ដោយៈគង់ សូរិយា
អង់គ្លេសៈ អ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងសិក្សាបន្ថែម លើកម្រិតប្រសិទ្ឋភាពរបស់ឳសថម្យ៉ាង ដែលផលិតដោយប្រទេសជប៉ុន ហើយអាចសម្លាប់មេរោគកូវីដ១៩បានយ៉ាងលឿន។
ប្រសិនជាមានប្រសិទ្ឋភាពមែននោះ ឳសថនេះត្រូវបានគេបង្ហើបថា ជាក្តីសង្ឃឹមរបស់ពិភពលោកក្នុងការបញ្ចប់វិបត្តិជំងឺកូវីដ-១៩។
អ្នកវិទ្យាសាស្ត្រអះអាងថា ថ្នាំផ្តាសាយ Favipiravir មានសក្តានុពលក្នុងការសម្លាប់មេរោគ SARS-CoV-2 ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការសាកល្បងដំណាក់កាលដំបូងនៅអង់គ្លេស ចំពោះថ្នាំប្រឆាំងវីរុសមួយនេះ ត្រូវបានគេជឿជាក់ថា បានទទួលជោគជ័យ ខណៈលទ្ធផលនឹងបញ្ចេញក្នុងរយៈពេល៦ខែទៀត។
យោងតាមកាសែត The Mirror បានរាយការណ៍ថា ថ្នាំFavipiravir ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសជប៉ុន កាលពីកំឡុងឆ្នាំ២០១៤ កំពុងត្រូវបានគេសិក្សាយ៉ាងយកចិត្តទុកដាក់ថា តើវាបញ្ឈប់អ្នកជំងឺកូវីដពីការធ្លាក់ខ្លួនឈឺធ្ងន់ដែរឬទេ។
លោកសាស្រ្តាចារ្យ Kevin Blyth ប្រធានសិក្សានៃការសាកល្បងមកពីសកលវិទ្យាល័យ Glasgow បាននិយាយថា “វានឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅមុខ ប្រសិនបើថ្នាំប្រឆាំងវីរុសនេះ មានប្រសិទ្ធភាព។ លោកបន្តថា “អ្នកនឹងមិនមានសេវាមន្ទីរពេទ្យណាត្រូវរងសម្ពាធខ្លាំងទៀតនោះទេ ព្រោះតែអ្នកជំងឺលែងមកមន្ទីរពេទ្យទៀតហើយ ក្រោយលេបថ្នាំនេះ”។
ប្រសិនបើការសាកល្បងបង្ហាញពីភាពជោគជ័យ ថ្នាំរាប់លានដូស នឹងត្រូវប្រគល់ទៅឲ្យសេវាសុខភាពជាតិអង់គ្លេស (NHS)។
ប្រសិនបើការសាកល្បងGETAFIX ដំណាក់កាលទី២ និងទី៣បង្ហាញថាថ្នាំ Favipiravir មានប្រសិទ្ឋភាពពិតប្រាកដមែនោះ វាអាចជាថ្នាំព្យាបាលប្រឆាំងវីរុសកូវីដ-១៩ អាការស្រាលដំបូងគេបំផុត។
អ្នកក្រុង Glasgow អាចស្ម័គ្រចិត្តសម្រាប់ការសាកល្បងនេះ ភ្លាមៗនៅពេលពួកគេបញ្ចេញរោគសញ្ញា។ ការសាកល្បងដាច់ដោយឡែកមួយទៀត ក៏កំពុងធ្វើឡើងដោយប្រើថ្នាំដូចគ្នានេះដែ នៅក្នុងទីក្រុងឡុងដ៍៕
ប្រភព៖ Daily Star