កម្ពុជាបាននិងកំពុងជំរុញការបង្កើនភាពធន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនភាពធន់ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិមួយនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (ESCAP) បានធ្វើសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UNESCAP ស្តីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនភាពធន់បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងឆន្ទៈរបស់កម្ពុជា ក្នុងការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិក នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង ៥ចំណុច រួមមាន៖

ទី១) កម្ពុជាដែលជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ បានខិតខំធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពមិនរើសអើងគ្នា និងការស្តីបន្ទោសឱ្យគ្នាទៅវិញទៅមក ដែលអាចនាំមកនូវភាពបែកបាក់នៃការរួបរួម។

ជាក់ស្តែង ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាកម្សាន្ត Westerdam ចុះចត និងស្វាគមន៍អ្នកដំណើរចំនួន ២ ២០០នាក់ ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយបច្ចុប្បន្នកម្ពុជា មិនត្រឹមតែផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាជនខ្លួនប៉ុណ្ណោះទេ តែបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនបរទេសផងដែរ។

ទី២) កម្ពុជា មើលឃើញថា ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ដោយប្រុងប្រយ័ត្ន នៅក្នុងក្របខ័ណ្ឌនៃពហុភាគី ដោយគោរពតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗ ដោយមិនត្រូវគិតពីភាពមាន ឬក្រ។

សារៈសំខាន់ និងភាពបន្ទាន់ នៃការផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលជាទំនិញសាធារណៈសកល ត្រូវប្រព្រឹត្តទៅក្នុងស្មារតីមនុស្សធម៌សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។

ទី៣) កម្ពុជាជឿជាក់ថា បណ្តាប្រទេសនានា គួរចៀសវាងគោលនយោបាយគាំពារនិយម ហើយជួយគាំទ្រប្រទេសដែលងាយរងគ្រោះ ជាពិសេសគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បីធានាថាប្រទេសទាំងនោះមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។

ទី៤) កម្ពុជាជំរុញដល់អ្នកតាក់តែងគោលនយោបាយ គួរអនុវត្តការប្តេជ្ញាចិត្តក្នុងការបញ្ចៀសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយមើលឃើញនូវការធ្លាក់ចុះ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។

ទី៥) កម្ពុជាជំរុញសហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពភ្លាមៗ ដើម្បីចៀវវាងការកើតឡើងជាថ្មី នៃគ្រោះមហន្តរាយនេះ ដោយការបង្កើតនូវឃ្លាំងរក្សាសម្ភារៈចាំបាច់ និងឧបករណ៍ការពារ ការផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវ និងគាំទ្រប្រព័ន្ធសុខភាពសាធារណៈ និងការដាក់ចេញនូវគំរូប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អ្នកដែលត្រូវការបំផុត។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោចីរភាព។

កិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP មានការថ្លែងសុន្ទរកថាបើកដោយ លោកស្រី អារមីដា សាល់ស៉ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ព្រមទាំងមានការចូលរួមថ្លែងការណ៍ពីតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេស ដែលមានការអភិវឌ្ឍតិចតួច ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here