អាគារពាណិជ្ជកម្មកប់ពពក Royal One តម្លៃ១៥០លានដុល្លារចាប់ផ្តើមប្រកាសលក់

0

ដោយ : គង់ សូរិយា

ភ្នំពេញ : អាគារពាណិជ្ជកម្មភ្លោះកប់ពពក វិនិយោគដោយក្រុមហ៊ុន Royal Group​សហការជាមួយក្រុមហ៊ុនចិន ដែលគ្រោងបោះទុនវិនិយោគតម្លៃ១៥០លានដុល្លារបាន​ប្រកាសលក់ជាផ្លូវការហើយ មុនពេលគំរោងនេះ នឹងចាប់ផ្តើមសាងសង់នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។

ការប្រកាសលក់លំនៅដ្ឋាន និងផ្នែកពាណិជ្ជកម្មនៃអាគារដ៏ខ្ពស់ ស្ថិតនៅចំណុច​ប្រសព្វរ​វាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីនេះ ​បានធ្វើឡើង​ក្រោម​អធិបតី​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរចំពោះលោកឧកញ៉ា គិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានសម្រេច​ចិត្ត​បណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូត​ដល់កំព​ស់​៦២ជាន់ ស្មើនឹងកម្ពស់ ២៣០ម៉ែត្រ មានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹង​មហាវិថីមុនីវង្ស ដោយមានរចនាបទយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ។

លោកជំទាវបានបន្តទៀតថា គំរោងនេះ ពិតជារួមចំណែក​លើកកម្ពស់សោភ័​ណ​ភា​ព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យ​កម្មដល់កម្ពុជា ។ គម្រោងនេះក៏ពិតជាកើតឡើងចំពេលដែលកម្ពុជា កំពុងមានស្ថាន​ភាព​សេដ្ឋកិច្ចល្អ និងស្ថេរភាព​នយោបាយល្អ និងគោលនយោបាយគាំទ្រពី​រាជរដ្ឋភិបាល​ដល់​សកម្មភាព​អាជីវកម្ម និងវិនិយោគនានាផងដែរ។

គំរោងដ៏ធំនេះបានសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ​HuashiGroup ។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយ​ក្រុមហ៊ុន​Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។

លោកឧកញ៉ា គិត ធាង បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារ​ខ្ពស់​កប់ពពក​នេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេល​រយៈពេល​៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប​ អាគារការិយាល័យជាដើម។

លោកឧកញ៉ា គិត ធាង បានបន្តថា “អាគារ Royal One នឹងជាអាគារ​ខ្ពស់ជាង​គេ​មួយ ដែលនឹងលើកកំពស់មុខមាត់កម្ពុជានាពេលអនាគតផងដែរ”។

ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន Hutton CPL លោកឧកញ៉ា ចេង ខេង បានមានប្រ​សា​សន៍ថា ការសាងសង់អាគារ Royal One ជារឿងល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា និងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើបរិយាកាសវិនិយោគនៅកម្ពុជា ខណៈ​ដែលទីផ្សារអចលនទ្រព្យកំពុងមានភាពរីកចម្រើន ហេតុនេះវត្តមានអាគារនេះ នឹងជួយ​លើកកំពស់មុខមាត់កម្ពុជាបន្ថែមទៀត។

លោកបន្តថា “ទីតាំងសាងសង់អាគារនេះ ស្ថិតនៅចំណុចពិសេសមួយដែ​លអាច​បញ្ចៀសបាននូវការកកស្ទះចរាចរណ៍”។ លោកបន្តថា “ដោយសារកំនើននៃការមក​ដល់​របស់អ្នកវិនិយោគ ភ្ញៀវទេសចរណ៍ និងទីតាំងអាគារនេះជាតំបន់ដ៏ទាក់ទាញ ខ្ញុំគិតថាវា​នឹងធ្វើឲ្យគំ​រោងនេះទទួលបានជោគជ័យ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here