ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានអង្គការសុខភាពពិភពលោក លោកស្រីវេជ្ជបណ្ឌិត Li Ailan បានព្រមានថា ថ្វីត្បិតតែឧបករណ៍តេស្តរហ័សមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាងាយស្រួលប្រើ និងមានលទ្ធផលតេស្តបានលឿនក៏ដោយ តែមិនមានលក្ខណៈល្អប្រសើរជាងការធ្វើតេស្តតាម RT-PCR ឡើយ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ការធ្វើតេស្តតាមឧបករណ៍តេស្តរហ័ស ទោះជាលទ្ធផលអវិជ្ជមានក៏ដោយ ក៏មិនអាចសន្និដ្ធានបានថា អ្នកដែលទទួលការធ្វើតេស្តនេះមិនបានឆ្លងជំងឺកូវីដ១៩ឡើយ។
លោកស្រីបន្ថែមថា “យើងសូមផ្តល់យោបល់ដល់រដ្ឋាភិបាលថា ទោះបីជាលទ្ធផលនៃការធ្វើតេស្ត តាមឧបករណ៍តេស្តរហ័ស ចេញមកអវិជ្ជមានក៏ដោយ ចាំបាច់ត្រូវតែអោយអ្នកដែលមានហនិភ័យខ្ពស់ បន្តដាក់ឱ្យនៅដាច់ដោយឡែកពីគេដដែល” ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan បានបញ្ជាក់ផងដែរថា ក្នុងករណីខ្លះ ក្រសួងក៏នឹងធ្វើតេស្តតាម RT-PCR ដែរ ដើម្បីជៀសវាងមានបញ្ហាថ្លោះធ្លោយ។ អង្គការសុខភាពពិភពលោក នឹងវាយតម្លៃវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ជាលក្ខណៈបន្ទាន់។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី៩ ខែមេសាកន្លងមកនេះ អ្នកដែលបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩មានចំនួនជាង៧០០លានដូស នៅទូទាំងពិភពលោកប៉ុន្តែការរីករាលដាល នៃពិភពលោកមាននិន្នាការកើនឡើងទៅវិញ។
មូលហេតុមួយ គឺដោយសារតែការចែកចាយវ៉ាក់សាំងមិនស្មើគ្នា ដោយក្នុងនោះមាន៨៧ភាគរយនៃវ៉ាក់សាំង ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអ្នកមាន ដែលធ្វើអោយប្រទេសជាច្រើន មិនបានទទួលវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងដល់បុគ្គលិកពេទ្យនិងក្រុមដែលមានហានិភ័យខ្ពស់នោះទេ។
លោកវេជ្ជបណ្ឌិត Li Ailan បានសង្កត់ធ្ងន់ថា “វ៉ាក់សាំងគឺជាឧបករណ៍ ដ៏មានឥទ្ធិពលមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែវ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ការរីករាលដាលនោះទេ” ។
លោកស្រីបញ្ជាក់ថា វ៉ាក់សាំងអាចជួយកាត់បន្ថយអត្រាចូលមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរ។ ដូច្នេះហើយត្រូវតែរក្សារការពារកុំអោយប្រព័ន្ធសុខាភិបាលដួលរលំ ប៉ុន្តែលោកស្រីបានព្រមានថា ប៉ុន្តែមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញថាវ៉ាក់សាំង គឺគ្រប់គ្រាន់ដើម្បីការពារមនុស្សពីការឆ្លងជំងឺកូវីដ១៩ឡើយ។ ដូច្នេះទោះបីជាអ្នកដែលទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ អ្នកនៅតែអាចឆ្លង និងចម្លងទៅអ្នកដទៃបានដដែល ប៉ុន្តែវាគ្រាន់តែអាចកាត់បន្ថយជំងឺអោយមានស្ថានភាពធូរស្រាល” ៕