ការលក់ពាណិជ្ជកម្មរបស់Google ក្នុងត្រីមាសទី១កើនឡើង៣២ភាគរយធ្វើឱ្យប្រាក់ចំណេញ

0

ដោយៈសុខុម

កាលីហ្វ័រញ៉ា:  ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Google បានប្រកាសកាលពីថ្ងៃអង្គារទី២៧ មេសា ខ្លួនទទួលបានប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់ជាងការរំពឹងទុកគួរឱ្យសាទរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៨ មេសានេះ។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនAlphabet ក៏បានប្រកាសទិញយកវិញនូវភាគហ៊ុនដែលមានតម្លៃ រហូតដល់ទៅ៥០ពាន់លានដុល្លារផងដែរ នៅពេលការងើបឡើងនៃសេដ្ឋកិច្ច និងការកើនឡើងនូវការប្រើប្រាស់ សេវាកម្មអនឡាញរួមបញ្ចូលគ្នាបានជំរុញសន្ទុះអាជីវកម្មផ្សាយពាណិជ្ជកម្ម និងCloud របស់ខ្លួនកើនឡើងខ្លាំង។

លោកស្រី Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនមេ Alphabet បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា លទ្ធផលនេះ “ឆ្លុះបញ្ចាំងពីការកើនឡើងសកម្មភាពរបស់អ្នកប្រើប្រាស់តាមអនឡាញ និងកំណើនប្រាក់ចំណូលផ្នែកផ្សាយពាណិជ្ជកម្ម”។

ការលក់ Ad ពាណិជ្ជកម្មរបស់ក្រុមហ៊ុនGoogle បានកើនឡើង៣២%នៅក្នុងត្រីមាសទី១ លើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ បើធៀបទៅនឹងឆ្នាំមុន។ ការលក់សេវាកម្ម Cloud បានកើនឡើង៤៥,៧%ស្របតាមការរំពឹងទុក។

ប្រហែល១៧%នៃពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលជាប្រភពប្រាក់ចំណូលធំបំផុតរបស់ក្រុមហ៊ុន Alphabet ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញនៅត្រឹមដំណាច់ត្រីមាសតី១។

ការលក់សរុបរបស់ក្រុមហ៊ុនAlphabet បានកើនឡើង៣៤%ដល់៥៥,៣ពាន់លានដុល្លារ ខ្ពស់ជាងការរំពឹងទុកត្រឹម៥១,៧ពាន់លានដុល្លារ របស់ក្រុមអ្នកវិភាគ ឬកើនឡើង២៦%ធៀបនឹងត្រីមាសទី១ ឆ្នាំមុន ដែលពេលនោះការលក់ Ad បានធ្លាក់ចុះខ្លាំងនៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ។

ប្រាក់ចំណេញប្រចាំត្រីមាសរបស់ក្រុមហ៊ុន Alphabet បានកើនឡើង១៦២%ដល់១៧,៩ពាន់លានដុល្លារ ឬស្មើនឹង២៦,២៩ដុល្លារក្នុងមួយហ៊ុន ដែលលើសពីការរំពឹងទុកត្រឹម១៥,៨៨ដុល្លារក្នុងមួយភាគហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here