កម្ពុជានិងក្រុមហ៊ុនជប៉ុនដ៏ធំចុះហត្ថលេខាលើការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃ២៧លានដុល្លារ

0

ដោយៈ ប៊ី

ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុន Kubota Metawater Joint venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានទទួលជោគជ័យក្នុងការដេញថ្លៃគម្រោងខាងលើ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានរៀបចំពិធីដាក់ឱ្យដេញថ្លៃ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ជាគម្រោងជំនួយឥតសំណង។

ក្រុមហ៊ុន Kubota Metawater Joint Venture បានទទួលជ័យជំនះលើការដាក់ឱ្យដេញថ្លៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ។

ទាក់ទងនឹងគម្រោងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) កាលពីដើម ខែវិច្ចិកា ឆ្នាំ២០១៩កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់បរិញ្ញប្បទានឥតសំណងចំនួន ២.៧៧៧ លានយ៉េនស្មើរនឹងប្រមាណ២៧លានដុល្លារ ដើម្បីឲ្យកម្ពុជាអនុវត្តន៏គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងទីក្រុងភ្នំពេញ។

ការសាងសង់រោងចក្រប្រព្រឹត្តកម្មនេះ និងធ្វើការផ្តល់ជំនួយបច្ចេកទេស គឺសម្រាប់បង្កើតសមត្ថភាពទៅលើការធ្វើប្រតិបត្តិ និងមើលថែទាំរោងចក្រ ជាពិសេសការគ្រប់គ្រងហរិញ្ញវត្ថុផងដែរ។

ការសាងសង់នេះជាគម្រោងដំបូងក្នងប្រទេសកម្ពុជាដែលនឹងបំពេញបន្ថែមពីលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់JICAនឹងអាចបំពេញភាពត្រូវការចម្បងក្នុងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាដែលនឹងនាំមកនូវការការពារ និងលើកកម្ពស់គុណភាពទឹក ជាពិសេសអនាម័យបរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here