ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan បានមានប្រសាសន៍ថា មូលហេតុដែលបណ្តាលឱ្យមានការផ្ទុះឡើងខ្លាំង នៃជំងឺកូវីដ១៩ខ្លាំងឡើងៗ ជាវីរុសកូវីដ១៩បំលែងថ្មីប្រភេទ B.1.1.7 ដែលវាមានការឆ្លងកាន់តែខ្លាំង។
ការរីករាលដាលមេរោអនេះ ដែលមិនអាចគ្រប់គ្រងគឺមានកត្តាធំ៣យ៉ាង រួមមាន ទី១ បច្ចុប្បន្នវីរុសកូវីដ១៩ដែលកំពុងចរាចរក្នុងប្រទេសកម្ពុជា គឺជាវីរុសកូវីដ១៩បំលែងថ្មីប្រភេទ B.1.1.7 ដែលវាមានការឆ្លងកាន់តែខ្លាំង។ ទី២ ការកើនឡើងនៃអ្នកដែលបានឆ្លង ដែលមិនចេញរោគសញ្ញា បណ្តាលអោយការយឺតយ៉ាវ ក្នុងធ្វើតេស្តរកឃើញករណីថ្មី នៃវិជ្ជមានកូវីដ១៩ ។ ទី៣ ការគោរពវិធានការបង្ការការរាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាជនចាប់ផ្តើមធ្លាក់ចុះ។
លោកស្រីក៏បានសម្តែងការព្រួយបារម្ភ អំពីបរិយាកាសការងារ នៅក្នុងរោងចក្រនិងទីផ្សារ នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកស្រីចង្អុលបង្ហាញថា នៅទីនោះភាគច្រើន គឺមិនបានបំពេញតាមស្តង់ដារ បង្ការជំងឺឆ្លងវីរុសកូវីដ១៩នោះទេ ដោយកន្លែងទាំងនោះខ្វះខ្យល់ចេញចូល បរិយាកាសការងារចង្អៀត ដែលមានមនុស្សច្រើនកុះករ និងពិបាករក្សាអនាម័យជាដើម។
លោកស្រី Li Ailan បានចង្អុលបង្ហាញថា ការបិទទីក្រុងគ្រាន់តែជាគោលនយោបាយបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ហើយនឹងមានសំពាធកាន់តែតានតឹងជាខ្លាំង ចំពោះក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួននៅក្នុងសង្គម។ ដូច្នេះហើយវិធានការបិទខ្ទប់ វាមិនមែនជាដំណោះស្រាយសម្រាប់រយៈពេលវែងនោះទេ។
លោកស្រីបន្តថា “គ្រាន់តែបិទទីក្រុងគឺមិនគ្រប់គ្រាន់ទេ។ យោងតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា មានតែវិធានការអនាម័យជាមូលដ្ឋានដូចជា ការលាងដៃញឹកញាប់ ពាក់ម៉ាស កុំទៅកន្លែងដែលមានមនុស្សច្រើន បញ្ឈប់ការប្រមូលផ្តុំ និង ថែរក្សាស្តង់ដារការពារការរាតត្បាត នៅតាមកន្លែងធ្វើការជាដើម” ។ លោកស្រីបន្តថា “បើមិនដូច្នោះទេ ទោះបីរយៈពេលខ្លីមានការថយចុះ នៃចំនួនវិជ្ជមានកូវីដ១៩ក៏ដោយ វានឹងកើនឡើងវិញ ប្រសិនបើមិនគោរពរឺអនុវត្តតាមវិធានការខាងលើ” ។
លោកស្រីបានបញ្ជាក់ថា រាល់វិធានការណ៍បង្ការការឆ្លងរីករាលដាល គឺមានលក្ខណៈប្រទាក់ក្រឡាគ្នា ប្រសិនបើប្រជាជនទាំងអាច សុទ្ធតែអាចគោរពបានយ៉ាងតឹងរឹង នូវរាល់វិធានការបង្ការការរីករាលដាលទាំងនោះ ប្រាកដជាអាចកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩បាន៕