ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានអង្គការសុខភាពពិភពលោក លោកស្រីវេជ្ជបណ្ឌិត Li Ailan បានមានប្រសាសន៍ថា ភស្តុតាងជាសកលនាពេលបច្ចុប្បន្ននេះ ត្រូវមានធាតុផ្សំយ៉ាងហោចណាស់ចំនួន៣ ដែលអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ ប្រកបដោយប្រកបដោយប្រសិទ្ធិភាពបាន។
លោកស្រីបន្តងថា ធាតុផ្សំទាំង៣នោះមានដូចជា ទី១ ថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខ ក្នុងការសម្រេចចិត្តដាក់ចេញវិធានការ ទី២ សង្គមទាំងមូលត្រូវទេចូលរួម និងទី៣ ពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់ នូវការអនុវត្តវិធានការសុខភាពសាធារណៈទាំងអស់ដែលបានដាក់ចេញ។ បន្ទាប់ពីសមាសធាតុទាំង៣នេះបានរួមគ្នា នោះកំណើននៃការឆ្លងជំងឺមួយនេះនឹងអាចកាត់បន្ថយបាន។
លោកស្រី Li Ailan បានបន្ថែមថា ជំងឺកូវីដ១៩នេះ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជាវិបត្តិសេដ្ឋកិច្ចនិងសង្គមផងដែរ។ ចំណែកឯគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើគ្រប់គ្រងស្ថានការផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជា ផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកស្រីបន្តថា “គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញច្បាស់ដូចពេលបច្ចុប្បន្ននេះទេ ហេតុដូច្នេះវិស័យឯកជនគឺជាដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយក៏ជាគន្លឹះមួយនាំទោដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាន” ។
លោកស្រីក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមចំណែកក្នុងការអនុវវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវចូលរួមធ្វើសកម្មភាពថ្ងៃនេះ ដើម្បីចៀសវាងវិប្បដិសារីនៅថ្ងៃស្អែក៕