រដ្ឋាភិបាលកំពុងពន្លឿនការរៀបចំប្លង់គោលអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ

0

          ដោយៈគង់ សូរិយា

          ព្រះសីហនុៈ មន្រ្តីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ។

គោលដៅនៃការរៀបចំប្លង់គោលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យសក្ដានុពលខេត្តនេះកាន់តែមានសន្ទុះជាងមុន។

តាមរយៈកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី២៧ ខែមេសា កន្លងមកនេះបានបញ្ជាក់ថា ការរៀបចំផែនការនេះ បានផ្ដោតសំខាន់លើប្លង់គោលប្រើប្រាស់ដីពីរចំណុចធំៗ គឺទីតាំងក្រុងព្រះសីហនុ (ចក្ខុវិស័យដល់ឆ្នាំ ២០៣៨) និងទីតាំងតំបន់បឹងធំកង្កែប។

រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោកបណ្ឌិត ប៉ែន សុផលបានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំប្លង់មេប្រើប្រាស់ដីនេះ ធ្វើឡើងមួយរយៈហើយ ដោយដំណើរការនៅតែបន្តទៅយ៉ាងរលូន។ បច្ចុប្បន្ន ក្រុមការងារនឹងបន្តជំរុញធ្វើយ៉ាងណាឱ្យបញ្ចប់បានលឿនបំផុត។

ខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានសក្ដានុពលមួយ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងដូចជាគម្រោងផ្លូវ៣៤ខ្សែ ដែលទើបតែបញ្ចប់ផ្លូវ១១ខ្សែ ដែលកំពុងតែសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គម្រោងពង្រីកកំពង់ផែ និងព្រលានយន្តហោះ ក៏ដូចជាគម្រោងអភិវឌ្ឍអចលនទ្រព្យឯកជននានា។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម ដែលបានដឹកនាំរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋទូទាំង ខេត្តកណ្តាលបានទទួលជោគជ័យមុនគេបានមានប្រសាសន៍ថា ការរៀបចំប្លង់គោលអភិវឌ្ឈន៍ ដែលបានរៀបចំលំអិតលើ់ផែនការប្រើប្រាស់ដីធ្លីមានសារៈសំខាន់ណាស់ ដើម្បីយើងអាចបែងចែក​បានច្បាស់លាស់ពីហេដ្ឋារចនាសម្ព័ន្ឋ ពីផែនការអភិវឌ្ឍន៍តំបន់ណាមួយឲ្យបានច្បាស់លាស់។

លោកបន្តថា “បើសិនជាយើងមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ឋបានត្រឹមត្រូវទេ រដ្ឋាភិបាលនឹងនឹងខាតពេលវេលា និងថវិកា លើការដដោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើងជាបន្តបន្ទាប់”។លោកបន្តថា “នៅពេលយើងបានរៀបចំប្លង់គោលប្រើប្រាស់ដីលំអិត ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរួច រដ្ឋាភិបាលនឹងមិនឈឺក្បាលនឹងបញ្ហា ដែលកើតឡើងនោះទេ ព្រោះយើងមានផែនទីចង្អូលឬផែនកា​រមេបានច្បាស់លាស់រួចហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here