពុជាយើង គឺមិនមានការតម្លើងថ្លៃទាល់តែសោះ។
តម្លៃត្រីសំខាន់ៗ ក្នុងទីផ្សារលក់ចេញពីស្រះ ក្នុងខែមេសានេះគឺ៖ ទី១៖ ត្រីប្រា មានតម្លៃពី៤០០០រៀល ទៅ៤២០០រៀល ទី២៖ ត្រីពោ មានតម្លៃចាប់ពី៥៨០០រៀល ដល់៦០០០រៀល ទី៣៖ ត្រីអណ្តែង មានតម្លៃចាប់ពី៣៨០០រៀល ដល់៤៥០០រៀល និងទី៤៖ ត្រីឆ្ពោះមានតម្លៃចាប់ពី៩២០០រៀល ដល់១០២០០រៀល។
តម្លៃត្រីដែលលក់ចេញពីស្រះខាងលើនេះ បងប្អូនវារីវប្បករយើង នៅពុំទាន់រួចថ្លៃដើមផលិតនៅឡើយទេ ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះបងប្អូនយើងមានកាតព្វកិច្ច ត្រូវបង់ប្រាក់សងធនាគារ បង់ថ្លៃទិញចំណីត្រី ប្រឈមការ បំរែបំរួលអាកាសសួធាតុ និងត្រីមួយចំនួនអាចធំ ហួសកម្រិតដែលទីផ្សារចង់បានទៀតផង។
ជាមួយគ្នានេះ សមាគមវារីវប្បករនៅកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជាទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុក។
ជារួមតម្លៃទំនិញមួយចំនួន ដូចជា អង្ករ មី សាច់មាន់ សាច់ជ្រូកសាច់គោ ត្រីងៀត ពងមាន់ ពងទា ទឹកត្រី ទឹកស៊ីអ៊ីវ ដែលលក់នៅផ្សារមួយចំនួន៣០ក្នុងរាជធានីភ្នំពេញ មានការឡើងថ្លៃបន្តិចបន្តួច លើកលែងតែត្រីដែលមានការឡើងថ្លៃខ្ពស់ជាងគេ។ កត្តា ដែលនាំឲ្យត្រីមានការឡើងថ្លៃ ដោយសារត្រីមួយភាពត្រូវបាននាំចូល ហើយពេលចូលឆ្នាំ អ្នកធ្វើការ និងភ្ជាប់មកដល់ពេលបិទខ្ទប់ផង ធ្វើឲ្យការរៀបចំឯកសារនាំចូលមានការយឺតយ៉ាវ។
លោកស៊ាង ថៃរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា ពេលនេះ ក្រសួងពាណិជ្ជកម្មបានធ្វើការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សម្រួលឲ្យក្រុមហ៊ុនជំពាក់ឯកសារនាំចូល ធ្វើឲ្យត្រីអាចនាំចូលមកបាន។ ប៉ុន្តែនៅមានការលំបាកមួយទៀត គឺការដឹកជញ្ជូនក្នុងពេលបិទខ្ទប់ ដែលបញ្ហានេះនឹងត្រូវបានសម្រួលមកវិញដោយអាជ្ញាធរខេត្ត និងរាជធានី ពេលនោះតម្លៃត្រីនឹងចុះមកវិញជាមិនខាន។
លោកបានឱ្យដឹងទៀតថា ក្រុមការងារសង្កេតឃើញថា បញ្ហាស្បៀងអាហារ ត្រីសាច់ នៅក្នុងប្រទេសកម្ពុជាមានគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការរបស់ប្រជាជនយើង តែបញ្ហាដែលត្រូវដោះស្រាយ គឺធ្វើយ៉ាងណាឲ្យទំនិញទាំងនោះ បានទៅដល់ដៃប្រជាពលរដ្ឋ ដោយរលូនក្នុងពេលបិទខ្ទប់នេះ៕