ដោយ សុខុម
ញូវយ៉ក: ក្រុមហ៊ុនយក្ស Apple មានគម្រោងបង្កើនការវិនិយោគរបស់ខ្លួន២០%នៅសហរដ្ឋអាមេរិកសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយលៃទុកដើមទុនរហូតដល់ទៅ៤៣០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍស៊ីលីកូន (Silicon) ជំនាន់ថ្មី និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនបំផុត 5G នៅរដ្ឋចំនួន៩របស់សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ល្បីរន្ទឺមួយនេះ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី២៦ មេសាថា ខ្លួននឹងបង្កើតការងារថ្មីចំនួន២០,០០០កន្លែង នៅទូទាំងសហរដ្ឋអាមេរិក ហើយនឹងសាងសង់អគារថ្មីមួយ នៅរដ្ឋខារ៉ូឡាយណាខាងជើង (North Carolina)។
លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បានលើកឡើងថា “នៅខណៈនៃការងើបឡើង និងការស្ដារឡើងវិញនេះ ក្រុមហ៊ុនApple កំពុងពង្រឹងការប្ដេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ថ្មី និងការផលិតនៅសហរដ្ឋអាមេរិក ជាមួយនឹងការវិនិយោគមួយដែលចូលដល់សហគមន៍ក្នុងរដ្ឋទាំង៥០” ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ការវិនិយោគរបស់ក្រុមហ៊ុន Apple បានលើសគោលដៅនៃផែនការវិនិយោគ៥ឆ្នាំ ក្នុងទំហំទឹកប្រាក់៣៥០ពាន់លានដុល្លារ ដែលខ្លួនបានកំណត់ក្នុងឆ្នាំ២០១៨ រួចទៅហើយ។
ជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន Apple គ្រោងនឹងវិនិយោគជាង១ពាន់លានដុល្លារ នៅរដ្ឋខារ៉ូឡាយណាខាងជើង ដើម្បីសាងសង់អគារមជ្ឈមណ្ឌលវិស្វកម្មថ្មីមួយនៅតំបន់ Research Triangle។ ការវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីយ៉ាងតិច៣.០០០កន្លែងផ្នែកវិភាគទិន្នន័យ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) វិស្វកម្មសូហ្វវែរ និងវិស័យបច្ចេកវិទ្យាជឿនលឿនផ្សេងទៀត៕