តើអង្គការសុខភាពពិភពលោកវាយតម្លៃស្ថានភាពការរីករាលដាលជំងឺកូវីដនៅកម្ពុជាបែបណា?

0

          ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្របពេលរាជធានីភ្នំពេញ និងក្រុងតាខ្មៅប្រទេសកម្ពុជាកំពុងបិទខ្ទប់ការរីករាលដាលជំងឺកូវីដ១៩ ការរីករាលដាលនេះនៅតែមានកំនើន ហើយផ្សារទាំងអស់បាន​ចាប់ផ្តើមបិទទ្វារកាលពីយប់ថ្ងៃទី២៣ មេសាកន្លងមកនេះ។

តើអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ពិសេសថ្នាក់ដឹកនាំអង្គការនេះ ដែលកំពុងជួយកម្ពុជាយល់ឃើញដូចម្តេច? លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានថ្លែងថា ការរីករាលដាលជំងឺនេះនៅតែធ្ងន់ធ្ងរហើយការបិទខ្ទប់ ក្នុងរយៈពេលមួយសប្តាហ៍គឺ មិនគ្រប់គ្រាន់ទេក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩។

លោកស្រីបន្តថា “មេរោគកូវីដ១៩នៅតែចរាចរ ពាសពេញសហគមន៍ ដោយឡែកករណីវិជ្ជមានថ្មី នឹងមិនអាចបញ្ចប់បានភ្លាមៗនោះទេ”។

លោកស្រីវេជ្ជបណ្ឌិត Li Ailanនៅក្នុងបទសម្ភាសន៍ជាមួយ《ស៊ីស៊ីថាមស៍》បានសម្តែងការព្រួយបារម្ភថ “ករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេលមួយសប្តាហ៍នេះ បានបន្តកើនឡើង ហើយស្ថានភាពដូចគ្នានេះ បានកំពុងកើតឡើងនៅក្រុងព្រះសីហនុនាពេលថ្មីៗនេះផងដែរ”។

លោកស្រីបន្តថា បច្ចុប្បន្ននេះ នៅក្នុងសហគមន៍ នៅតែមានអ្នកជម្ងឺដែលមិនមានចេញរោគសញ្ញាជាច្រើន ដែលពួកគេកំពុងរងចាំការធ្វើតេស្ត ដូច្នេះនៅសប្តាហ៍ខាងមុខនឹងនៅតែមានករណីវិជ្ជមានកូវីដ១៩ថ្មីជាបន្តបន្ទាប់ទៀត។

លោកស្រីសង្កត់ធ្ងន់ថា “ទោះបីជាពិបាកក្នុងការដឹងមុនថា ចំនួនករណីឆ្លងថ្មីនឹងមានកម្រិតណានោះទេ ដោយសារមានកត្តាមិនច្បាស់លាស់ជាច្រើន តែការកើនឡើងរឺក៏ការធ្លាក់ចុះនៃចំនួនករណីឆ្លងថ្មី គឺវាអាស្រ័យលើការគោរពលើវិធានការណ៍ បង្ការការរីករាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាជនទាំងមូល”។លោកស្រីបន្ថែមថា “យើងមានក្តីសង្ឃឹម ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនឲ្យបានពេញលេញ ដើម្បីប្រឈមនឹងបញ្ហាអាក្រក់បំផុតដែលអាចកើតមានឡើង”។

លោកវេជ្ជបណ្ឌិត Li Ailanបានចង្អុលបង្ហាញថា ដោយមានការអន្តរាគមន៍ពីរដ្ឋាភិបាល និងការរឹតបន្តឹងនៃការអនុវត្តច្បាប់ ការគោរពវិធានការណ៍របស់ប្រជាជនទូទៅមានការកើនឡើងគួរអោយកត់សម្គាល់ ហើយសង្ឃឹមថាប្រជាជន នឹងបន្តគោរពវិធានការបន្ថែមទៀត ពិព្រោះមានតែធ្វើដូចនេះទេ ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងពិតប្រាកដ។

លោកស្រីក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ជំនួយដល់ក្រុមដែលងាយរងគ្រោះ និងជនទន់ខ្សោយ ដែលកំពុងជួបការលំបាក ដើម្បីកុំឲ្យពួកគេចេញទៅក្រៅប្រកបដោយភាពគ្រោះថ្នាក់និងហានិភ័យ ដែលអាចនាំឱ្យមានចន្លោះប្រហោង ក្នុងការបង្ការការរីករាលដាល។

លោកស្រីបានអំពាវនាវឱ្យប្រជាជនកម្ពុជា ទូទៅរួបរួមគ្នាជាធ្លុងមួយនិងគោរពនូវវិធានការណ៍ការពារការឆ្លងរាលដាលនេះ។

លោកស្រីបន្តថា ការចម្លងនៃវីរុសកូវីដ១៩ មានភាពរាលដាលយ៉ាងឆាប់រហ័សហើយអត្រាឆ្លងខ្ពស់ណាស់។ យើងកំពុងតែត្រូវរត់ប្រណាំងប្រឆាំងនឹងវីរុសនេះ បើមិនដូច្នេះទេវានឹងយឺតពេលជាមិនខាន

លោកវេជ្ជបណ្ឌិត Li Ailanនិយាយថា គ្រាន់តែវិធានការបិទខ្ពប់ពិបាក ក្នុងការបញ្ឈប់ការរីករាលដាលណាស់ លោកស្រីបាននិយាយកោតសរសើរថា ទោះបីជាធនធានមានកំណត់ក៏ដោយ តែក្រោមវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ប្រទេសកម្ពុជាបានរក្សាការការពារកុំអោយឆ្លងទ្រង់ទ្រាយធំ រហូតដល់ខែកុម្ភៈឆ្នាំនេះ ហើយទទួលបានជោគជ័យនូវកំណត់ត្រាដ៏អស្ចារ្យ ដែលមិនមានករណីស្លាប់ និងមិនមានការឆ្លងមេរោគកូវីដ១៩ដល់បុគ្គលិកពេទ្យ។

លោកស្រីបន្តថា “អ្វីដែលជាការគួរឱ្យសោកស្តាយនោះគឺ មានការចន្លោះប្រហោងក្នុងវិធានការការពារនៅក្នុងខែកុម្ភៈឆ្នាំនេះ”។

លោកស្រីបន្តថា មូលហេតុដែលបណ្តាលឱ្យមានការផ្ទុះឡើង នៃជំងឺកូវីដ១៩ខ្លាំងឡើងៗ និងមិនអាចគ្រប់គ្រងគឺមានកត្តាធំៗ៣យ៉ាង រួមមាន ទី១ បច្ចុប្បន្នវីរុសកូវីដ១៩ដែលកំពុងចរាចរក្នុងប្រទេសកម្ពុជា គឺជាវីរុសកូវីដ១៩បំលែងថ្មីប្រភេទB.1.1.7 ដែលវាមានការឆ្លងកាន់តែខ្លាំង។ ទី២ ការកើនឡើងនៃអ្នកដែលបានឆ្លង ដែលមិនចេញរោគសញ្ញា បណ្តាលអោយការយឺតយ៉ាវ ក្នុងធ្វើតេស្តរកឃើញករណីថ្មី នៃវិជ្ជមានកូវីដ១៩។ ទី៣ ការគោរពវិធានការបង្ការការរាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាជនចាប់ផ្តើមធ្លាក់ចុះ។

លោកស្រីក៏បានសម្តែងការព្រួយបារម្ភ អំពីបរិយាកាសការងារនៅក្នុងរោងចក្រនិងទីផ្សារ នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកស្រីចង្អុលបង្ហាញថា នៅទីនោះភាគច្រើន គឺមិនបានបំពេញតាមស្តង់ដារ បង្ការជំងឺឆ្លងវីរុសកូវីដ១៩នោះទេ ដោយកន្លែងទាំងនោះខ្វះខ្យល់ចេញចូល បរិយាកាសការងារចង្អៀត ដែលមានមនុស្សច្រើនកុះករ និងពិបាករក្សាអនាម័យជាដើម។

លោកស្រី Li Ailan បានចង្អុលបង្ហាញថា ការបិទទីក្រុងគ្រាន់តែជាគោលនយោ​បាយបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ហើយនឹងមានសំពាធកាន់តែតានតឹងជាខ្លាំង ចំពោះក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួននៅក្នុងសង្គម។ ដូច្នេះហើយវិធានការបិទខ្ទប់ វាមិនមែនជាដំណោះស្រាយសម្រាប់រយៈពេលវែងនោះទេ។

លោកស្រីបន្តថា “គ្រាន់តែបិទទីក្រុងគឺមិនគ្រប់គ្រាន់ទេ។ យោងតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា មានតែវិធានការអនាម័យជាមូលដ្ឋានដូចជា ការលាងដៃញឹកញាប់ ពាក់ម៉ាស កុំទៅកន្លែងដែលមានមនុស្សច្រើន បញ្ឈប់ការប្រមូលផ្តុំ និង ថែរក្សាស្តង់ដារការពារការរាតត្បាត នៅតាមកន្លែងធ្វើការជាដើម”។ លោកស្រីបន្តថា “បើមិនដូច្នោះទេ ទោះបីរយៈពេលខ្លីមានការថយចុះ នៃចំនួនវិជ្ជមានកូវីដ១៩ក៏ដោយ វានឹងកើនឡើងវិញ ប្រសិនបើមិនគោរពរឺអនុវត្តតាមវិធានការខាងលើ”។

លោកស្រីបានបញ្ជាក់ម្តងហើយម្តងទៀតថា រាល់វិធានការណ៍បង្ការការឆ្លងរីករាលដាលគឺមានលក្ខណៈប្រទាក់ក្រឡាគ្នា ប្រសិនបើប្រជាជនទាំងអាច សុទ្ធតែអាចគោរពបានយ៉ាងតឹងរឹង នូវរាល់វិធានការបង្ការការរីករាលដាលទាំងនោះ ប្រាកដជាអាចកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩បាន។

លោកស្រីបន្តថា “មនុស្សទាំងអស់នៅក្នុងសង្គម នរណាម្នាក់ក៏ដោយសុទ្ធតែមានកតព្វកិច្ច រួមគ្នាគោរពយ៉ាងតឹងរឹង នូវរាល់វិធានការបង្ការការរីករាលដាល នៃវីរុសកូវីដ១៩ បើធ្វើដូច្នេះបានពួកយើង នឹងអាចគ្រប់គ្រងការផ្ទុះនៃជំងឺកូវីដ១៩លើកនេះបាន”។លោកស្រីបន្តថា “ប្រសិនបើមនុស្សមួយចំនួននៅតែមិនគោរព រឺអនុវត្តតាមវិធានការខាងលើ ពេលនោះ យើងនឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយការផ្ទុះឡើងលើកនេះនឹងបន្តកាន់តែយូរ ហើយយើងនឹងប្រឈមមុខនឹងស្ថានភាពកាន់តែលំបាកខ្លាំងថែមទៀត”។

ទោះបីជាទីក្រុងត្រូវបិទឬមិនបិទក៏ដោយ យើងត្រូវតែចងចាំថា ត្រូវតែគោរពជានិច្ចនូវវិធានការណ៍បង្ការការរីករាលដាលក្នុងបរិបទរស់នៅតាមបែបគន្លងថ្មី។ ទោះបីមុនពេល រឺអំឡុងពេល រឺក៏ក្រោយពេលនៃការបិទទីក្រុងក៏ដោយ យើងដាច់ខាតត្រូវតែបន្តគោរពវិធានការការពារជាប់ជានិច្ច។

ដោយសារតែការរីករាលដាលកាន់តែខ្លាំងឡើងៗ វិទ្យាស្ថានជាតិសុខភាពសារធាណៈ(NIPH) កាលពីថ្ងៃទី១៩ខែមេសានេះ បានសម្រេចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here