តើអ្វីទៅជាវ៉ាក់សាំងពហុភាគីនិយម និងវ៉ាក់សាំងជាតិនិយម អំឡុងពេលវិបត្តិកូវីដ១៩នេះ?

0

ដោយៈ សាវុធ

ភ្នំពេញៈ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ មានការសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ “វ៉ាក់សាំងពុហភាគីនិយម”។

ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ នេះបើយោងតាមលើកឡើងរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។
តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»?

លោកបណ្ឌិតឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ បានលើកឡើងថាៈ

«វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។

វ៉ាក់សាំងពហុភាគីនិយមនេះ គឺជារូបមន្តមួយដែលគេយល់ឃើញថា អាចមានប្រសិទ្ធិភាពជាងគេបំផុតនៅក្នុងចំណោមការផ្គត់ផ្គង់ និងយន្តការនៃការបែងចែកវ៉ាក់សាំងផ្សេងៗទៀត។ ឧទាហរណ៍ដូចជា ការបែងចែកការផ្គត់ផ្គង់ និងការផលិតវ៉ាក់សាំងដោយប្រទេសតែមួយ ឬក៏ដោយ Block ណាមួយនៅក្នុងតំបន់ផ្សេងៗនៅក្នុងពិភពលោក។

វ៉ាក់សាំងពហុភាគីនិយមនេះ គឺក្នុងន័យធំបំផុត ធ្វើឡើងដើម្បីប្រមូលផ្តុំនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យា ក្នុងការចងក្រងគ្នាជាយន្តការមួយដែលផលិត និងផ្គត់ផ្គង់នូវវ៉ាក់សាំងដែលមានគុណភាព ដែលមានហានិភ័យទាបបំផុត និងដែលអាចបំពេញនូវតម្រូវការរបស់សង្គមជាតិ ពោលគឺបណ្តាប្រទេសទាំងអស់ ទាំងមាន ទាំងក្រ ទាំងតូច ទាំងធំ គឺនឹងទទួលបាននូវវ៉ាក់សាំងដូចៗគ្នាទៅតាមពេលវេលាជាក់ស្តែង និងតម្រូវការចាំបាច់ណាមួយបាទ។

តើអ្វីទៅជា «វ៉ាក់សាំងជាតិនិយម»?

លោកបណ្ឌិតឆេង គីមឡុងបានឱ្យដឹងទៀតថាៈ

«វ៉ាក់សាំងជាតិនិយម» កើតឡើងដោយសកម្មភាពរបស់ប្រទេសមួយ ឬមួយចំនួនតូចដែលផ្តល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនឯកជនណាមួយ នៅក្នុងការផលិត និងផ្គត់ផ្គង់ឲ្យតែប្រជាជនរបស់ខ្លួន។ ទង្វើបែបនេះភាគច្រើន ផ្ទុយទៅនឹងគោលការណ៍ពហុភាគីនិយម ឬកិច្ចសហប្រតិបត្តិការ និងសាមគ្តីភាពអន្តរជាតិ ដែលរារាំង និងរំខានទៅដល់លទ្ធភាពរបស់ប្រទេសតូចទន់ខ្សោយ នៅក្នុងការទទួលបាននូវវ៉ាក់សាំង ដើម្បីផ្តល់ និងផ្គត់ផ្គង់ឲ្យប្រជាជនរបស់ខ្លួន។

យើងឃើញថា មានបណ្តាប្រទេសធំៗមួយចំនួននៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក អង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀត នៅប៉ែកអឺរ៉ុប ដែលយើងឃើញថា ប្រទេសទាំងអស់នោះបានស្តុកទុកនូវវ៉ាក់សាំងច្រើន ហើយប្រទេសមួយចំនួននោះ បានបញ្ជាទិញនូវទំនិញនៅក្នុងចំនួនច្រើន តាំងពីជាងកន្លះឆ្នាំមុនម្លេះ មុននឹងអង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក បានទទួលស្គាល់នូវវ៉ាក់សាំងទាំងអស់នោះ ថាជាវ៉ាក់សាំងមានគុណភាព អាចនឹងផ្គត់ផ្គង់ និងផ្តល់ឲ្យប្រជាជន ដើម្បីការពារទប់ស្កាត់នូវការឆ្លងរីករាលដាលនេះ។

ទង្វើរបស់ប្រទេសមួយចំនួននេះ ផ្ទុយទៅនឹងក្របខណ្ឌគោលការណ៍នៃប្រព័ន្ធពហុភាគីនិយម ឬក៏សណ្តាប់ធ្នាប់អន្តរជាតិមួយចំនួនដូចជា ការរារាំង ឬក៏ការរឹតត្បិតការនាំចេញនូវវ៉ាក់សាំង មានន័យថា ប្រទេសមួយចំនួនបានរារាំងការនាំចេញនូវវ៉ាក់សាំងដែលប្រទេសខ្លួនបានផលិតនោះ ទៅឲ្យបណ្តាប្រទេសមួយទៀត ដែលនេះក៏ជារូបភាពមួយដែលយើងហៅថា «វ៉ាក់សាំងជាតិនិយម» បានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here