ដោយៈសុខុម
ក្រុងតៃប៉ិ: ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស United Microelectronics Corp (UMC) របស់តៃវ៉ាន់ បានប្រកាសកាលពីថ្ងៃពុធ ទី២៨ មេសាថា ខ្លួនគ្រោងបោះទុនវិនិយោគដល់ទៅ៣.៥៩ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាព ផលិតនៅរោងចក្រមួយលើកោះតៃវ៉ាន់ ស្របពេលចំពេលពិភពលោកកំពុងខ្វះខាតបន្ទះឈីប។
លោក Jason Wang សហប្រធានក្រុមហ៊ុននេះបានបញ្ជាក់ថា ការបង្កើនសមត្ថភាពផលិតនេះ នឹងធ្វើឡើងនៅរោងចក្រ UMC ចាស់មួយកន្លែងនៅឧទ្យាន Tainan Science Park ដោយផលិតកម្ម គ្រោងនឹងចាប់ផ្ដើមចាប់ពីត្រីមាសទី២ ដើមឆ្នាំ២០២។
លោកបានបញ្ជាក់បន្ថែមថា ការវិនិយោគសរុបនៅឧទ្យានខាងលើនេះ នឹងឈានដល់៥,៣៨ពាន់លានដុល្លារអាមេរិក នៅរយៈពេល៣ឆ្នាំក្រោយ។
លោកបានថ្លែងថា “ស្របពេលមានកង្វះខាតបន្ទះឈីប យើងកំពុងធ្វើការជាមួយអតិថិជន អ្នកផ្គត់ផ្គង់ និងដៃគូរបស់យើង ដើម្បីបង្កើនសមត្ថភាពផលិត នៅក្នុងសង្វាក់ផ្គត់ផ្គង់ទាំងមូល” ។
ពីដំបូង កង្វះបន្ទះឈីបទូទាំងពិភពលោក បានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តនានាកាត់បន្ថយការផលិត ប៉ុន្តែឥឡូវនេះក៏កំពុងធ្វើឱ្យប៉ះពាល់ ដល់ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រយួរដៃ និងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះផងដែរ ហើយបណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប កំពុងប្រឹងប្រែងបង្កើនសមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញឱ្យទាន់តម្រូវការ។
គូប្រជែងធំរបស់ក្រុមហ៊ុន UMC គឺក្រុមហ៊ុនផលិតបន្ទះឈីបយក្សតៃវ៉ាន់ Taiwan Semiconductor Manufacturing Co (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក ក៏បានប្រកាសនៅខែនេះដែរថា ខ្លួនគ្រោងបោះទុនវិនិយោគ១០០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាពនៅតាមរោងចក្ររបស់ខ្លួន។
ការប្រកាសនោះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក Intel Corp បានប្រកាសផែនការបោះទុនវិនិយោគ២០ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតបន្ទះឈីបរបស់ខ្លួន៕