សិង្ហបុរី និងហុងកុង ព្រមព្រៀងគ្នាបើកការធ្វើដំណើរបែបTravel Bubble ចាប់ពីខែឧសភាខាងមុខ

0

ដោយៈសុខុម

សិង្ហបុរី:  ប្រទេសសិង្ហបុរី និងក្រុងហុងកុង បានព្រមព្រៀងគ្នាចាប់ផ្តើមបើកការធ្វើដំណើរដោយកន្លែង ឬ Travel Bubble ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក រវាងទឹកដីទាំង២ចាប់ពីថ្ងៃទី២៦ ខែឧសភា តទៅ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២៦ មេសានេះ។

តាមពិត គម្រោង Travel Bubble នេះគ្រោងចាប់ផ្តើមដំបូងតាំងពីខែវិច្ឆិកា ចុងឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលវិញ ក្រោយផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងគំហុកនៅក្រុងហុងកុង។

ប្រសិនបើដំណើរការដូចការគ្រោងទុក Travel Bubble នេះនឹងក្លាយជារបៀងផ្លូវអាកាសដ៏សំខាន់ទី២ នៅក្នុងតំបន់ដែលបើកដំណើរការ បន្ទាប់ពីប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ បន្តជើងហោះហើររបស់ខ្លួនកាលពីសប្តាហ៍មុន។

- Video Advertisement -

មានការរំពឹងទុកថា ការធ្វើដំណើរដោយកន្លែង ឬTravel Bubble នេះនឹងជួយជំរុញវិស័យទេសចរណ៍នៃទឹកដីទាំង២។

លោក Ong Ye Kung រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី បានចេញសេចក្ដីថ្លែងការណ៍ថា “ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយណាស់ ដែលក្រុងហុងកុង គ្រប់គ្រងស្ថានការណ៍ឆ្លងរាតត្បាតវីរុសកូវីដ-១៩បាន។ វាបានអូសបន្លាយពេលប៉ុន្មានខែមកហើយ ប៉ុន្តែឥឡូវនេះស្ថានការណ៍ល្អប្រសើរដែលយើងអាចចាប់ផ្ដើម Travel Bubble ឡើងវិញបានហើយ”។

*តើការធ្វើដំណើរដោយកន្លែង ឬ Travel Bubble នឹងដំណើរការយ៉ាងដូចម្តេច?

ការធ្វើដំណើរដោយកន្លែង ឬ Travel Bubble នឹងចាប់ផ្តើមដោយប្រយ័ត្នប្រយែងបំផុត ដោយមួយថ្ងៃហោះហើរតែមួយជើងប៉ុណ្ណោះ នៅក្នុងគោលដៅនីមួយៗ ជាមួយនឹងចំនួនអ្នកដំណើរច្រើនបំផុត២០០នាក់ សម្រាប់រយៈពេល២សប្តាហ៍ដំបូង។

វិធីសាស្រ្តនេះ គឺតឹងរ៉ឹងជាងវិធីសាស្ត្ររបស់ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ដែលបានចាប់ផ្តើមTravel Bubble របស់ខ្លួនជាមួយនឹងការហោះហើររាប់រយជើងក្នុងមួយសប្ដាហ៍។

អ្នកដំណើរទាំងអស់ដែលចាកចេញពីហុងកុង ត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ហើយអ្នកដំណើរមកពីទឹកដីទាំង២ អាចនឹងត្រូវធ្វើតេស្តមុនពេលចេញដំណើរ៣ថ្ងៃ និងធ្វើតេស្តម្តងទៀតនៅពេលមកដល់។

Travel Bubble នេះនឹងត្រូវផ្អាកយ៉ាងតិចរយៈពេល២សប្តាហ៍ ប្រសិនបើរកឃើញករណីវីរុសកូវីដ-១៩ ដែលចម្លងចូលសហគមន៍ នៅក្នុងទឹកដីទាំង២កើនលើសពី៥ករណី​។

អ្នកធ្វើដំណើរមកពីទឹកដីទាំង២ នឹងត្រូវតម្រូវឱ្យដោនឡូតកម្មវិធីតាមដានទំនាក់ទំនងទៅវិញទៅមក មុនពេលពួកគេចាកចេញ។

លោក Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងហុងកុង បានលើកឡើងថា “គោលដៅរបស់យើង នៅតែត្រូវរក្សាតុល្យភាព ឱ្យបានត្រឹមត្រូវរវាងសុខភាពសាធារណៈ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះសាធារណជននឹងមានអារម្ម​ណ៍សុវត្ថិភាព ពេលផ្តល់ព័ត៌មានជាក់លាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here