ដោយៈ ប៊ី
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញនៅក្នុងឆ្នាំនេះ ពីការធ្លាក់ចុះកាលពីឆ្នាំមុន បើទោះបីព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍មិនទាន់ផុតរលត់។
ADB បានឱ្យដឹងថា “វិស័យអចលនទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់”។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Sunniya Durrani-Jamal បានថ្លែងថា រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញ ក្នុងឆ្នាំ២០២១។
លោកស្រីបានឱ្យដឹងទៀតថា “កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែមឱ្យបានដិតដល់”។
វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវមើលឃើញថា មានការងើបឡើងវិញនៅដើមឆ្នាំ២០២១នេះ ប៉ុន្តែបន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈនេះ បានធ្វើវិនិយោគិនជាតិ និងអន្តរជាតិស្ទាក់ស្ទើក្នុងការមកវិនិយោគនៅកម្ពុជា។
លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងកាលពី ថ្មីៗនេះថា ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈនេះ បានធ្វើឱ្យអ្នកទិញនិងអ្នកជួលមួយចំនួន ប្រកាន់យកនូវយុទ្ធសាស្ត្រ “រង់ចាំនិងមើល” (wait and see) ដែលបានកាត់បន្ថយសកម្មភាពបន្ថែមទៀតនៅលើទីផ្សារ ព្រោះវាទំនងជានឹងនាំឱ្យមានសម្ពាធបន្ថែម លើតម្លៃអចលនទ្រព្យ និងការជួល។
លោកបានថ្លែងថា “ការផ្ទុះឡើងនៃការឆ្លងចូលក្នុងសហគមន៍កាន់តែយូរ ការរំខាននិងផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ នឹងមានរយៈពេលកាន់តែយូរខែទៅមុខទៀត”។ លោកឱ្យដឹងទៀតថា “ទីផ្សារអចលនទ្រព្យនៅក្រៅប្រទេស បានចាប់ផ្តើមងើបឡើងវិញ នៅដើមឆ្នាំ២០២១នេះ ហើយប្រទេសកម្ពុជា មានសញ្ញាងើបឡើងវិញដូចគ្នាដែរ ប៉ុន្តែព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យទីផ្សារបាត់បង់នូវទំនុកចិត្តមួយចំនួន និងប៉ះពាល់ដល់ដំណាក់កាលងើបឡើងវិញ”។
លោកបានបន្តថា ការអូសបន្លាយនៃបញ្ហានេះ បានបណ្តាលឱ្យមានការព្រួយបារម្ភមួយចំនួន ដែលខុសពីការព្យាករណ៍លើកដំបូង។ ជាមួយគ្នានេះដែរ វាទាមទារឱ្យមានទំនុកចិត្តនៅក្នុងទីផ្សារ ដើម្បីជំរុញសកម្មភាពគ្រប់កម្រិតនៅក្នុងវិស័យអចលនទ្រព្យ។
ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានថ្លែងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យនានា គឺមិនអាចធ្វើអ្វីបាននោះទេ ក្រៅតែពីការស្នាក់នៅក្នុងផ្ទះ និងចូលរួមជាមួយនឹងរាជរដ្ឋភិបាល ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឹកូវីដ១៩ ដែលកំពុងរីករាលនៅក្នុងប្រទេស។
លោកបានថ្លែងថា “តាមការរំពឹងទុករបស់ខ្ញុំ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបញ្ចប់ ដោយយើងរួមគ្នាទប់ស្កាត់បាន នោះទីផ្សារអចលនទ្រព្យ វានឹងវិលត្រឡប់មកវិញ ហើយចលនានៃការអភិវឌ្ឍន៍ ចលនាការសាងសង់ ចលនានៃការទិញលក់ក៏នឹងត្រឡប់មកវិញ ប៉ុន្តែនេះគ្រាន់តែការព្យាករទុកតែប៉ុណ្ណោះ ចំពោះស្ថានភាពជាក់ស្តែងគឺមិនទាន់ដឹងនោះទេ”៕