ដោយៈលក្ខិណា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ីADB)បានព្យាករណ៍ ដោយបន្តសុទិដ្ឋិនិយមលើ សេដ្ឋកិច្ចកម្ពុជាថា នឹងនៅតែមានកំណើនជាវិជ្ជមាន ដោយកើន៤ភាគរយក្នុងឆ្នាំ២០២១នេះ និងកើនឡើង៥,៥ភាគរយនៅឆ្នាំ២០២២ខាងមុខ។
លោកស្រីSunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី២៨មេសានេះថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ៣,១ភាគរយកាលពីឆ្នាំ២០២០ ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹងថាសេដ្ឋកិច្ចនឹងវិលត្រលប់ មករកកំណើនវិញក្នុងឆ្នាំ២០២១នេះ ។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិតដល់ ។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ឆ្នាំ២០២១ ផលិតកម្មឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងកើនឡើង៧,១ភាគរយ និង៧ភាគរយក្នុងឆ្នាំ២០២២ ដោយសារតែការងើបឡើងវិញ នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ ក៏ដូចជា កំណើននៃឧស្សាហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិកនិងកង់។
វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង១,៣ភាគរយ ក្នុងឆ្នាំ២០២១ និង១,២ភាគរយក្នុងឆ្នាំ២០២២ ដោយមានការកើនឡើង នៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណប្រជាមានិតចិន។
របាយការណ៍ដដែលបានបង្ហាញថា វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ៣,៣ភាគរយ ក្នុងឆ្នាំ២០២១ ទៅ៦,២ភាគរយក្នុងឆ្នាំ២០២២ ។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុកដែលបានចាប់ផ្ដើមក្នុងខែកុម្ភៈ ២០២១ កំពុងធ្វើឱ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹតបន្តឹងការធ្វើដំណើរ ត្រូវបានរំពឹងថា នឹងបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ។ វិស័យអចលនទរ្ព្យត្រូវបានព្យាករថានឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់៕