ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី២៤ មមេសា ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ។
សម្តេចតេជោ បានបន្តថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ារ ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឱ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។
សម្ដេចបន្ថែមថា កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឱ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឱ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញបើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ។
នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ គឺមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន (លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីថៃ)ដែលកិច្ចប្រជុំនេះគឺប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា ៕